ភ្នំពេញ ប្រទេសកម្ពុជា
ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥
យើងខ្ញុំ ដែលជាអង្គការសង្គមស៊ីវិលកម្ពុជា ដូចមានឈ្មោះក្នុងហត្ថលេខាខាងក្រោម សូមបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរាយការណ៍ករណីថ្មីៗស្ដីពីការរំលោភបំពានធ្ងន់ធ្ងរលើជនស៊ីវិលនៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ រួមទាំង ករណីលើកឡើងថ្មីៗអំពីអំពើហិង្សាផ្លូវភេទ (ការរំលោភបូក) មកលើស្ត្រីពលករទេសន្តប្រវេសន៍កម្ពុជាមួយរូប និងការបាញ់ សម្លាប់ពលរដ្ឋគ្មានអាវុធប្រព្រឹត្តិដោយកងទ័ពថៃ។ ក្នុងករណីទាំងនេះ ប្រសិនបើបន្ទាប់ពីបញ្ជាក់ថាជាការពិតទាំងអស់ ករណីកើតហេតុទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងកាតព្វកិច្ចសិទ្ធិមនុស្ស ហើយ បង្កើនហានិភ័យប៉ះពាល់ ដល់ស្ថិរភាព និងទំនុកចិត្តក្នុងតំបន់អាស៊ានរបស់យើង។ យើងខ្ញុំក៏មានក្ដីបារម្ភអំពីហានិភ័យកាន់ តែច្រើនឡើងដែលអាចកើតមានចំពោះកុមារ ក្មេងជំទង់ អនីតិជនគ្មានអ្នកអមដំណើរ និងពលករទេសន្តប្រវេសន៍វ័យក្មេង ដែលនៅតែងាយរងគ្រោះ បំផុតក្នុងអំឡុងពេលសកម្មភាពយោធាកើនឡើង និងការបិទព្រំដែន។
ការការពារជនស៊ីវិលគឺជាកាតព្វកិច្ចតាមផ្លូវច្បាប់ និងសីលធម៌។ មាត្រា៣រួម នៃអនុសញ្ញាទីក្រុងហ្សឺណែវចែងថា គ្រប់ភាគី នៃជម្លោះប្រដាប់អាវុធ ត្រូវតែការពារជនស៊ីវិលពីអំពើហិង្សា រួមទាំងអំពើដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួន។ ស្ត្រី និងកុមារី បានទទួលការការពារពិសេសក្រោមមាត្រា ២៧ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ដែលហាមឃាត់យ៉ាងច្បាស់ នូវអំពើរំលោភសេពសន្ថវៈ និងទម្រង់ផ្សេងទៀតនៃអំពើហិង្សាផ្លូវភេទ។ ទាំងប្រទេសកម្ពុជា និងប្រទេសថៃ គឺជាភាគីនៃ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) និងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃ ការរើសអើងប្រឆាំងស្ត្រីភេទ (CEDAW) ដែលតម្រូវឱ្យរដ្ឋទាំងឡាយត្រូវតែទប់ស្កាត់ ស៊ើបអង្កេត និងផ្តន្ទាទោសអំពើហិង្សា ផ្អែកលើយេនឌ័រ រួមទាំងទង្វើដែលប្រព្រឹត្តដោយភ្នាក់ងាររដ្ឋ។ បន្ថែមលើនេះ ប្រទេសទាំងពីរគឺជាភាគីនៃអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីសិទ្ធិកុមារ (UNCRC) ដែលតម្រូវឱ្យរដ្ឋត្រូវការពារកុមារពីរាល់ទម្រង់នៃអំពើហិង្សា ការកេងប្រវ័ញ្ច ការជួញដូរ និងការអនុវត្តការឃុំឃាំងដែលបង្កគ្រោះថ្នាក់ (មាត្រា ១៩ មាត្រា៣៤ មាត្រា៣៥ និង មាត្រា៣៧)។ ការរំលោភបំពានកើតមានក្នុងអំឡុងពេលមានភាពតានតឹងតាមព្រំដែន ឬការធ្វើទេសន្តប្រវេសន៍ដែលប៉ះពាល់ដល់កុមារ គឺមានន័យស្មើនឹងការរំលោភបំពានធ្ងន់ធ្ងរលើកាតព្វកិច្ចទាំងនេះ។
ចំណុចគួរឱ្យសោកស្ដាយបន្ថែមទៀតនោះគឺយើងខ្ញុំក៏កត់សម្គាល់ឃើញថា ការរំលោភបំពានទាំងនេះបានកើតឡើង បើទោះបី ជារដ្ឋជាសមាជិកអាស៊ានបានអនុម័តផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (RPA-WPS) ដែលតម្រូវឱ្យរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តទប់ស្កាត់អំពើហិង្សាផ្លូវភេទ និងយេនឌ័រ ការពារស្ត្រី និងកុមារីនៅក្នុងបរិយាកាស ជម្លោះ និងវិបត្តិ ធានាការឆ្លើយតបដែលយកជនរងគ្រោះជាគោល និងការបញ្ចូលវិធីសាស្រ្តដែលយកចិត្តទុកដាក់លើយេនឌ័រទៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងសន្តិសុខរួចហើយក្ដី។ ការប្តេជ្ញាចិត្តទាំងនេះ មិនមែនត្រឹមតែជាសេចក្ដីប្រាថ្នានោះទេ។ ការប្តេជ្ញាចិត្តទាំងនេះ គឺជាស្តង់ដារដែលអាចអនុវត្តបាន ដែលត្រូវចង្អុលបង្ហាញការឆ្លើយតបចំពោះ ភាពតានតឹងបច្ចុប្បន្ន។ ផ្ទុយទៅវិញ បរាជ័យក្នុងការអនុវត្តការប្តេជ្ញាចិត្តទាំងនេះ ជាពិសេសសសរស្តម្ភនៃការការពារ និងការបង្ការ បានធ្វើឱ្យស្ត្រីនិងកុមារីងាយរងគ្រោះ ហើយធ្វើឱ្យប៉ះពាល់ដល់ភាពគួរជាទីជឿជាក់របស់អាស៊ានក្នុងនាម ជាសហគមន៍ដែលប្តេជ្ញាចិត្តចំពោះសន្តិភាព និងសន្តិសុខ។ ហេតុនេះ ជាការចាំបាច់ណាស់ដែលត្រូវបិទភ្ជិតគម្លាតរវាង ក្របខ័ណ្ឌច្បាប់និងគោលនយោបាយ ជាមួយនឹងការអនុវត្តជាក់ស្ដែង ដើម្បីស្តារទំនុកចិត្តលើយន្តការថ្នាក់តំបន់ និងលើក កម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិលទាំងអស់។
អនុសាសន៍
- បង្កើតឱ្យមានការស៊ើបអង្កេតឯករាជ្យ និងមានតម្លាភាព៖ បង្កើតយន្តការស្វែងរកការពិតរួមគ្នា ក្រោមការត្រួតពិនិត្យ របស់អាស៊ាន (ឧទាហរណ៍៖ ACWC/AICHR) ដោយធានាថាយន្តការនេះមានការចូលរួមពីអ្នកជំនាញផ្នែក យេនឌ័រ ផ្នែកការការពារកុមារ និងអ្នកជំនាញដែលយល់ដឹងពីរបួសផ្លូវចិត្ត ដើម្បីស៊ើបអង្កេតករណីដែលលើកឡើង ថាមានអំពើហិង្សាផ្លូវភេទ និងការសម្លាប់ជនស៊ីវិលកើតឡើង។
- បន្តធានាឱ្យមានការការពារ និងការគាំទ្រដែលយកជនរងគ្រោះជាគោល៖ ផ្តល់លទ្ធភាពទទួលបានការថែទាំ វេជ្ជសាស្រ្តបន្ទាន់ និងរក្សាការសម្ងាត់ ព្រមទាំងការប្រឹក្សាយោបល់ផ្នែកចិត្តសង្គម និងជំនួយផ្នែកច្បាប់ឱ្យបាន គ្រប់គ្រាន់ជូនដល់ជនរងគ្រោះ ស្របតាមស្តង់ដារអន្តរជាតិស្ដីពីការការពារកុមារ និងគោលការណ៍ណែនាំស្តីពី អំពើហិង្សាផ្អែកលើយេនឌ័រ (GBV)។
- ចេញបទបញ្ជាច្បាស់លាស់ និងជម្រុញការអនុវត្តដើម្បីធានាភាពអនុលោមតាមច្បាប់៖ កងទ័ពរបស់ប្រទេសទាំងពីរ ត្រូវតែអះអាងឡើងវិញនូវកាតព្វកិច្ចដែលមានចែងនៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស ចេញបទបញ្ជាអចិន្ត្រៃយ៍ហាមឃាត់អំពើហិង្សាផ្លូវភេទ និងការវាយប្រហារលើជនស៊ីវិល និងជម្រុញការអនុវត្តវិធានស្ដីពីការប្រើប្រាស់កម្លាំងស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ មេបញ្ជាការត្រូវតែធានាឱ្យមានការផ្សព្វផ្សាយវិធានទាំងនេះដល់បុគ្គលិកទាំងអស់របស់ខ្លួន រួមទាំងប៉ូលីសព្រំដែន មន្ត្រីអន្តោប្រវេសន៍ និងកងកម្លាំងជំនួយ។
- អនុវត្តការប្តេជ្ញាចិត្តរបស់ ASEAN RPA-WPS៖ ដាក់ឱ្យដំណើរការសសរស្តម្ភនៃការការពារ និងការបង្ការរបស់ ASEAN RPA-WPS ដោយបង្កើតច្រកផ្លូវនៃការបញ្ជូនឆ្លងព្រំដែន បណ្តុះបណ្តាលកងកម្លាំងសន្តិសុខស្ដីពីវិធីសាស្រ្តដែលយកចិត្តទុកដាក់ផ្នែកយេនឌ័រ និងធ្វើឱ្យមានការចូលរួមពីអង្គការសិទ្ធិស្ត្រីក្នុងការឃ្លាំមើល បទឈប់ បាញ់ និងកិច្ចសន្ទនាសន្តិភាព។
- វិធានការឈប់បាញ់ និងវិធានការកសាងទំនុកចិត្ត៖ បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាជិតតំបន់ស៊ីវិល ស្តារបទឈប់បាញ់ឡើងវិញ និងបន្តកិច្ចសន្ទនាក្រោមការសម្របសម្រួលរបស់អាស៊ាន។ ទាំងប្រទេសកម្ពុជា និងប្រទេសថៃ គឺជាភាគីដែលបានចុះហត្ថលេខាលើអនុសញ្ញាអូតាវ៉ា ដែលហាមឃាត់គ្រប់ភាគីទាំងអស់មិនពីការប្រើប្រាស់ ការស្តុកទុក និងការបញ្ជូនគ្រាប់មីនប្រឆាំងមនុស្ស។ ការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុង តំបន់ស៊ីវិល កន្លងមកត្រូវបានរិះគន់ រួមទាំងការរិះគន់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្សផងដែរថាជាការបាញ់ប្រហារ ខុសច្បាប់ដោយឥតរើសមុខ។
- ពង្រឹងគណនេយ្យភាព និងការត្រួតពិនិត្យ៖ អនុវត្តគោលការណ៍ថ្នាក់លើមានបន្ទុកទទួលខុសត្រូវ ដើម្បីធានាឱ្យមានគណនេយ្យភាពនៅគ្រប់កម្រិតទាំងអស់។ ត្រូវបញ្ឈរជើងបុគ្គលិកជាប់ពាក់ព័ន្ធ រងចាំការស៊ើបអង្កេត និង ទប់ស្កាត់កុំឱ្យមានការសងសឹកចំពោះជនរងគ្រោះ និងសាក្សី តាមរយៈការធានាឱ្យមានការរាយការណ៍ជា សាធារណៈអំពីលទ្ធផលនៃការស៊ើបអង្កេត ដើម្បីកសាងទំនុកចិត្ត និងការចូលរួមរបស់សហគមន៍។
- ការពារពលករទេសន្តប្រវេសន៍ និងសហគមន៍នៅតាមព្រំដែន៖ ធានាសេរីភាពក្នុងការធ្វើដំណើរ ទប់ស្កាត់ការដាក់ ទណ្ឌកម្ម រួម និងអនុញ្ញាតិឱ្យមានការវិលត្រឡប់មកវិញដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលដែលផ្លាស់ទី តាមរយៈការពង្រឹងលទ្ធភាពទទួលបានជំនួយមនុស្សធម៌ ធានាមិនឱ្យមានការរើសអើងចំពោះពលករទេសន្តប្រវេសន៍ដែល មិនមានឯកសារត្រឹមត្រូវ និងសម្របសម្រួលជាមួយសង្គមស៊ីវិលដើម្បីបង្កើតបណ្តាញរាយការណ៍ និងបញ្ជូនប្រកបដោយសុវត្ថិភាព។
- ពង្រឹងការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍៖ លើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ពលករទេសន្តប្រវេសន៍ និងធានាឱ្យមានការការពារសព្វជ្រុងជ្រោយពីការកេងប្រវ័ញ្ច ការរើសអើង និងរាល់ទម្រង់នៃអំពើហិង្សា រួមទាំងអំពើហិង្សាផ្លូវភេទ និងយេនឌ័រ។
សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ជនស៊ីវិល ជាពិសេសកុមារ ស្ត្រីនិងកុមារី និងក្រុមងាយរងគ្រោះដទៃទៀត ត្រូវតែជាស្នូលចំបងនៃគ្រប់ការសម្រេចចិត្តផ្នែកសន្តិសុខទាំងអស់។ ឧបទ្ទវហេតុទាំងនេះ គូសបញ្ជាក់ពីតម្រូវការបន្ទាន់ឱ្យភាគីទាំង អស់ត្រូវតែប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង លើកកម្ពស់បទដ្ឋានអន្តរជាតិ និងបទដ្ឋានថ្នាក់តំបន់ និង បង្ហាញមិនមានការអត់ឱនចំពោះនិទណ្ឌភាពឡើយ។
គាំ់ទ្រសេចក្តីថ្លែងការណ៍នេះដោយ៖
១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើនារីភេទ
២. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
៣. អង្គការលើកកម្ពស់គុណភាពជីវិត
៤. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
៥. សមាគមអភិវឌ្ឍន៍ជនជាតិដើមភាគតិចមណ្ឌលគីរី
៦. អង្គការកម្ពុជាដើម្បីសុខភាពនិងការអប់រំសហគមន៏
៧. អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង
៨. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា
៩. អង្គការក្លាហាន
១០. អង្គការក្តីករុណា
១១. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា
១២. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
១៣. អង្គការនារីដើម្បីសន្តិភាព
១៤. អង្គការបន្ទាយស្រី
១៥. អង្គការសីលការ
១៦. អង្គការសហគមន៍ឥន្ទធនូកម្ពុជា
Download_Statement_by_Cambodian_Civil_Society_on_Thai_Military_Violence
