អំពីយើងខ្ញុំ

១. សេចក្តីផ្តើម

សមាគមការពារសិទិ្ធមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)​​ Cambodian Human Rights And Development Association (ADHOC) បានបង្កើតឡើងដោយអតីតអ្នកទោស​នយោបាយ​នៅខែធ្នូ ឆ្នាំ ១៩៩១ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ អាដហុក គឺជាអង្គការឯករាជ្យ មិនប្រកាន់បក្សពួក មិនរកប្រាក់ចំណេញ និងជាអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០០០ តាមលិខិតអនុញ្ញាតលេខ ២៧៨ ស.ជ.ណ

អស់រយៈពេលជាង ២៥ ឆ្នាំមកហើយ សមាគមអាដហុកបានធ្វើការដើម្បីដោះស្រាយ​អវត្តមាននៃសិទ្ធិមូលដ្ឋាន និងសេរីភាពនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ដល់ប្រជាជន​នូវ​ចំណេះដឹង និងការយល់ដឹងអំពីសិទ្ធិមនុស្ស ច្បាប់ និងប្រជាធិបតេយ្យ និងរបៀបការពារសិទ្ធិ ព្រមទាំងសេរីភាពរបស់ពួកគេ។ គោលបំណងរបស់សមាគមអាដហុករួមមានការជួយ​ជនរង​គ្រោះ​ពីការរំលោភបំពានក្នុងការស្វែងរកយុត្តិធម៌ ពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋ​នៅក្នុង​ការ​ទាមទារសិទ្ធិរបស់ពួកគេ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបញ្ចុះបញ្ចូល និងតស៊ូមតិ​ដើម្បី​កែលម្អច្បាប់ ស្ថាប័ននានា និងការអនុវត្តច្បាប់។

សមាគមអាដហុកមានកម្មវិធី៣ រួមមាន ផ្នែកសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ ផ្នែក​សិទ្ធិ​ស្ត្រី និងកុមារ និងផ្នែកដីធ្លី និងធនធានធម្មជាតិ។

របាយការណ៍នេះគ្របដណ្តប់លើការអនុវត្តសកម្មភាពរបស់សមាគមអាដហុក ក្នុង អំឡុង​​ពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៧។ ព័ត៌មានត្រូវបានប្រមូល​តាម​រយៈ​មធ្យោបាយជាច្រើន ដូចជា៖ សកម្មភាពដឹកនាំនិងហ្វឹកហាត់នៅតាមបណ្តា​ខេត្ត​ដែល​ដឹកនាំអនុវត្តដោយបុគ្គលិកជាន់ខ្ពស់នៅការិយាល័យកណ្តាល ដើម្បីត្រួតពិនិត្យនិងតាមដាន ​សកម្មភាព។ ការសិក្សាត្រូវបានអនុវត្តនៅមុននិងបន្ទាប់ពីការពង្រឹងសិទ្ធិអំណាច​ និង​សកម្ម​ភាព​​ផ្សេងៗទៀតដើម្បីវាយតម្លៃផលប៉ះពាល់។ អ្នកសម្របសម្រួលនៅតាមបណ្តាខេត្ដ​ទាំង​អស់​បានមក​ចូលរួមប្រជុំនៅរាជធានីភ្នំពេញ ​ដែលក្នុងនោះពួកគេផ្តល់ជូននូវ​ របាយ​ការណ៍​​អំពីសកម្មភាព និងឯកសារហិរញ្ញវត្ថុ បញ្ហាប្រឈម ​និងស្វែង​រកដំណោះ​ស្រាយ​រួមគ្នា​ចំពោះ​បញ្ហានានា។

២. តំបន់គោលដៅ

នៅក្នុងឆ្នាំ២០១៧ សមាគមអាដហុក បំពេញសកម្មភាពការងាររបស់ខ្លួននៅ ១៩ ខេត្ត និងរាជធានីភ្នំពេញ។            សមាគមអាដហុក ផ្តោតការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋដែល​ជា​ម្ចាស់​សិទ្ធិ ដូចជា​ប្រជា​ពលរដ្ឋសាមញ្ញ ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋដែលបាត់បង់ឱកាស សហគមន៍ ជនរងគ្រោះ​នៃករណី​រំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិស្រ្តី និងសិទ្ធិកុមារ និងករណី​រំលោភសិទ្ធិដីធ្លី​ និងធនធាន​ធម្មជាតិ។ សមាគមអាដហុកក៏បានធ្វើការ និងសហការជាមួយរាជរដ្ឋាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន និងមន្ត្រីអនុវត្តច្បាប់ (ប៉ូលីស ទាហ៊ាន និងកងរាជអាវុធហត្ថ)។

៣. ការអនុវត្តកម្មវិធី

នៅក្នុងឆ្នាំ២០១៧ សមាគមអាដហុក បានអនុវត្តសកម្មភាពរបស់ខ្លួនស្ទើតែទាំងស្រុងទៅតាម​ផែន​ការ  ដែលលទ្ធផលនៃសកម្មភាពនីមួយត្រូវបានបង្ហាញដូចខាងក្រោម៖

        ៣.១-ផ្នែកសិទ្ធិមនុស្សនិងជំនួយផ្នែកច្បាប់
             ៣.១.១-ជំនួយឧបត្ថមជនរងគ្រោះ
  • ការស៊ើបអង្កេត និងអន្តរាគមន៍

ផ្នែកស៊ើបអង្កេតសិទ្ធិមនុស្ស បានធ្វើការស៊ើបអង្កេត និងអន្តរាគមន៍ករណីរំលោភសិទ្ធិមនុស្ស ចំនួន ៤០៤ ករណី នៅឆ្នាំ២០១៧ ដែលរួមានសំណុំរឿងថ្មីចំនួន ៣១៨ ករណី និង ៨៩ ករណីកំពុង​បន្ត​តាមដាន។

  • ការផ្តល់សេវាផ្នែកច្បាប់

ផ្នែកបានផ្តល់មេធាវីការពារក្តីជូនដល់ប្រជាពលរដ្ឋក្រីក្រដោយមិនគិតកម្រៃលើករណីរំលោភសិទ្ធិមនុស្សបានចំនួន ១៦ ករណី។

  • ការផ្តល់ជំនួយសង្រ្គោះ

     ផ្នែកសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ បានផ្តល់ជំនួយសង្រោះ បានចំនួន ២៦ ​ករណី នៅឆ្នាំ ២០១៧។​ សមាគមអាដហុក បានផ្តល់ជំនួយដល់ជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស  ឬក្រុមគ្រួសារ របស់ពួកគេ ដើម្បីអនុញ្ញាតឱ្យពួកគេធ្វើដំណើរទៅកាន់តុលាការ និងការិយាល័យ ADHOC ដើម្បី​ជួបជាមួយមេធាវីរបស់ពួកគេ ឬទទួលយកនូវសេវាវេជ្ជសាស្ត្រ។

៣.១.២. ការលើកកម្ពស់ការចូលរួមក្នុងដំណើរការលទិ្ធប្រជាធិបតេយ្យ

  • សិក្ខាសាលាការអប់រំអ្នកបោះផ្នោត

នៅឆ្នាំ ២០១៧  អាដហុកបានរៀបចំសិក្ខាសាលាស្តីអំពី ការអប់រំអ្នកបោះឆ្នោត មានរយៈពេល​កន្លះថ្ងៃ ​ដែលក្នុងនោះមានអ្នកចូលរួមចំនួន ៧.០៣០ នាក់ ស្ត្រីចំនួន ៤១៧១ នាក់ (៥៩%) និងយុវជន​ចំនួន ១.៦៩២ នាក់ (២៤%) ។ សិក្ខាសាលាបានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ដំណើរការចុះ​ឈ្មោះបោះ​ឆ្នោត និងការបោះឆ្នោត។

  • កិច្ចប្រជុំពិភាក្សានយោបាយសាធារណៈ

សមាគមអាដហុក បានរៀបចំកិច្ចប្រជុំពិភាក្សាសាធារណៈមានរយៈពេលកន្លះថ្ងៃដែលមានអ្នក ចូលរួម​ចំនួន ២០៦២ នាក់ ដែលមានស្ត្រីចំនួន ៧៧១ នាក់ ស្មើនឹង ៣៧% និងយុវជនចំនួន ៥៩១ នាក់ ស្មើនឹង ២៧%។ កិច្ចប្រជុំនេះមានការចូលរួមពីបេក្ខជនជាអ្នកនយោបាយចំនួន ៣៣៣ នាក់ មកពី​គណបក្ស​​នយោបាយ​ចំនួន ៧ ។

          ៣.១.៣. ការតស៊ូមតិ

សមាគមអាដហុកបានធ្វើសន្និសីទសារព័ត៌មាន ដោយបានចេញសេចក្តីថ្លែងការណ៍រួម ការ​រៀបចំ​កម្មវិធីវិទ្យុ ការចេញលិខិតអន្ដរាគមន៍ និងរៀបចំការប្រជុំគ្នាជាមួយស្ថាប័នពាក់ព័ន្ធ។

           ៣.១.៤. ភាពជាដៃគូនិងបណ្តាញ

បណ្តាញថ្នាក់ជាតិ​ ថ្នាក់តំបន់ និងអន្តរជាតិជាមួយដៃគូដែលមានគោលបំណងចែករំលែក​បទពិសោធន៍​និងគំនិតនិងធ្វើការឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្សសម្រាប់ទាំងអស់គ្នា។

           ៣.១.៥. ការហ្វឹកហាត់និងការណែនាំ

បុគ្គលិកអាដហុកការិយាល័យកណ្តាល បានផ្តល់ការគាំទ្រដល់បុគ្គលិកតាមខេត្តដែលមាន​បញ្ហា​​​ប្រឈម​ឬ​​ករណី​ធ្ងន់ធ្ងរ។ ផ្នែកសិទិ្ធមនុស្សនិងជំនួយផ្នែកច្បាប់បានធ្វើវេទិកាចំនួន ៣ ក្នុង​ឆ្នាំ២០១៧។

៣.២- ផ្នែកសិទ្ធិស្រ្តី និងកុមារ

             ៣.២.១. ផ្នែកជំនួយអតិថជន

  • ការអង្កេត ការអន្តរាគមន៍ និង ការពិគ្រោះយោបល់ផ្នែកច្បាប់

អ្នកឃ្លាំមើលសិទិ្ធមនុស្សនៃសមាគមអាដហុក បានយកករណីទៅស្ថាប័នពាក់ព័ន្ធដើម្បីស្នើសុំ​អន្តរាគមន៍ ឬជួយជនរងគ្រោះដាក់ពាក្យបណ្តឹង។ ផ្នែកសិទ្ធិស្ត្រីនិងកុមារបានដោះស្រាយករណីថ្មីចំនួន ៣៣៩ និងចំនួន ១៣៩ ករណី កំពុងបន្តតាមដាន។

  • តំណាងផ្នែកច្បាប់

មេធាវីរបស់សមាគមអាដហុក បានផ្តល់ជាតំណាងផ្នែកច្បាប់ដល់ជនរងគ្រោះនៃអំពើហិង្សា យេនឌ័រ ការជួញដូរមនុស្ស និងការរំលោភបំពានពលករចំណាកស្រុក។ តំណាងផ្នែកច្បាប់​បានផ្តល់​ជូន​ចំនួន ១១ ករណីនៅឆ្នាំ ២០១៧។

  • ការឧបត្ថម្ភសម្លារៈ

សមាគមអាដហុកបានផ្តល់ជំនួយខាងសម្ភារៈដល់ជនរងគ្រោះក្នុងករណីធ្ងន់ធ្ងរនៅក្នុងទម្រង់នៃការដឹកជញ្ជូន ផ្តល់អាហារ កន្លែងស្នាក់នៅ ការថែទាំសុខភាព ឬសំបុត្រយន្តហោះសម្រាប់ការ​ធ្វើមាតុភូមិនិវត្តន៍​ ដែលអនុញ្ញាតឱ្យជនរងគ្រោះចូលរួមក្នុងដំណើរការក្តី ធ្វើដំណើរទៅកាន់​ការិយា​ល័យអាដហុក ជួបជាមួយមេធាវី ឬវិលត្រឡប់ទៅសហគមន៍វិញបន្ទាប់ពីមានការជួញដូរមនុស្ស​ឬការរំលោភបំពានពលករចំណាកស្រុក។ អាដហុកបានផ្តល់ជំនួយសង្គមចំនួន១៥ ដង។

  • ជំនួយសមាហរណកម្ម

អ្នកឃ្លាំមើលសិទិ្ធមនុស្សរបស់សមាគមអាដហុក បានធ្វើដំណើរទៅជួបផ្ទាល់ជនរងគ្រោះ​ដែលវិលត្រឡប់មកមាតុភូមិវិញ និងជួយដោះស្រាយបញ្ហាផ្សេងៗ។ នៅឆ្នាំ ២០១៧ សមាគមអាដហុក​បានផ្តល់ជំនួយស្តារឡើងវិញចំនួន ១៥ ករណី។

៣.២.២.ការតស៊ូមតិ

ផ្នែកនេះបានធ្វើកិច្ចប្រជុំចំនួន ៣ លើក ជាមួយមន្រ្តីជាន់ខ្ពស់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។

៣.២.៣. ភាពជាដៃគូនិងបណ្តាញ

  • កិច្ចសន្ទនាជាមួយស្ថានទូតកម្ពុជា ដៃគូអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍អន្តោ​ប្រវេសន៍​នៅ​​​ក្នុង​ប្រទេសគោលដៅ។

ផ្នែកសិទ្ធិស្ត្រីនិងកុមារបានធ្វើដំណើរចំនួន ៤ ដង ដើម្បីបង្កើនភាពជាដៃគូដល់ប្រទេស​ថៃ ម៉ាឡេស៊ី និងចិន។ តំបន់ទាំងនេះបានអនុញ្ញាតឱ្យសមាគមអាដហុកពង្រឹងទំនាក់ទំនងដែលមាន​ស្រាប់​​​​ជា​មួយ​ស្ថានទូត និងបង្កើតបណ្តាញថ្មីជាមួយដៃគូអង្គការសង្គមស៊ីវិល និងបណ្តាញ​អន្តោប្រវេសន៍។

  • បណ្តាញ

នៅឆ្នាំ២០១៧ សមាគមអាដហុកបាន ពង្រឹងបណ្តាញរបស់ខ្លួនដោយជោគជ័យនៅថ្នាក់ជាតិថ្នាក់ តំបន់និងអន្តរជាតិដើម្បីការពារសិទិ្ធរបស់ស្ត្រីឱ្យបានប្រសើរជាងមុន។

  • សិក្ខាសាលាបណ្តាញថ្នាក់ខេត្ត

អាដហុកបានរៀបចំសិក្ខាសាលាបណ្តាញថ្នាក់ខេត្តនៅខេត្តកំពង់ចាម។​ មានអ្នកចូលរួម​ចំនួន ៧១ នាក់ ក្នុងនោះមានស្រ្តីចំនួន ៣១ នាក់ (៤៤%) ដែលមានវាគ្មិនមកពីអង្គភាពប្រឆាំងការ​ជួញដូរ​មនុស្ស​នៃស្នងការនគរបាលខេត្ត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និង​បណ្តុះ​​បណ្តាល​​វិជ្ជាជីវៈ អភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន ចំនួន ១០ អង្គភាពផងដែរ។

៣.២.៤. ការផ្តល់អំណាច

  • វគ្គផ្សព្វផ្សាយ

សមាគមអាដហុក រៀបចំវគ្គផ្សព្វផ្សាយបានចំនួន ៥៣ លើក ស្តីពីសិទ្ធិស្ត្រី ដែលមានអ្នក​ចូលរួម​សរុប​ចំនួន ២.៨៦៣ នាក់រួមទាំងស្ត្រីចំនួន ១.៨៤៩នាក់ (៦៥%) ។

  • វេទិកាសាធារណៈស្តីពីការធ្វើចំណាកស្រុកដែលមានសុវត្ថិភាព

សមាគមអាដហុក បានរៀបចំវេទិការសាធារណៈចំនួន ៥ លើក ដែលមានអ្នកចូលរួមចំនួន ២៤៩ នាក់ ដែលមានស្ត្រីចំនួន ១០៤ នាក់ (៤២%) ។ វេទិកាសាធារណៈបានអនុញ្ញាតឱ្យអ្នកចូលរួម​លើកឡើងពីកង្វល់ ឬបញ្ហារបស់ពួកគេ និងចែករំលែកបទពិសោធន៍ដែលពួកគេជួបប្រទះជាមួយវាគ្មិន មកពីការិយាល័យកណ្តាលអាដហុក និងមកពីអង្គភាពប្រឆាំងការ​ជួញដូរ​មនុស្ស​នៃនគរបាលខេត្ត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

  • ការបណ្តុះបណ្តាលពីការធ្វើចំណាកស្រុកដែលមានសុវត្ថិភាព

នៅឆ្នាំ២០១៧ មានវគ្គបណ្តុះបណ្តាលចំនួន ៥ លើក ស្តីពីការធ្វើចំណាកស្រុកមានសុវត្ថិភាពត្រូវ។ មានអ្នកចូលរួមចំនួន ១៥០ នាក់ក្នុងនោះមានស្ត្រីចំនួន ១០០ នាក់ (៦៦%) ។

  • ការបោះពុម្ព

នៅឆ្នាំ២០១៧ ផ្នែកបោះពុម្ពសម្ភារៈពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលចំនួន ១៥.៩៦០ ច្បាប់​ដើម្បី​គាំទ្រ​ដល់សកម្មភាពបង្កើនការយល់ដឹងរបស់ខ្លួន។

៣.២.៥. ការកសាងសមត្ថភាពបុគ្គលិក

  • ការហ្វឹកហាត់និងការណែនាំ

ផ្នែកសិទ្ធិស្ត្រីនិងកុមារបានធ្វើការហ្វឹកហាត់និងដឹកនាំចំនួន ៣ ដង នៅឆ្នាំ២០១៧ ។

  • កិច្ចប្រជុំបុគ្គលិកឆ្លុះបញ្ចាំង

សមាគមអាដហុក បានរៀបចំកិច្ចប្រជុំ ១ ដង សម្រាប់បុគ្គលិកប្រតិបត្តិការដើម្បីជូនដំណឹងដល់​ពួកគេអំពីការផ្លាស់ប្តូរគម្រោង ពិភាក្សាពីការអនុវត្តគម្រោង ផ្តល់យោបល់ និងឆ្លុះបញ្ចាំងពីផល​ប៉ះ​ពាល់​នៃសកម្មភាព។

៣.៣- ផ្នែកដីធ្លី និង ធនធានធម្មជាតិ

៣.៣.១- ការជួយ និង ការឃ្លាំមើល

  • ការអង្កេត និង​ការអន្តរាគមន៍

ផ្នែកដីធ្លី និង ធនធានធម្មជាតិ បានទទួលបណ្តឹងចំនួន ២៦១ ករណី នៅក្នុង ឆ្នាំ ២០១៧ ។ ក្នុងចំណោមករណីទាំងអស់នេះមានចំនួន ៦៧ ករណីជាករណីថ្មី និង ១៩៤ គឺជាករណីតាមដាន ក្នុងឆ្នាំ២០១៨។​​

  • ការអង្កេតរួម ជាមួយគណៈកម្មការសុរិយោដី

សមាគមអាដហុក បានធ្វើការអង្កេត១ករណី ជាមួយ គណៈកម្មការសុរិយោដីថ្នាក់ស្រុក ខេត្ត។

  • តំណាងផ្នែកច្បាប់

ផ្នែកនេះបានផ្តល់ជាតំណាងផ្នែកច្បាប់បានចំនួន ២៨ ករណី នៅឆ្នាំ២០១៧។

  • ​ជំនួយសង្គម

សមាគមអាដហុកបានផ្តល់ជំនួយសង្គមដល់ជនរងគ្រោះនៃការរំលោភសិទ្ធិដីធ្លី និងសមាជិក​គ្រួសាររបស់ពួកគេដោយអនុញ្ញាតឱ្យពួកគេចូលរួមក្នុងដំណើរការតុលាការ ទៅការិយាល័យអាដហុក​ជួបជាមួយមេធាវីរបស់ពួកគេ ឬទទួលបានសេវាវេជ្ជសាស្ត្រ។ សមាគមអាដហុក បានផ្តល់ជំនួយ សង្គមក្នុងករណីរំលោភសិទ្ធិដីធ្លីចំនួន ៦ ករណី ដែលពាក់ព័ន្ធនឹងជនរងគ្រោះចំនួន ៩ នាក់ (ស្រ្តី ៧៥%) ។

៣.៣.២. ការពង្រឹងសិទ្ធិអំណាចសហគម​ន៍

  • ការកំណត់អត្តសញ្ញាញសហគមន៍

សមាគមអាដហុកបានកំណត់សហគមន៍អាទិភាពថ្មីចំនួន ៥០​ ​រួមទាំងសហគមន៍ជនជាតិដើម​ភាគតិចចំនួន ៦ និងសហគមន៍កុលសម្ព័ន្ធភ្នំនៅខេត្តរតនគិរី ៣ និងមណ្ឌលគិរី ៣។

  • វគ្គផ្សព្វផ្សាយ

​សមាគមអាដហុក បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី សិទិ្ធដីធ្លី និងធនធានធម្មជាតិបានចំនួន ២០០​ វគ្គ។ មានអ្នកចូលរួមចំនួន ១២.៩៥៨ នាក់រួមទាំងស្ត្រី ៦០% និងយុវជន ១៧%។

  • វគ្គបណ្ដុះបណ្តាលសម្រាប់តំណាងសហគមន៍

អាដហុកបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៥០ វគ្គ ស្តីពី សិទ្ធិដីធ្លីដែលមានអ្នកចូលរួមចំនួន ១៤៣៥ នាក់ ក្នុងនោះមានស្ត្រី ៦២% យុវជន ៣៦% និងមានជនជាតិដើមភាគតិច ចំនួន ១៤%។ សមាគមអាដហុក បានរៀបចំវគ្គបណ្តុះបណ្តាលបន្ថែមចំនួន ៣ វគ្គ។

  • ការបោះពុម្ព

បានធ្វើការបោះពុម្ពសម្ភារៈអប់រំចំនួន ២៣.០០០ ច្បាប់។

៣.៣.៣. សកម្មភាពតស៊ូមតិ

  • សិក្ខាសាលាថ្នាក់ខេត្ត

សមាគមអាដហុក បានរៀបចំសិក្ខាសាលាថ្នាក់ខេត្តចំនួន ៤ វគ្គ ដើម្បីបង្កឱកាសដល់អាជ្ញាធរ​មូលដ្ឋាន​​​បាន​ជួបជាមួយសហគមន៍ ដើម្បីឱ្យមានការផ្លាស់ប្តូរយោបល់គ្នារវាងក្រុម ដែលមាន​អ្នក​ចូលរួមចំនួន ២៣៧ នាក់ ក្នុងនោះមានស្រ្តី ២៧% និងយុវជន ១៥%។

  • សិក្ខាសាលាថ្នាក់តំបន់សម្រាប់តំណាងសហគមន៍

អ្នកតំណាងសហគមន៍ជាក្រុមគោលដៅ ដែលរស់នៅក្នុងខេត្តជិតខាង ត្រូវបានអញ្ជើញឱ្យ​ចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ដើម្បីបានជួបជាមួយអ្នកតំណាងរបស់គេ។ មានសិក្ខាសាលា​ចំនួន ៣ ត្រូវបានរៀបចំឡើងនៅឆ្នាំ២០១៧ ដែលមានអ្នកចូលរួមចំនួន ១៥០ នាក់នៅក្នុងនោះមាន ៣១% ស្ត្រី ២១% យុវជន និង ជនជាតិដើមចំនួន ៥%។

  • កិច្ចប្រជុំថ្នាក់ខេត្តសម្រាប់បណ្តាញសហគមន៍

សមាគមអាដហុក បានសម្របសម្រួលកិច្ចប្រជុំបណ្តាញសហគមន៍ចំនួន ៦០ ដង នៅថ្នាក់​ខេត្ត​នា​ឆ្នាំ ២០១៧ ដែលមានអ្នកចូលរួមចំនួន ១.៧៤២ នាក់ រួមមានស្ត្រីចំនួន ៣៥% យុវជន ២៥% និងជនជាតិដើមភាគតិច ១៣%។

  • កិច្ចប្រជុំរវាងសហគមន៍និងមេដឹកនាំរដ្ឋបាលមូលដ្ឋាន

សមាគមអាដហុកបានរៀបចំកិច្ចប្រជុំរវាងតំណាងសហគមន៍និងថ្នាក់ដឹកនាំរដ្ឋបាលមូលដ្ឋាន (ក្រុមប្រឹក្សាឃុំ) ។ សមាគមអាដហុកបានសម្របសម្រួលកិច្ចប្រជុំចំនួន ១៦៥ នៅក្នុងឆ្នាំ ២០១៧ ដែលមានអ្នកចូលរួមដែលជាអ្នកតំណាងសហគមន៍សរុបចំនួន ២.២០២ នាក់រួមទាំងស្រ្តី ២៨%។

  • កាហ្វេអ៊ិនធឺណិត​សហគមន៍ (Community Internet Café)

បានរៀបចំការប្រជុំចំនួន ១៦៣ ដង និងផ្សព្វផ្សាយ/បង្ហោះបានចំនួន ៤.៨៦០ នៅលើ Facebook / Twitter ដើម្បីទទួល និង​ចែក​រំលែក​​​គំនិត។

៣.៣.៤. ការហ្វឹកហាត់ និងការណែនាំ

សមាគមអាដហុកបានរៀបចំការហ្វឹកហាត់ និងការណែនាំផ្នែកសិទិ្ធដីធ្លី និងធនធានធម្មជាតិ​ចំនួន ១៦ កន្លែងនៅឆ្នាំ ២០១៧ តាមតម្រូវការមូលដ្ឋាន។

 

៤- ការគ្រប់គ្រងនៅក្នុងសមាគម

៤.១. ការគ្រប់គ្រងបុគ្គលិក

  • កិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងប្រចាំសប្តាហ៍

គណៈកម្មាធិការគ្រប់គ្រងបានបើកការប្រជុំបានចំនួន ៤០ ដង តាមតម្រូវការ។

  • ការហ្វឹកហាត់ និងគោលការណ៍ចុះសហគមន៍

គណ:គ្រប់គ្រងសមាគម បានរៀបចំការហ្វឹកហាត់និងគោលការណ៍ចុះសហគមន៍បានចំនួន ១០ ដង ​នៅឆ្នាំ២០១៧។

  • កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលនៃសមាគមអាដហុកបានកោះប្រជុំចំនួន ២ លើកទៅតាមតម្រូវការ។

  • ការប្រជុំពិនិត្យឡើងវិញនូវការអនុវត្តការងារប្រចាំឆ្នាំ

អាដហុកបានធ្វើការប្រជុំវាយតម្លៃប្រចាំឆ្នាំសម្រាប់ការិយាល័យកណ្តាល និងបុគ្គលិក​ខេត្ត និង​រាជធានីភ្នំពេញនៅខែ វិច្ឆិកា ឆ្នាំ ២០១៧។

  • ការវាយតម្លៃបុគ្គលិក

ការវាយតម្លៃបុគ្គលិកប្រចាំឆ្នាំរបស់សមាគមអាដហុក នឹងត្រូវបានបញ្ចប់នៅខែកុម្ភៈ ឆ្នាំ ២០១៨។

២. កសាងស្មារតីក្រុមនិងដំណើរការធ្វើសេចក្តីសម្រេចចិត្តតាមបែបប្រជាធិបតេយ្យ

  • កិច្ចប្រជុំបុគ្គលិក

អាដហុកបានរៀបចំកិច្ចប្រជុំបុគ្គលិកចំនួន ២ ដង។

  • កិច្ចប្រជុំពីរដងក្នុងមួយខែ

កិច្ចប្រជុំប្រចាំខែ ពីរថ្ងៃ ត្រូវបានកោះហៅជារៀងរាល់ពីរខែនៅរាជធានីភ្នំពេញ (សរុបចំនួន ៦ ដង ក្នុងមួយឆ្នាំ) ។

៣. ការកសាងសមត្ថភាពបុគ្គលិក

បុគ្គលិកទទួលបានចំណេះដឹងនិងជំនាញកើនឡើងតាមរយៈការបណ្តុះបណ្តាល និងការ​កសាង​​សមត្ថភាពនៅក្នុងឆ្នាំ ២០១៧។

៤. សេចក្តីសន្និដ្ឋាន​

សមាគមអាដហុក បានអនុវត្តសកម្មភាពរបស់ខ្លួនតាមការគ្រោងទុក ហើយបានបន្តលើក​កម្ពស់ និងការពារសិទ្ធិមនុស្សនៅទូទាំងប្រទេសកម្ពុជានៅឆ្នាំ ២០១៧។ ការងាររបស់សមាគម​អាដហុក គឺ​ធានា​ថា ប្រជាជនកាន់តែច្រើនបានយល់ដឹងពីសិទ្ធិរបស់ពួកគេ និងមានសមត្ថភាពការពារ​សិទិ្ធរបស់ពួក​គេ​យ៉ាង​សកម្ម។ ​ស្ត្រីកំពុងបោះជំហានកាន់តែខ្លាំងឡើង ដើម្បីប្រកួតប្រជែងនឹងការ​រំលោភ​សិទ្ធិ​ដែល​ពួក​គេប្រឈម។ សមាគមអាដហុកកំពុងរួមចំណែកយ៉ាងសកម្មឆ្ពោះទៅរកការ​បង្កើន​ចំណេះ​ដឹង​​អំពីសិទ្ធិស្ត្រី និងគាំទ្រដល់ស្ត្រីក្នុងការការពារពួកគេ។ សមាគមអាដហុក ក៏បាន​រួម​ចំណែក​ដល់​ការ​យល់ដឹងកាន់​តែប្រសើរអំពីសិទ្ធិដីធ្លី និងច្បាប់ពាក់ព័ន្ធដល់សហគមន៍ដាច់​ស្រយាល​និង សហគមន៍ជនជាតិដើមភាគតិច។ វប្បធម៌នៃសាមគ្គីភាពក៏ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង​នៅក្នុង​និងទូទាំងសហគមន៍។ ជារួមសមាគមអាដហុកបានចូលរួមចំណែកយ៉ាងជោគជ័យក្នុង​ការលើក​កម្ពស់​និងការពារសិទ្ធិមនុស្សនៅកម្ពុជាក្នុងឆ្នាំ ២០១៧។

សរុបមក សមាគមអាដហុក បានរៀបចំនូវសកម្មភាពការងារ ស្របទៅនឹងផែនការ និងបន្ត​បង្កើន​ការការពារសិទ្ធិមនុស្សទូទាំងប្រទេសកម្ពុជានៅក្នុងឆ្នាំ២០១៨។