១. សេចក្តីផ្តើម
សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក) Cambodian Human Rights And Development Association (ADHOC) បានបង្កើតឡើងដោយអតីតអ្នកទោសនយោបាយនៅខែធ្នូ ឆ្នាំ ១៩៩១ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ អាដហុក គឺជាអង្គការឯករាជ្យ មិនប្រកាន់បក្សពួក មិនរកប្រាក់ចំណេញ និងជាអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅថ្ងៃទី២៨ ខែមិនា ឆ្នាំ២០០០ តាមលិខិតអនុញ្ញាតលេខ ២៧៨ ស.ជ.ណ។
អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ សមាគមអាដហុកបានធ្វើការដើម្បីដោះស្រាយអវត្តមាននៃសិទ្ធិមូលដ្ឋាន និងសេរីភាពនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ដល់ប្រជាជននូវចំណេះដឹង និងការយល់ដឹងអំពីសិទ្ធិមនុស្ស ច្បាប់ និងប្រជាធិបតេយ្យ និងរបៀបការពារសិទ្ធិ ព្រមទាំងសេរីភាពរបស់ពួកគេ។ គោលបំណងរបស់សមាគមអាដហុករួមមានការជួយជនរងគ្រោះពីការរំលោភបំពានក្នុងការស្វែងរកយុត្តិធម៌ ពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋនៅក្នុងការទាមទារសិទ្ធិរបស់ពួកគេ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបញ្ចុះបញ្ចូល និងតស៊ូមតិដើម្បីកែលម្អច្បាប់ ស្ថាប័ននានា និងការអនុវត្តច្បាប់។
សមាគមអាដហុកមានកម្មវិធី៣ រួមមាន ផ្នែកសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ ផ្នែកសិទ្ធិស្ត្រី និងកុមារ និងផ្នែកដីធ្លី និងធនធានធម្មជាតិ។
របាយការណ៍នេះគ្របដណ្តប់លើការអនុវត្តសកម្មភាពរបស់សមាគមអាដហុក ក្នុង អំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៧។ ព័ត៌មានត្រូវបានប្រមូលតាមរយៈមធ្យោបាយជាច្រើន ដូចជា៖ សកម្មភាពដឹកនាំនិងហ្វឹកហាត់នៅតាមបណ្តាខេត្តដែលដឹកនាំអនុវត្តដោយបុគ្គលិកជាន់ខ្ពស់នៅការិយាល័យកណ្តាល ដើម្បីត្រួតពិនិត្យនិងតាមដាន សកម្មភាព។ ការសិក្សាត្រូវបានអនុវត្តនៅមុននិងបន្ទាប់ពីការពង្រឹងសិទ្ធិអំណាច និងសកម្មភាពផ្សេងៗទៀតដើម្បីវាយតម្លៃផលប៉ះពាល់។ អ្នកសម្របសម្រួលនៅតាមបណ្តាខេត្ដទាំងអស់បានមកចូលរួមប្រជុំនៅរាជធានីភ្នំពេញ ដែលក្នុងនោះពួកគេផ្តល់ជូននូវ របាយការណ៍អំពីសកម្មភាព និងឯកសារហិរញ្ញវត្ថុ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នាចំពោះបញ្ហានានា។
២. តំបន់គោលដៅ
នៅក្នុងឆ្នាំ២០១៧ សមាគមអាដហុក បំពេញសកម្មភាពការងាររបស់ខ្លួននៅ ១៩ ខេត្ត និងរាជធានីភ្នំពេញ។ សមាគមអាដហុក ផ្តោតការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែលជាម្ចាស់សិទ្ធិ ដូចជាប្រជាពលរដ្ឋសាមញ្ញ ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋដែលបាត់បង់ឱកាស សហគមន៍ ជនរងគ្រោះនៃករណីរំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិស្រ្តី និងសិទ្ធិកុមារ និងករណីរំលោភសិទ្ធិដីធ្លី និងធនធានធម្មជាតិ។ សមាគមអាដហុកក៏បានធ្វើការ និងសហការជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន និងមន្ត្រីអនុវត្តច្បាប់ (ប៉ូលីស ទាហ៊ាន និងកងរាជអាវុធហត្ថ)។
៣. ការអនុវត្តកម្មវិធី
នៅក្នុងឆ្នាំ២០១៧ សមាគមអាដហុក បានអនុវត្តសកម្មភាពរបស់ខ្លួនស្ទើតែទាំងស្រុងទៅតាមផែនការ ដែលលទ្ធផលនៃសកម្មភាពនីមួយត្រូវបានបង្ហាញដូចខាងក្រោម៖
៣.១-ផ្នែកសិទ្ធិមនុស្សនិងជំនួយផ្នែកច្បាប់
៣.១.១-ជំនួយឧបត្ថមជនរងគ្រោះ
- ការស៊ើបអង្កេត និងអន្តរាគមន៍
ផ្នែកស៊ើបអង្កេតសិទ្ធិមនុស្ស បានធ្វើការស៊ើបអង្កេត និងអន្តរាគមន៍ករណីរំលោភសិទ្ធិមនុស្ស ចំនួន ៤០៤ ករណី នៅឆ្នាំ២០១៧ ដែលរួមានសំណុំរឿងថ្មីចំនួន ៣១៨ ករណី និង ៨៩ ករណីកំពុងបន្តតាមដាន។
- ការផ្តល់សេវាផ្នែកច្បាប់
ផ្នែកបានផ្តល់មេធាវីការពារក្តីជូនដល់ប្រជាពលរដ្ឋក្រីក្រដោយមិនគិតកម្រៃលើករណីរំលោភសិទ្ធិមនុស្សបានចំនួន ១៦ ករណី។
- ការផ្តល់ជំនួយសង្រ្គោះ
ផ្នែកសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ បានផ្តល់ជំនួយសង្រោះ បានចំនួន ២៦ ករណី នៅឆ្នាំ ២០១៧។ សមាគមអាដហុក បានផ្តល់ជំនួយដល់ជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស ឬក្រុមគ្រួសារ របស់ពួកគេ ដើម្បីអនុញ្ញាតឱ្យពួកគេធ្វើដំណើរទៅកាន់តុលាការ និងការិយាល័យ ADHOC ដើម្បីជួបជាមួយមេធាវីរបស់ពួកគេ ឬទទួលយកនូវសេវាវេជ្ជសាស្ត្រ។
៣.១.២. ការលើកកម្ពស់ការចូលរួមក្នុងដំណើរការលទិ្ធប្រជាធិបតេយ្យ
- សិក្ខាសាលាការអប់រំអ្នកបោះផ្នោត
នៅឆ្នាំ ២០១៧ អាដហុកបានរៀបចំសិក្ខាសាលាស្តីអំពី ការអប់រំអ្នកបោះឆ្នោត មានរយៈពេលកន្លះថ្ងៃ ដែលក្នុងនោះមានអ្នកចូលរួមចំនួន ៧.០៣០ នាក់ ស្ត្រីចំនួន ៤១៧១ នាក់ (៥៩%) និងយុវជនចំនួន ១.៦៩២ នាក់ (២៤%) ។ សិក្ខាសាលាបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ដំណើរការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត។
- កិច្ចប្រជុំពិភាក្សានយោបាយសាធារណៈ
សមាគមអាដហុក បានរៀបចំកិច្ចប្រជុំពិភាក្សាសាធារណៈមានរយៈពេលកន្លះថ្ងៃដែលមានអ្នក ចូលរួមចំនួន ២០៦២ នាក់ ដែលមានស្ត្រីចំនួន ៧៧១ នាក់ ស្មើនឹង ៣៧% និងយុវជនចំនួន ៥៩១ នាក់ ស្មើនឹង ២៧%។ កិច្ចប្រជុំនេះមានការចូលរួមពីបេក្ខជនជាអ្នកនយោបាយចំនួន ៣៣៣ នាក់ មកពីគណបក្សនយោបាយចំនួន ៧ ។
៣.១.៣. ការតស៊ូមតិ
សមាគមអាដហុកបានធ្វើសន្និសីទសារព័ត៌មាន ដោយបានចេញសេចក្តីថ្លែងការណ៍រួម ការរៀបចំកម្មវិធីវិទ្យុ ការចេញលិខិតអន្ដរាគមន៍ និងរៀបចំការប្រជុំគ្នាជាមួយស្ថាប័នពាក់ព័ន្ធ។
៣.១.៤. ភាពជាដៃគូនិងបណ្តាញ
បណ្តាញថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិជាមួយដៃគូដែលមានគោលបំណងចែករំលែកបទពិសោធន៍និងគំនិតនិងធ្វើការឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា។
៣.១.៥. ការហ្វឹកហាត់និងការណែនាំ
បុគ្គលិកអាដហុកការិយាល័យកណ្តាល បានផ្តល់ការគាំទ្រដល់បុគ្គលិកតាមខេត្តដែលមានបញ្ហាប្រឈមឬករណីធ្ងន់ធ្ងរ។ ផ្នែកសិទិ្ធមនុស្សនិងជំនួយផ្នែកច្បាប់បានធ្វើវេទិកាចំនួន ៣ ក្នុងឆ្នាំ២០១៧។
៣.២- ផ្នែកសិទ្ធិស្រ្តី និងកុមារ
៣.២.១. ផ្នែកជំនួយអតិថជន
- ការអង្កេត ការអន្តរាគមន៍ និង ការពិគ្រោះយោបល់ផ្នែកច្បាប់
អ្នកឃ្លាំមើលសិទិ្ធមនុស្សនៃសមាគមអាដហុក បានយកករណីទៅស្ថាប័នពាក់ព័ន្ធដើម្បីស្នើសុំអន្តរាគមន៍ ឬជួយជនរងគ្រោះដាក់ពាក្យបណ្តឹង។ ផ្នែកសិទ្ធិស្ត្រីនិងកុមារបានដោះស្រាយករណីថ្មីចំនួន ៣៣៩ និងចំនួន ១៣៩ ករណី កំពុងបន្តតាមដាន។
- តំណាងផ្នែកច្បាប់
មេធាវីរបស់សមាគមអាដហុក បានផ្តល់ជាតំណាងផ្នែកច្បាប់ដល់ជនរងគ្រោះនៃអំពើហិង្សា យេនឌ័រ ការជួញដូរមនុស្ស និងការរំលោភបំពានពលករចំណាកស្រុក។ តំណាងផ្នែកច្បាប់បានផ្តល់ជូនចំនួន ១១ ករណីនៅឆ្នាំ ២០១៧។
- ការឧបត្ថម្ភសម្លារៈ
សមាគមអាដហុកបានផ្តល់ជំនួយខាងសម្ភារៈដល់ជនរងគ្រោះក្នុងករណីធ្ងន់ធ្ងរនៅក្នុងទម្រង់នៃការដឹកជញ្ជូន ផ្តល់អាហារ កន្លែងស្នាក់នៅ ការថែទាំសុខភាព ឬសំបុត្រយន្តហោះសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ ដែលអនុញ្ញាតឱ្យជនរងគ្រោះចូលរួមក្នុងដំណើរការក្តី ធ្វើដំណើរទៅកាន់ការិយាល័យអាដហុក ជួបជាមួយមេធាវី ឬវិលត្រឡប់ទៅសហគមន៍វិញបន្ទាប់ពីមានការជួញដូរមនុស្សឬការរំលោភបំពានពលករចំណាកស្រុក។ អាដហុកបានផ្តល់ជំនួយសង្គមចំនួន១៥ ដង។
- ជំនួយសមាហរណកម្ម
អ្នកឃ្លាំមើលសិទិ្ធមនុស្សរបស់សមាគមអាដហុក បានធ្វើដំណើរទៅជួបផ្ទាល់ជនរងគ្រោះដែលវិលត្រឡប់មកមាតុភូមិវិញ និងជួយដោះស្រាយបញ្ហាផ្សេងៗ។ នៅឆ្នាំ ២០១៧ សមាគមអាដហុកបានផ្តល់ជំនួយស្តារឡើងវិញចំនួន ១៥ ករណី។
៣.២.២.ការតស៊ូមតិ
ផ្នែកនេះបានធ្វើកិច្ចប្រជុំចំនួន ៣ លើក ជាមួយមន្រ្តីជាន់ខ្ពស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។
៣.២.៣. ភាពជាដៃគូនិងបណ្តាញ
- កិច្ចសន្ទនាជាមួយស្ថានទូតកម្ពុជា ដៃគូអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍អន្តោប្រវេសន៍នៅក្នុងប្រទេសគោលដៅ។
ផ្នែកសិទ្ធិស្ត្រីនិងកុមារបានធ្វើដំណើរចំនួន ៤ ដង ដើម្បីបង្កើនភាពជាដៃគូដល់ប្រទេសថៃ ម៉ាឡេស៊ី និងចិន។ តំបន់ទាំងនេះបានអនុញ្ញាតឱ្យសមាគមអាដហុកពង្រឹងទំនាក់ទំនងដែលមានស្រាប់ជាមួយស្ថានទូត និងបង្កើតបណ្តាញថ្មីជាមួយដៃគូអង្គការសង្គមស៊ីវិល និងបណ្តាញអន្តោប្រវេសន៍។
- បណ្តាញ
នៅឆ្នាំ២០១៧ សមាគមអាដហុកបាន ពង្រឹងបណ្តាញរបស់ខ្លួនដោយជោគជ័យនៅថ្នាក់ជាតិថ្នាក់ តំបន់និងអន្តរជាតិដើម្បីការពារសិទិ្ធរបស់ស្ត្រីឱ្យបានប្រសើរជាងមុន។
- សិក្ខាសាលាបណ្តាញថ្នាក់ខេត្ត
អាដហុកបានរៀបចំសិក្ខាសាលាបណ្តាញថ្នាក់ខេត្តនៅខេត្តកំពង់ចាម។ មានអ្នកចូលរួមចំនួន ៧១ នាក់ ក្នុងនោះមានស្រ្តីចំនួន ៣១ នាក់ (៤៤%) ដែលមានវាគ្មិនមកពីអង្គភាពប្រឆាំងការជួញដូរមនុស្សនៃស្នងការនគរបាលខេត្ត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន ចំនួន ១០ អង្គភាពផងដែរ។
៣.២.៤. ការផ្តល់អំណាច
- វគ្គផ្សព្វផ្សាយ
សមាគមអាដហុក រៀបចំវគ្គផ្សព្វផ្សាយបានចំនួន ៥៣ លើក ស្តីពីសិទ្ធិស្ត្រី ដែលមានអ្នកចូលរួមសរុបចំនួន ២.៨៦៣ នាក់រួមទាំងស្ត្រីចំនួន ១.៨៤៩នាក់ (៦៥%) ។
- វេទិកាសាធារណៈស្តីពីការធ្វើចំណាកស្រុកដែលមានសុវត្ថិភាព
សមាគមអាដហុក បានរៀបចំវេទិការសាធារណៈចំនួន ៥ លើក ដែលមានអ្នកចូលរួមចំនួន ២៤៩ នាក់ ដែលមានស្ត្រីចំនួន ១០៤ នាក់ (៤២%) ។ វេទិកាសាធារណៈបានអនុញ្ញាតឱ្យអ្នកចូលរួមលើកឡើងពីកង្វល់ ឬបញ្ហារបស់ពួកគេ និងចែករំលែកបទពិសោធន៍ដែលពួកគេជួបប្រទះជាមួយវាគ្មិន មកពីការិយាល័យកណ្តាលអាដហុក និងមកពីអង្គភាពប្រឆាំងការជួញដូរមនុស្សនៃនគរបាលខេត្ត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
- ការបណ្តុះបណ្តាលពីការធ្វើចំណាកស្រុកដែលមានសុវត្ថិភាព
នៅឆ្នាំ២០១៧ មានវគ្គបណ្តុះបណ្តាលចំនួន ៥ លើក ស្តីពីការធ្វើចំណាកស្រុកមានសុវត្ថិភាពត្រូវ។ មានអ្នកចូលរួមចំនួន ១៥០ នាក់ក្នុងនោះមានស្ត្រីចំនួន ១០០ នាក់ (៦៦%) ។
- ការបោះពុម្ព
នៅឆ្នាំ២០១៧ ផ្នែកបោះពុម្ពសម្ភារៈពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលចំនួន ១៥.៩៦០ ច្បាប់ដើម្បីគាំទ្រដល់សកម្មភាពបង្កើនការយល់ដឹងរបស់ខ្លួន។
៣.២.៥. ការកសាងសមត្ថភាពបុគ្គលិក
- ការហ្វឹកហាត់និងការណែនាំ
ផ្នែកសិទ្ធិស្ត្រីនិងកុមារបានធ្វើការហ្វឹកហាត់និងដឹកនាំចំនួន ៣ ដង នៅឆ្នាំ២០១៧ ។
- កិច្ចប្រជុំបុគ្គលិកឆ្លុះបញ្ចាំង
សមាគមអាដហុក បានរៀបចំកិច្ចប្រជុំ ១ ដង សម្រាប់បុគ្គលិកប្រតិបត្តិការដើម្បីជូនដំណឹងដល់ពួកគេអំពីការផ្លាស់ប្តូរគម្រោង ពិភាក្សាពីការអនុវត្តគម្រោង ផ្តល់យោបល់ និងឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃសកម្មភាព។
៣.៣- ផ្នែកដីធ្លី និង ធនធានធម្មជាតិ
៣.៣.១- ការជួយ និង ការឃ្លាំមើល
- ការអង្កេត និងការអន្តរាគមន៍
ផ្នែកដីធ្លី និង ធនធានធម្មជាតិ បានទទួលបណ្តឹងចំនួន ២៦១ ករណី នៅក្នុង ឆ្នាំ ២០១៧ ។ ក្នុងចំណោមករណីទាំងអស់នេះមានចំនួន ៦៧ ករណីជាករណីថ្មី និង ១៩៤ គឺជាករណីតាមដាន ក្នុងឆ្នាំ២០១៨។
- ការអង្កេតរួម ជាមួយគណៈកម្មការសុរិយោដី
សមាគមអាដហុក បានធ្វើការអង្កេត១ករណី ជាមួយ គណៈកម្មការសុរិយោដីថ្នាក់ស្រុក ខេត្ត។
- តំណាងផ្នែកច្បាប់
ផ្នែកនេះបានផ្តល់ជាតំណាងផ្នែកច្បាប់បានចំនួន ២៨ ករណី នៅឆ្នាំ២០១៧។
- ជំនួយសង្គម
សមាគមអាដហុកបានផ្តល់ជំនួយសង្គមដល់ជនរងគ្រោះនៃការរំលោភសិទ្ធិដីធ្លី និងសមាជិកគ្រួសាររបស់ពួកគេដោយអនុញ្ញាតឱ្យពួកគេចូលរួមក្នុងដំណើរការតុលាការ ទៅការិយាល័យអាដហុកជួបជាមួយមេធាវីរបស់ពួកគេ ឬទទួលបានសេវាវេជ្ជសាស្ត្រ។ សមាគមអាដហុក បានផ្តល់ជំនួយ សង្គមក្នុងករណីរំលោភសិទ្ធិដីធ្លីចំនួន ៦ ករណី ដែលពាក់ព័ន្ធនឹងជនរងគ្រោះចំនួន ៩ នាក់ (ស្រ្តី ៧៥%) ។
៣.៣.២. ការពង្រឹងសិទ្ធិអំណាចសហគមន៍
- ការកំណត់អត្តសញ្ញាញសហគមន៍
សមាគមអាដហុកបានកំណត់សហគមន៍អាទិភាពថ្មីចំនួន ៥០ រួមទាំងសហគមន៍ជនជាតិដើមភាគតិចចំនួន ៦ និងសហគមន៍កុលសម្ព័ន្ធភ្នំនៅខេត្តរតនគិរី ៣ និងមណ្ឌលគិរី ៣។
- វគ្គផ្សព្វផ្សាយ
សមាគមអាដហុក បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី សិទិ្ធដីធ្លី និងធនធានធម្មជាតិបានចំនួន ២០០ វគ្គ។ មានអ្នកចូលរួមចំនួន ១២.៩៥៨ នាក់រួមទាំងស្ត្រី ៦០% និងយុវជន ១៧%។
- វគ្គបណ្ដុះបណ្តាលសម្រាប់តំណាងសហគមន៍
អាដហុកបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៥០ វគ្គ ស្តីពី សិទ្ធិដីធ្លីដែលមានអ្នកចូលរួមចំនួន ១៤៣៥ នាក់ ក្នុងនោះមានស្ត្រី ៦២% យុវជន ៣៦% និងមានជនជាតិដើមភាគតិច ចំនួន ១៤%។ សមាគមអាដហុក បានរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមចំនួន ៣ វគ្គ។
- ការបោះពុម្ព
បានធ្វើការបោះពុម្ពសម្ភារៈអប់រំចំនួន ២៣.០០០ ច្បាប់។
៣.៣.៣. សកម្មភាពតស៊ូមតិ
- សិក្ខាសាលាថ្នាក់ខេត្ត
សមាគមអាដហុក បានរៀបចំសិក្ខាសាលាថ្នាក់ខេត្តចំនួន ៤ វគ្គ ដើម្បីបង្កឱកាសដល់អាជ្ញាធរមូលដ្ឋានបានជួបជាមួយសហគមន៍ ដើម្បីឱ្យមានការផ្លាស់ប្តូរយោបល់គ្នារវាងក្រុម ដែលមានអ្នកចូលរួមចំនួន ២៣៧ នាក់ ក្នុងនោះមានស្រ្តី ២៧% និងយុវជន ១៥%។
- សិក្ខាសាលាថ្នាក់តំបន់សម្រាប់តំណាងសហគមន៍
អ្នកតំណាងសហគមន៍ជាក្រុមគោលដៅ ដែលរស់នៅក្នុងខេត្តជិតខាង ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ដើម្បីបានជួបជាមួយអ្នកតំណាងរបស់គេ។ មានសិក្ខាសាលាចំនួន ៣ ត្រូវបានរៀបចំឡើងនៅឆ្នាំ២០១៧ ដែលមានអ្នកចូលរួមចំនួន ១៥០ នាក់នៅក្នុងនោះមាន ៣១% ស្ត្រី ២១% យុវជន និង ជនជាតិដើមចំនួន ៥%។
- កិច្ចប្រជុំថ្នាក់ខេត្តសម្រាប់បណ្តាញសហគមន៍
សមាគមអាដហុក បានសម្របសម្រួលកិច្ចប្រជុំបណ្តាញសហគមន៍ចំនួន ៦០ ដង នៅថ្នាក់ខេត្តនាឆ្នាំ ២០១៧ ដែលមានអ្នកចូលរួមចំនួន ១.៧៤២ នាក់ រួមមានស្ត្រីចំនួន ៣៥% យុវជន ២៥% និងជនជាតិដើមភាគតិច ១៣%។
- កិច្ចប្រជុំរវាងសហគមន៍និងមេដឹកនាំរដ្ឋបាលមូលដ្ឋាន
សមាគមអាដហុកបានរៀបចំកិច្ចប្រជុំរវាងតំណាងសហគមន៍និងថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋាន (ក្រុមប្រឹក្សាឃុំ) ។ សមាគមអាដហុកបានសម្របសម្រួលកិច្ចប្រជុំចំនួន ១៦៥ នៅក្នុងឆ្នាំ ២០១៧ ដែលមានអ្នកចូលរួមដែលជាអ្នកតំណាងសហគមន៍សរុបចំនួន ២.២០២ នាក់រួមទាំងស្រ្តី ២៨%។
- កាហ្វេអ៊ិនធឺណិតសហគមន៍ (Community Internet Café)
បានរៀបចំការប្រជុំចំនួន ១៦៣ ដង និងផ្សព្វផ្សាយ/បង្ហោះបានចំនួន ៤.៨៦០ នៅលើ Facebook / Twitter ដើម្បីទទួល និងចែករំលែកគំនិត។
៣.៣.៤. ការហ្វឹកហាត់ និងការណែនាំ
សមាគមអាដហុកបានរៀបចំការហ្វឹកហាត់ និងការណែនាំផ្នែកសិទិ្ធដីធ្លី និងធនធានធម្មជាតិចំនួន ១៦ កន្លែងនៅឆ្នាំ ២០១៧ តាមតម្រូវការមូលដ្ឋាន។
៤- ការគ្រប់គ្រងនៅក្នុងសមាគម
៤.១. ការគ្រប់គ្រងបុគ្គលិក
- កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រចាំសប្តាហ៍
គណៈកម្មាធិការគ្រប់គ្រងបានបើកការប្រជុំបានចំនួន ៤០ ដង តាមតម្រូវការ។
- ការហ្វឹកហាត់ និងគោលការណ៍ចុះសហគមន៍
គណ:គ្រប់គ្រងសមាគម បានរៀបចំការហ្វឹកហាត់និងគោលការណ៍ចុះសហគមន៍បានចំនួន ១០ ដង នៅឆ្នាំ២០១៧។
- កិច្ចប្រជុំក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សាភិបាលនៃសមាគមអាដហុកបានកោះប្រជុំចំនួន ២ លើកទៅតាមតម្រូវការ។
- ការប្រជុំពិនិត្យឡើងវិញនូវការអនុវត្តការងារប្រចាំឆ្នាំ
អាដហុកបានធ្វើការប្រជុំវាយតម្លៃប្រចាំឆ្នាំសម្រាប់ការិយាល័យកណ្តាល និងបុគ្គលិកខេត្ត និងរាជធានីភ្នំពេញនៅខែ វិច្ឆិកា ឆ្នាំ ២០១៧។
- ការវាយតម្លៃបុគ្គលិក
ការវាយតម្លៃបុគ្គលិកប្រចាំឆ្នាំរបស់សមាគមអាដហុក នឹងត្រូវបានបញ្ចប់នៅខែកុម្ភៈ ឆ្នាំ ២០១៨។
២. កសាងស្មារតីក្រុមនិងដំណើរការធ្វើសេចក្តីសម្រេចចិត្តតាមបែបប្រជាធិបតេយ្យ
- កិច្ចប្រជុំបុគ្គលិក
អាដហុកបានរៀបចំកិច្ចប្រជុំបុគ្គលិកចំនួន ២ ដង។
- កិច្ចប្រជុំពីរដងក្នុងមួយខែ
កិច្ចប្រជុំប្រចាំខែ ពីរថ្ងៃ ត្រូវបានកោះហៅជារៀងរាល់ពីរខែនៅរាជធានីភ្នំពេញ (សរុបចំនួន ៦ ដង ក្នុងមួយឆ្នាំ) ។
៣. ការកសាងសមត្ថភាពបុគ្គលិក
បុគ្គលិកទទួលបានចំណេះដឹងនិងជំនាញកើនឡើងតាមរយៈការបណ្តុះបណ្តាល និងការកសាងសមត្ថភាពនៅក្នុងឆ្នាំ ២០១៧។
៤. សេចក្តីសន្និដ្ឋាន
សមាគមអាដហុក បានអនុវត្តសកម្មភាពរបស់ខ្លួនតាមការគ្រោងទុក ហើយបានបន្តលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅទូទាំងប្រទេសកម្ពុជានៅឆ្នាំ ២០១៧។ ការងាររបស់សមាគមអាដហុក គឺធានាថា ប្រជាជនកាន់តែច្រើនបានយល់ដឹងពីសិទ្ធិរបស់ពួកគេ និងមានសមត្ថភាពការពារសិទិ្ធរបស់ពួកគេយ៉ាងសកម្ម។ ស្ត្រីកំពុងបោះជំហានកាន់តែខ្លាំងឡើង ដើម្បីប្រកួតប្រជែងនឹងការរំលោភសិទ្ធិដែលពួកគេប្រឈម។ សមាគមអាដហុកកំពុងរួមចំណែកយ៉ាងសកម្មឆ្ពោះទៅរកការបង្កើនចំណេះដឹងអំពីសិទ្ធិស្ត្រី និងគាំទ្រដល់ស្ត្រីក្នុងការការពារពួកគេ។ សមាគមអាដហុក ក៏បានរួមចំណែកដល់ការយល់ដឹងកាន់តែប្រសើរអំពីសិទ្ធិដីធ្លី និងច្បាប់ពាក់ព័ន្ធដល់សហគមន៍ដាច់ស្រយាលនិង សហគមន៍ជនជាតិដើមភាគតិច។ វប្បធម៌នៃសាមគ្គីភាពក៏ត្រូវបានពង្រឹងកាន់តែខ្លាំងឡើងនៅក្នុងនិងទូទាំងសហគមន៍។ ជារួមសមាគមអាដហុកបានចូលរួមចំណែកយ៉ាងជោគជ័យក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០១៧។
សរុបមក សមាគមអាដហុក បានរៀបចំនូវសកម្មភាពការងារ ស្របទៅនឹងផែនការ និងបន្តបង្កើនការការពារសិទ្ធិមនុស្សទូទាំងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៨។
