សាលាដំបូងរាជធានីភ្នំពេញសម្រេចមិនដោះលែង សកម្មជន២៣ តុលា និងអ្នកពាក់ព័ន្ធដ៏ទៃ តាមការស្នើសុំរបស់មេធាវី

នៅថ្ងៃទី០៤ ខែកក្កដា  ឆ្នាំ២០២៥ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើបណ្តឹងរបស់មេធាវីការពារសិទ្ធិ ដែលបានស្នើសុំដោះលែងសកម្មជន២៣ តុលា និងអ្នកពាក់ព័ន្ធដ៏ទៃឱ្យមានសេរីភាពឡើងវិញ រួមមាន៖ លោក ស៊្រុន ស៊្រន, កញ្ញា ភឹង សោភា, លោក សាន សិទ្ធ, អ្នកស្រី សែម សុផល, អ្នកស្រី ពៅ លីតា, លោក សាន អឿន, លោក គឹម វឿន និងអ្នកស្រី ញិប សារ៉ុម ក្រោយពីតុលាការបើកសវនាការជំនុំជម្រះលើសំណើរបស់មេធាវីមុនអង្គសេចក្តី កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ដោយសម្រេចមិនដោះលែងតាមការស្នើសុំរបស់មេធាវី និងមិនបានអានសាលក្រមពេញលេញ ដោយអះអាងថាពេលវេលាខ្លី។

ការដាក់ពាក្យស្នើសុំនេះធ្វើឡើង ក្រោយសកម្មជន និងអ្នកពាក់ព័ន្ធខាងលើត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួន និងត្រូវបានចោទពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ហើយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ តុលាការបានសម្រេចចេញដីកាដំណោះ ស្រាយបញ្ជូនសំណុំរឿងទៅជំនុំជម្រះ ប៉ុន្តែនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក៏បានក្លាយទៅជាថ្ងៃសវនាការបំបែកសំណុំរឿងទៅវិញ ដែលជាហេតុ រហូតមកដល់ពេលនេះមិនទាន់ទទួលបានការជំនុំជម្រះនៅឡើយទេ។ ចំណែកសកម្មជនក៏នៅជាប់ឃុំក្នុងពន្ធនាគារ ដោយអូសបន្លាយពេលយូរ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទក្នុងការទទួលបានការជំនុំជម្រះ ដែលមានចែងក្នុងមាត្រាច្បាប់។

គួរបញ្ជក់ថា៖ ការចាប់ខ្លួនលោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធធ្វើឡើងបន្ទាប់ពីបានបង្ហោះវីដេអូស្តីអំពីគម្រោងកិច្ចសហការ​រវាង​កម្ពុជា ឡាវ និង​វៀតណាម​លើ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កាលពីទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយអាជ្ញាធរខេត្តសៀមរាប។