សេចក្តីប្រកាសរួម ក្រុម​អង្គការសង្គមស៊ីវិលជាង១០ បានចេញសេចក្តីប្រកាសរួម ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ ដោយជំរុញឲ្យមានការការពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា ដែលកំពុងងស្ថិតក្នុងការរឹតត្បិត និងវិបត្តិហរញ្ញវត្ថុ

រាជធានី​ភ្នំពេញ ថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥​

យើងខ្ញុំ​ជាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិដែលមាន​រាយ​នាម​ដូចខាងក្រោម អ្នកការពារសិទ្ធិមនុស្ស និងអ្នកតស៊ូមតិសិទ្ធិលើប្រព័ន្ធផ្សព្វផ្សាយ សូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទៅ​នឹងការកើនឡើងនៃ​ការរឹតបន្តឹងនិងការគំរាមកំហែងទៅលើ​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់នៅ​កម្ពុជា​។ បន្ថែមពីលើបញ្ហាប្រឈមជាច្រើនដែលអ្នកសារព័ត៌​មាន​ និងប្រ​ព័ន្ធ​ផ្សព្វផ្សាយឯករាជ្យប្រឈមនឹងរដ្ឋាភិបាល និងតួអង្គដ៏មានឥទ្ធិពល ដែល​ក្នុង​នោះ​រួម​មាន​ការយាយីតាមផ្លូវច្បាប់ ការគំរាមកំហែង ការចាប់ខ្លួន ការដកហូតអាជ្ញាបណ្ណ ការដាក់​កំហិត ​តែឥឡូវនេះពួកគេប្រឈមនឹង​ការកាត់ផ្តាច់មូលនិធិបន្ថែមទៀត។ ឧបសគ្គហិរញ្ញវត្ថុទាំងនេះ ជា​ការរារាំងយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងការបន្តប្រតិបត្តិការរបស់​ខ្លួន​។ ​ការ​កាត់ផ្តាច់មូលនិធិនេះនឹង​មាន​ផលប៉ះពាល់ដល់ប្រ​ជាពលរដ្ឋកម្ពុជា ពីព្រោះការទទួលព័ត៌មានគួរឱ្យទុកចិត្តរបស់ពួកគេនឹងត្រូវបានកាត់បន្ថយ ហើយ​ដំណើរការប្រជាធិបតេយ្យនឹងរង​ផល​​ប៉ះពាល់។​

ក្នុងឱកាសខួបលើកទី៣២ នៃទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី៣ ខែឧសភា អង្គ​ការ​សង្គម    ស៊ីវិលរួមជាមួយដៃគូអភិវឌ្ឍន៍បានប្រារព្ធទិវាដ៏សំខាន់នេះនៅថ្ងៃទី២ ខែឧសភា ក្រោមប្រធានបទ “ការការពារប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យរបស់កម្ពុជា”។​ ព្រឹត្តិការណ៍នេះមានគោលបំណងទាញចំណាប់អារម្មណ៍សាធារណជន និងភាគីពាក់ព័ន្ធចំពោះភាពចាំបាច់បន្ទាន់ដើម្បីការការពារ និងលើកកម្ពស់សំឡេងប្រព័ន្ធផ្សព្វផ្សាយចម្រុះដែលចាំបាច់សម្រាប់សុខុមាលភាពលទ្ធិប្រជាធិបតេយ្យ ជាពិសេសដើម្បីឆ្លើយតបទៅនឹងការកាត់ផ្តាច់មូលនិធិដែលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានប្រឈមមុខនាពេលថ្មីៗនេះ។

ប្រធានបទ​ឆ្នាំនេះបង្ហាញពីបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដែលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅទូទាំងប្រទេស  កម្ពុជាជួប​ប្រ​ទះទាំងប្រតិបត្តិការនៅថ្នាក់ជាតិ និងសហគមន៍មូលដ្ឋាន។ ការកាត់ផ្តាច់មូលនិធិនេះធ្វើឱ្យស្ថានភាពបច្ចុប្បន្នកាន់តែធ្ងន់ធ្ងរឡើងៗសម្រាប់ប្រ​ព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌​មាន​ឯករាជ្យ ដែល​មាន​ចំនួនតិចរួចទៅហើយនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​របស់កម្ពុជា ក្នុងនោះការ​រាយការណ៍ស៊ីជម្រៅលើសកម្មភាព និងគោលនយោបាយរបស់អ្នកកាន់អំណាច កាន់តែខ្វះខាត ដោយសារតែ​អ្នក​សារព័ត៌មាន​តែង ទទួល​រង​នូវ​ការ​តបតជាលក្ខណៈប្រព័ន្ធ ។

ក្នុងឆ្នាំ២០២៤ ខេមបូចា បានចងក្រងករណីរំលោភបំពានចំនួន ៤១ករណី ដែលពាក់ព័ន្ធនឹងអ្នក​សារព័ត៌​មាន​យ៉ាងតិច៦៤ នាក់។ ការយាយីតាមផ្លូវច្បាប់គឺជារឿងដែល​កើតឡើងញឹកញាប់បំផុត ដែលក្នុងនោះ​​មាន​អ្នកសារព័ត៌​មាន​ចំនួន ៥នាក់ ត្រូវបានឃុំខ្លួន និងអ្នក​សារព័ត៌​មានម្នាក់ ត្រូវ​បាន​សម្លាប់ ខណៈពេលកំពុងអនុវត្តការងាររបស់ខ្លួន។ នៅដើមឆ្នាំ២០២៥ អ្នកសារព័ត៌​មាន​ ៣ នាក់ ទៀតត្រូវបានឃុំខ្លួនពីបទញុះញង់ ហើយអ្នកសារព័ត៌​មានស៊ើបអង្កេតជនជាតិអង់គ្លេសម្នាក់ដែលបានចំណាយពេលប្រាំឆ្នាំរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ និងបញ្ហាបរិស្ថាននៅកម្ពុជាត្រូវបានហាមឃាត់មិន​អោយ​​ចូលមក​ប្រទេសកម្ពុជាវិញ។

យោងតាមអង្គការអ្នកសារព័ត៌​មាន​គ្មានព្រំដែន (RSF) កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ១២៨ ក្នុងចំណោម ១៨០ប្រទេសក្នុងឆ្នាំ២០១៦ នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក។ ចំណាត់ថ្នាក់នេះបានធ្លាក់ចុះបន្ថែមទៀតដល់ទី១៦១ ក្នុងឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីបរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលបន្តធ្លាក់ចុះរបស់ប្រទេសកម្ពុជា។ ឧទាហរណ៍ ការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ (VoD) កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដែលជា     សារព័ត៌មាន​ឯករាជ្យមួយ​ក្នុង​ចំណោមសារព័ត៌មាន​ឯករាជ្យ​ដែល​នៅសេសសល់​​ចុងក្រោយនៅក្នុង​ប្រ​ទេសកម្ពុជា ​ហើយ​កាល​ពី​ឆ្នាំ​២០២៤ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាន​ចងក្រងករណីដកហូតអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយចំនួនបីផ្សេងទៀតដែលជា​ការ​ឆ្លើយតបទៅនឹងការ​ផ្សព្វផ្សាយព័ត៌​​មាន​របស់ស្ថាប័ន​ទាំងនោះ។

វិស័យសារព័ត៌មានដើរតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងលទ្ធិប្រជាធិប   តេយ្យ ដូច្នេះយើងខ្ញុំ​ដែលជាអង្គ​ការ​សង្គមស៊ីវិលដែលមាន​រាយ​នាម​ដូច​ខាងក្រោម និងអ្នកតស៊ូមតិលើ​សិទ្ធិប្រព័ន្ធផ្សព្វផ្សាយ រួមគ្នា​ប្តេជ្ញាចិត្តគោរពគោលការណ៍មូលដ្ឋាននៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ ការ​បន្ត​ធ្លាក់ចុះនៃសេរីភាពសារព័ត៌មានមិនត្រឹមតែរារាំងសំឡេងរបស់យើង​ និងសំឡេងរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញចំណុចស្នូល​​សំខាន់នៃលទ្ធិប្រជាធិបតេយ្យរបស់យើងផងដែរ។ យើងខ្ញុំ​ជា​អង្គការ​សង្គមស៊ីវិលសូម​អំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ចូលរួមទាមទារឱ្យបញ្ឈប់នូវការរឹតបន្តឹងទាំងនេះ និងឈរ​ក្នុង​ស្មារតី​សាមគ្គីភាព ដើម្បី​គាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ​ណាដែលលើកកម្ពស់ការពិត តម្លាភាព និងគណនេយ្យភាព។

យើងខ្ញុំជា​អង្គ​ការ​សង្គមស៊ីវិល​ ​​សូម​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា ​​និងភាគីពាក់ព័ន្ធ ចាត់​វិធានការ​​ដូច​ខាង​ក្រោម​៖

១. ធានាឱ្យ​បាននូវបរិយាកាសការងារប្រកប​ដោយ​សេរីភាព សុវត្ថិភាព និងសន្តិសុខ ទាំងតាមប្រព័ន្ធ​អនឡាញ និងដោយ​ផ្ទាល់ សម្រាប់អ្នកសារព័ត៌​មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីឱ្យ​ពួកគេ​អនុវត្តការងារដោយគ្មានការរឹតបន្តឹង ឬការភ័យខ្លាច។

២.​ ជៀសវាងការចោទប្រកាន់ព្រហ្មទណ្ឌទៅលើ​អ្នកសារព័ត៌​មាន​ពាក់ព័ន្ធនឹងសកម្មភាពបំពេញវិជ្ជាជីវៈរបស់ពួកគេ។

៣.​ លើក​លែង​បទចោទដែលកំពុងត្រូវ​បាន​ប្រើ​ក្នុង​ការ​ចោទ​ប្រ​កាន់អ្នក​សារព័ត៌មាន​ ពិនិត្យឡើងវិញចំពោះ​ការកាត់ទោសព្រហ្មទណ្ឌប្រឆាំងនឹងអ្នកសារព័ត៌​មាន​ និងអ្នកការពារសិទ្ធិមនុស្ស និងស៊ើបអង្កេតដោយ​ហ្មត់ចត់ និងឯករាជ្យរាល់ករណីអំពើហិង្សាទៅលើ​អ្នក​សារ​ព័ត៌​​មាន​។

៤.​សូម​ដោះលែងអ្នកសារព័ត៌​មាន​ដែលកំពុងជាប់ឃុំ និងបញ្ឈប់ការប្រើប្រាស់ក្រមព្រហ្មទណ្ឌដើម្បីកាត់ទោសអ្នក​សារព័ត៌​មាន​ដែល​បំពេញការងារស្របច្បាប់របស់ពួកគេ។​

៥.​បញ្ឈប់រាល់ទម្រង់នៃការយាយីប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារ​ព័ត៌​មាន​ដែលបានរាយការណ៍អំពីបញ្ហាដែលជាប្រយោជន៍សាធារណៈ ដូចជាសិទ្ធិដីធ្លី ធនធានធម្មជាតិ និងគណនេយ្យភាពរបស់         រដ្ឋាភិបាល ដែលជាញឹកញាប់ត្រូវបាន់​គេ​មើល​ឃើញ​​​ថាជា “បញ្ហារសើប”។

៦.​  បង្កើនការគាំទ្រមូលនិធិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលដែលផ្តល់ការការពារ និងជំនួយឧបត្ថម្ភបន្ទាន់ដល់អ្នកសារព័ត៌មានដែល​ជួប​បញ្ហា​ប្រ​ឈម៕​

សេចក្តីប្រកាសរួមនេះ គាំទ្រដោយ៖

១. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)

២. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)

៣. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

៤. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៌​នៅកម្ពុជា (COMFREL)

៥. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

៦.​បណ្តាញអ្នកសារព័ត៌មានស្រ្តីកម្ពុជា (CFJ)

៧.អង្គ​ការ​លើកកម្ពស់​ប្រ​ព័ន្ធ​ផ្សព្វផ្សាយ ​និង​សារគមនាគមន៍ (CMPO)

៨. បណ្ដាញយុវជនកម្ពុជា (CYN)

៩. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)

១០. អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)

១១. ​សហព័ន្ធអ្នក​សារព័ត៌មាន​អន្តរជាតិ (IFJ)

១២. Gerakan Media Merdeka (Geramm-Malaysia)

១៣. Centre for Independent Journalism (CIJ)

១៤. Alliance of Independent Journalists (AJI)

១៥. National Union of Journalists of the Philippines (NUJP)

១៦. Association Journalist Timor Leste (AJTL)

១៧. Reporters Without Borders (RSF)

ទាញយក៖ Joint Declaration_WPFD_2025 KH