លោក អ៊ុក ម៉ៅ ត្រូវបានចាប់ខ្លួន ដោយជនមិនស្គាល់អត្តសញ្ញាណច្បាស់លាស់៣នាក់ ដែលក្នុងនោះ មានម្នាក់ស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធហត្ថ។
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២ថ្ងៃត្រង់ មានជនមិនស្គាល់អត្តសញ្ញាណ៣នាក់ ជិះរថយន្តម៉ាក្សលុចស៊ីស (Lexus) ពណ៌សមួយគ្រឿង មិនចាំស្លាកលេខ បានមកឈប់នៅមុខផ្ទះលោក អ៊ុក ម៉ៅ ស្ថិតនៅភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរីវ់ាត់ ខេត្តស្ទឹងត្រែង ដែលម្នាក់ជាអ្នកបើកបរអង្គុយលើរថយន្តបញ្ឆេះស្រាប់ចាំ ហើយ២នាក់ទៀត (ម្នាក់ស្លៀកពាក់ឯកសណ្ឋានជាកងរាជអាវុធហត្ថ និងម្នាក់ទៀតស្លៀកពាក់ស៊ីវិល) បានចុះពីលើរថយន្ត ដើរសំដៅចូលផ្ទះ លោកអ៊ុក ម៉ៅ ខណៈពេលលោកកំពុងសម្រាកថ្ងៃនៅលើគ្រែ ដោយអ្នកទាំងពីរនិយាយឲ្យលោក អ៊ុក ម៉ៅ ជួយជូនទៅមើលដី។ បន្ទាប់ពីលោក អ៊ុក ម៉ៅ ក្រោកចេញពីគ្រែ ស្រាប់តែបុរសទាំងពីរបានចាប់គ្រាកដៃទាំងពីររបស់លោកទៅក្រោយ រួចដាក់ខ្នោះដៃ ដោយមិនបានប្រាប់ពីមូលហេតុ ឬបង្ហាញដីការអ្វីឡើយ រួចរុញបញ្ចូលក្នុងរថយន្ត ហើយបើកចេញទៅបាត់។ ប្រាំពីរម៉ោងក្រោយមក នៅវេលាម៉ោង៧យប់ថ្ងៃដដែល លោកអ៊ុក ម៉ៅ ត្រូវបានបញ្ចូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ឋនាគារខេត្តស្ទឹងត្រែង ដោយចោទប្រកាន់សំណុំរឿងព្រហ្មទណ្ឌលេខ០៨៣ ចុះថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៥ពីបទ “ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅអំឡុងខែឧសភា ឆ្នាំ២០២៤ និង អំឡុងខែកុម្ភៈ ឆ្នាំ ២០២៥” តាមរយៈដីកាបញ្ជាឲ្យចូលខ្លួនលេខ០១០ អ.យ ចុះថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២៥ របស់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ហើយករណីនេះមេធាវីរបស់សមាគមអាដហុកយល់ព្រមទទួលយករឿងក្តីនេះមកការពារតាមសំណើររបស់ប្រពន្ធលោក អ៊ុក ម៉ៅ។ ការចាប់ខ្លួននេះទំនងសង្ស័យថា មកពីលោកបានធ្វើការផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុក្រៅស្រុកបកប្រែជាភាសាខ្មែរល្បីមួយ កាលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ដែលនៅក្នុងបទសម្ភាសន៍នោះ លោក អ៊ុក ម៉ៅ បានលើកឡើងអំពីតុលាការខេត្តស្ទឹងត្រែងថា គ្មានយុត្តិធម៍ គ្មានតម្លាភាព ចំពោះរូបលោក បន្ថែមពីនោះលោកបាននិយាយពីមន្រ្តីបរិស្ថានបានឲ្យរូបលោកធ្វើការសូមទោសជាសាធារណ: តែត្រូវបានរូបលោកបដិសេធ ។
គួររំលឹកផងដែរថា លោក អ៊ុក ម៉ៅ អាយុ៤៩ឆ្នាំ មានស្រុកកំណើតនៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នក្រៅពីការងារជាកសិករ លោក អ៊ុក ម៉ៅ ក៍មានមុខងារជាអ្នកសារព័ត៍មាន “ឥន្ទ្រីផ្លាសញ៊ូ” និងជាប្រធានគណ:កម្មាធិការសាខាគណបក្ស”ដើម្បីកម្ពុជា” ប្រចាំខេត្តស្ទឹងត្រែង ។ ក្នុងនាមជាអ្នកស្រលាញ់ព្រៃឈើ ស្រលាញ់បរិស្ថាន លោក អ៊ុក ម៉ៅ តែងតែចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីចុះល្បាតតាមតំបន់ព្រៃសហគមន៍ ចុះថតសកម្មភាពរបស់ឈ្មួញកាប់បំផ្លាញព្រៃឈឺ និងចុះថតសកម្មភាពដឹកជញ្ជូនឈើធំៗចេញពីឃ្លាំងរបស់ក្រុមហ៊ុន ដែលលោកអះអាងថា មានអ្នកមានអំណាចនៅពីក្រោយ ។ បន្ទាប់ពីបញ្ចប់សកម្មភាពចុះល្បាតតាមតំបន់ព្រៃសហគមន៍គោលដៅរួច រូបលោកតែងតែចែកចាយព័ត៍មាន រូបភាពបទល្មើសព្រៃឈើ និងសកម្មភាពកាប់បំផ្លិចបំផ្លាញ់ព្រៃឈឺ ការជួញដូរព្រៃឈឺដោយខុសច្បាប់ និងផ្ដល់បទសម្ភាសន៍ ទៅកាន់ស្ថាប័នសារព័ត៍ក្នុងស្រុក ក្រៅស្រុកល្បីៗ ជាច្រើន រហូតរូបលោកត្រូវបានប្រជាសហគមន៍ផ្សេងៗដាក់ងារឲ្យថា ជាសកម្មជនការពារព្រៃឈើ និងបរិស្ថានដ៍ឆ្លើម ថែមទៀតផង ។ តំបន់ដែលរូបលោក និងសកម្មជនឯទៀតៗតែងតែដើរល្បាតនោះរួមមានតំបន់៖
- ខេត្តព្រះវិហារ៖ ព្រៃរការ ដែលមានទីតាំងនៅស្រុក ឆែប ស្រុក ត្បែង,ស្រុកជាំសាន្ត
- ខេត្តស្ទឹងត្រែង ស្រុកថាឡាបរិវ៉ាត់៖ ព្រៃសហគមន៍ឈើទាលព្រីង នៅភូមិរំដេងឃុំចំការលើ ព្រៃសហគមន៍ប្រជុំមិត្ត នៅភូមិសំអាង ឃុំសំអាង ព្រៃសហគមន៍តាម៉ៅ នៅភូមិកាំងចាម ឃុំកាំងចាម និង ព្រៃឡង់នៅភូមិស្ពង់ឃុំ អន្លង់ភេ។
ស្របពេលជាមួយគ្នានឹងភាពសកម្មទាំងខាងលើនេះ លោក អ៊ុក ម៉ៅ ក៍បានទទួលរងនូវបណ្តឹងចោទប្រកាន់ពីមន្ត្រីមួយចំនួននៅក្នុងខេត្តស្ទឹងត្រែងមិនតិចដែរ រួមមាន៖
- បណ្តឹងក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១៦៥ ចុះថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៥ ពីបទហិង្សាដោយចេតនា ប្រព្រឹត្តនៅចំនុចអូរឆ្កែកូន ភូមិដូង ឃុំកាំចាម ស្រុកថាឡាបរីវ៉ាត់ខេត្តស្ទឹងត្រែង ដែលត្រូវបានអយ្យកាអមសាលាដំបូងខេត្តស្ទឹងត្រែង កោះហៅឲ្យចូលបំភ្លឺ – នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥ ក្នុងនាមជាជនសង្ស័យ ។
- បណ្តឹងក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ២២៧ ចុះថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៤ ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកធ្វើជាកម្មសិទ្ឋិ និង បទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ប្រព្រឹត្តនៅឃុំសំអាង ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ដែលត្រូវបានអយ្យកាអមសាលាដំបូងខេត្តស្ទឹងត្រែង កោះហៅឲ្យចូលរួមសវនាការនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ ឋានៈជាជនជាប់ចោទ ។
- ក្រៅពីបណ្តឹងទាំងពីខាងលើ លោកអ៊ុក ម៉ៅ ត្រូវបានរងបណ្ដឹងចំនួន១៥ ករណីផ្សេងទៀតនៅតុលាការខេត្តស្ទឹងត្រែង ដែលបណ្ដឹងភាគច្រើន ចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទកាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកជាកម្មសិទ្ឋិ ដែលភាគច្រើនដើមបណ្ដឹងជាមន្រ្តី បរិស្ថាន មន្ទីបរិស្ថានខេត្តស្ទឹងត្រែង និងស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ។
មិនត្រឹមតែការទទួលរងនូវពាក្យបណ្តឹងប៉ុណ្ណេះទេ ជារឿនៗលោកក៍តែងតែទទួលរងនូវការសំឡុត គំរាមកំហែងពីសំណាក់អ្នកមានអំណាច និងក្រុមឈ្មួយមួយចំនួនទៀតផងដែរ ។ រហូតដល់ផ្ទះរបស់លោកត្រូវបានជនមិនស្គាល់មុខចូលមកលួចដុត បណ្ដាលឲ្យផ្ទះ ម៉ូតូម៉ាកហុងដាឌ្រីម និងរបស់របរក្នុងផ្ទះត្រូវបានភ្លើងឆាបឆេះគ្មានសល់ នៅយប់រំលងអធ្រាតថ្ងៃទី ២៤ ខែ មិនា ឆ្នាំ ២០២៣ ថែមទៀតផង ។