ក្រុមអង្គការសិទ្ធិមនុស្ស និងសកម្មជនសង្គមស៊ីវិល អ្នកសារព័ត៌ សមាជិកក្រុមគ្រួសារសកម្មជនបរិស្ថាន យុវជន សហគមន៍ និងសកម្មជនបរិស្ថានប្រមាណជាង ៥០នាក់ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៥នេះបានជួបជុំដើម្បី រំលឹកខួបមួយឆ្នាំនៃការឃុំខ្លួនសកម្មជនបរិស្ថាន ក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥រូប រួមមាន៖ លោក យីម លាងហ៊ី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី
ស្ថិតនៅការិយាល័យអង្គការសង់ត្រាល់ រាជធានីភ្នំពេញ។
គោលបំណង៖
– គោរពចំពោះវីរៈភាព និងភាពក្លាហានរបស់សកម្មជន និងក្រុមដែលត្រូវប្រឈមនឹងការគំរាមកំហែង ឬការប្រមាថដោយសារតែសកម្មភាពការពារបរិស្ថាន។
– បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការការពារបរិស្ថាន និងការប្រឈមមុខនឹងអំពើអយុត្តិធម៌ ដែលសកម្មជនការពារបរិស្ថានជួបប្រទះ។
– បង្កើតលំហសន្តិភាពសម្រាប់សមាជិកសហគមន៍ក្នុងការបង្ហាញការរួមគ្នាជាមួយអ្នកគាំទ្របរិស្ថាន។
– ជម្រុញសកម្មភាពរួមដោយលើកទឹកចិត្តឱ្យអ្នកចូលរួមបានឆ្លុះបញ្ចាំង និងបង្កើនទំនាក់ទំនង
– ជំរុញយុត្តិធម៌ ដោយទាមទារឱ្យមានការដោះលែងដោយគ្មានលក្ខខណ្ឌចំពោះសកម្មជនបរិស្ថានទាំង៥រូប ដែលត្រូវបានឃុំខ្លួនដោយសារតែការខិតខំប្រឹងប្រែងក្នុងការការពារបរិស្ថាន។
កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១០កន្លះព្រឹក ក្រុមសកម្មជនចលនាមាតាធម្មជាតិ ៥រូប ខាងលើ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនភ្លាមៗ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសផ្តន្ទាទោស ក្រោមបទចោទ ” ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់”៕

