លោក នី សុខា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហការ រវាងអង្គការសមាគមអាដហុក និងរដ្ឋបាលខេត្តកំពង់ធំ

នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម នួន ផារត្ន័  អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងសហការី បានអនុញ្ញាតឱ្យប្រតិភូអង្គការសមាគមអាដហុក ដឹកនាំដោយ លោក នី សុខា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹងកិច្ចសហការ រវាងអង្គការសមាគមអាដហុក និងរដ្ឋបាលខេត្ត ព្រមទាំងពិភាក្សាជុំវិញករណីដីធ្លីនៅតំបន់អូរជ័រចុង ទួលតាម៉េត និងភ្នំតាមោក ក្នុងភូមិត្បែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

នៅក្នុងជំនួបនោះដែរលោក នី សុខា ប្រធានអង្គការសមាគមអាដហុក ក៏បានជម្រាបជូនអំពី បេសកកម្ម ចក្ខុវិស័យ និងតួនាទីរបស់សមាគមអាដហុកជូនឯកឧត្តមអភិបាលនៃគណៈអភិបាលឱ្យបានដឹងពីប្រវត្តិ និងសាវតារបស់អង្គការសមាគមអាដហុក។ ឆ្លៀតក្នុងឱកាសនោះដែរលោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី ក៏បានលើកឡើងពីស្ថានភាពដីធ្លីខាងលើ ដែលអង្គការសមាគមអាដហុក បាននឹងកំពុងសិក្សាឈ្វេងយល់អំពីលទ្ធភាពក្នុងការចូលរួមស្វែងរកដំណោះស្រាយជាមួយនឹងអជា្ញធរពាក់ព័ន្ធ ក៏ដូចជាស្នើឱ្យអាជ្ញាធរខេត្តជួយពន្លឿននីតិវិធីក្នុងការដោះស្រាយ។ ជាការកត់សម្គាល់ ឯកឧត្តមអភិបាល ក៏បានបង្ហាញនូវការរីករាយ ការសហការ និងបានទទួកយកសំណើររបស់ អាដហុក  ចំពោះការពន្លឿនករណីដីធ្លី ដែលសមាគមបានលើកឡើង។ លើសពីនោះទៅទៀតឯកឧត្តម ក៏បានបញ្ជាក់ថា កន្លងមក តំបន់នោះមិនទាន់មានការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឡើយទេ។ ដោយឡែក អាជ្ញាធរពាក់ព័ន្ធគ្រាន់តែបានចុះទៅស្រង់ទិន្ន័យដើម្បីរាយការណ៍ និងសុំគោលការណ៍ទៅរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

ជាចុងក្រោយ ឯកឧត្តមអភិបាល នៃគណៈអភិបាល ក៏បានថ្លែងអំណរគុណចំពោះអាដហុក ដែលកន្លងមកតែងតែមានការសហការ ក៏ដូចជាការបំពេញការងារក្នុងនាមជាអង្គការវិជ្ជាជីវៈ លើកកម្ពស់វិស័យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។