ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
យើងខ្ញុំ ជាបណ្តាញអ្នកសារព័ត៌មាន និងក្រុមសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង ដែលក្រសួងព័ត៌មាន បានចេញនូវប្រកាសថ្មីមួយ ស្តីពី “លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍” ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ព្រមទាំងផ្លាស់ប្តូរលក្ខខណ្ឌមួយចំនួន ក្នុងការទទួលបានប័ណ្ណអ្នកសារព័ត៌មាន (Press Card) ។ វិធានការទាំងពីរនេះ នឹងធ្វើឱ្យការរាយការណ៍ព័ត៌មានកាន់តែពិបាក កាន់តែគ្រោះថ្នាក់ និងរឹតត្បិតកាន់តែខ្លាំងទៅលើសេរីភាពសារព័ត៌មានដែលកំពុងចុះទន់ខ្សោយស្រាប់ ។
ប្រកាសលេខ ២៩៤ នេះ បានកំណត់នូវប្រព័ន្ធកំណត់គុណវុឌ្ឍិ និងលក្ខខណ្ឌផ្តល់អាជ្ញាបណ្ណយ៉ាងច្រើន ដែលគ្របដណ្តប់ទាំងអង្គភាពសារព័ត៌មាន (newsrooms) អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកផលិតមាតិកា អ្នកមានប្រជាប្រិយភាព ហើយនិងអ្នកបច្ចេកទេស ។ ប្រកាសនេះបានកំណត់នូវលក្ខខណ្ឌជាច្រើន ដើម្បីទទួលបានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីក្រសួងព័ត៌មាន ដែលរួមមានត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាវិជ្ជាជីវៈសារព័ត៌មាន ការវាយតម្លៃកម្រិតចំណេះដឹងពីក្រសួងព័ត៌មាន និងត្រូវមានរចនាសម្ព័ន្ធលម្អិតសម្រាប់ស្ថាប័នព័ត៌មាន ។ សម្រាប់អ្នកសារព័ត៌មានជាបុគ្គល ប្រកាសនេះបានកំណត់លក្ខខណ្ឌដ៏តឹងរ៉ឹងមួយចំនួន ដូចជាត្រូវមានលិខិតបញ្ជាក់ “កិរិយាមាយាទ” ពីអាជ្ញាធរឃុំ-សង្កាត់ លិខិតថ្កោលទោស លិខិតបញ្ជាក់សុខភាព ហើយលក្ខខណ្ឌទាំងនេះ គឺមានលក្ខណៈទូលំទូលាយខ្លាំង និងមិនមានភាពច្បាស់លាស់ ដែលអនុញ្ញាតឱ្យក្រសួងព័ត៌មានដកហូតតួនាទីជាអ្នករាយការណ៍ព័ត៌មានបាន នៅពេលដែលមានការចេញផ្សាយអត្ថបទអំពីតួអង្គដែលមានអំណាចណាមួយ ហើយតួអង្គនោះមិនពេញចិត្ត ។
កាតព្វកិច្ចទាំងនេះ ក៏ត្រូវបានកំណត់នៅក្នុងវិធានថ្មីសម្រាប់ទទួលបានប័ណ្ណអ្នកសារព័ត៌មាន ឆ្នាំ២០២៦ ផងដែរ ដែលតម្រូវឱ្យអ្នករាយការណ៍ព័ត៌មាន ត្រូវបញ្ជាក់ថាខ្លួនមិនដែលរងនូវបណ្តឹងផ្លូវច្បាប់ណាមួយ ឬករណីប្តឹងផ្តល់ក្នុងតុលាការណាមួយ ។ អ្នកសារព័ត៌មានខ្មែរជាច្រើននាក់ តែងតែរងនូវបណ្តឹងផ្លូវច្បាប់ ការគំរាមកំហែង ឬការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌនានា ដែលភាគច្រើនជាលទ្ធផលនៃការរាយការណ៍ព័ត៌មានដែលត្រឹមត្រូវ និងស្របច្បាប់របស់ពួកគេ ។ អ្នកសារព័ត៌មានទាំងនោះ អាចនឹងត្រូវបានអាជ្ញាធរដកហូតលទ្ធភាពក្នុងការចុះទៅយកព័ត៌មាន សម្ភាសមន្ត្រីរាជការ និងចុះធ្វើការងារដែលមានសុវត្ថិភាពនៅមូលដ្ឋាន ។ អ្នកសារព័ត៌មានមិនមានអង្គភាព អ្នករាយការណ៍ព័ត៌មានឯករាជ្យ និងអ្នកដែលរាយការណ៍អំពីបញ្ហាបរិស្ថាន ដីធ្លី អំពើពុករលួយ និងបញ្ហានយោបាយ សុទ្ធតែនឹងក្លាយជាអ្នករងគ្រោះជាងគេបំផុត ។
បរិយាកាសសេរីភាពសារព័ត៌មាននៅកម្ពុជា កាន់តែអាក្រក់ទៅៗ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានចាត់ថ្នាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទី១៦១ ក្នុងចំណោមប្រទេសចំនួន ១៨០ ទូទាំងពិភពលោក ។ ប្រទេសកម្ពុជាបានធ្លាក់អស់ ១០ ថ្នាក់ ចាប់តាំងពីឆ្នាំ ២០២៤ មក ។ បទបញ្ញត្តិថ្មីទាំងនេះ ត្រូវបានចេញដោយមិនមានការប្រឹក្សាយោបល់ឱ្យបានទូលំទូលាយ ហើយអាចនឹងធ្វើឱ្យចំណាត់ថ្នាក់របស់ប្រទេសកម្ពុជាលើសេរីភាពសារព័ត៌មាន កាន់តែធ្លាក់ចុះបន្ថែមទៀត ។ ការពង្រីកអំណាចរបស់ក្រសួងព័ត៌មាន ក្នុងការដកហូត ឬព្យួរអាជ្ញាបណ្ណ តាមរយៈបទបញ្ញត្តិថ្មីៗទាំងនេះ នឹងកាន់តែរឹតត្បិតការងាររាយការណ៍ព័ត៌មានដែលមានលក្ខណៈរិះគន់អាជ្ញាធររដ្ឋ ហើយនឹងបំបាក់ទឹកចិត្តអ្នកសារព័ត៌មាន ដោយមិនឱ្យរាយការណ៍ព័ត៌មានណា ដែលមានលក្ខណៈរសើប ។
បទដ្ឋានវិជ្ជាជីវៈ និងគោលការណ៍គុណភាពនៃអ្នកសារព័ត៌មាន គឺជាគោលបំណងស្នូល និងត្រូវបានផ្សព្វផ្សាយក្នុងចំណោមសហគមន៍អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ។ ប៉ុន្តែបទដ្ឋានទាំងនេះ ត្រូវតែបង្កើតឡើងដោយតម្លាភាព និងភាពទទួលខុសត្រូវ ដោយមានការប្រឹក្សាយោបល់ពីអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងសង្គមស៊ីវិល ហើយមិនត្រូវយកទៅប្រើប្រាស់ដើម្បីជាមធ្យោបាយគ្រប់គ្រងលើអ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មាននោះទេ ។ ច្បាប់ស្តីពីរបបសារព័ត៌មាន បានកំណត់អំពីយន្តការនានា ដើម្បីដោះស្រាយបញ្ហាការតវ៉ា ឬបណ្តឹងពាក់ព័ន្ធនឹងអត្ថបទព័ត៌មាន ដែលអះអាងថាមានកំហុសលើការពិត ។ ដូចនេះការបង្កើតវិធានថ្មីៗតាមរយៈប្រកាសថ្មីនេះ គឺមិនចាំបាច់ឡើយ ។
យើងខ្ញុំ សំណូមពរដល់ក្រសួងព័ត៌មាន សូមពិនិត្យម្តងទៀតទៅលើវិធានការទាំងនេះ ដោយអនុញ្ញាតឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា រាល់វិធានទាំងឡាយ គឺត្រូវបានបង្កើតឡើង ដើម្បីការពារអ្នកសារព័ត៌មានឯករាជ្យ ជាជាងរឹតត្បិតសេរីភាពសារព័ត៌មាន នៅកម្ពុជា ៕
សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ ៖
- សមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW)
- អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
- មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា (CCHR)
- មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO)
- អង្គការទ្រទ្រង់ស្រ្តីខ្មែរ (COWS)
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទិ្ធមនុស្ស (CENTRAL)
- គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (COMFREL)
- អង្គការអប់រំសុខភាព និង បរិស្ថាន (EHE)
- អង្គការសមធម៌កម្ពុជា (EC)
- សមាគមអភិវឌ្ឍន៍ជនជាតិដើមភាគតិចមណ្ឌលគីរី (MIPAD)
- អង្គការសមាគមធាងត្នោត (STT)
- ក្លឹបអ្នកកាសែតបរទេសនៅកម្ពុជា (OPCC)
- គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
