សេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលកម្ពុជា ស្តីពីការការពារជនស៊ីវិល និងសន្តិសុខរបស់ស្ត្រី ក្នុងពេលមានភាពតានតឹងតាមព្រំដែន

ភ្នំពេញ ប្រទេសកម្ពុជា

ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥

យើងខ្ញុំ ដែលជាអង្គការសង្គមស៊ីវិលកម្ពុជា ដូចមានឈ្មោះក្នុង​ហត្ថលេខា​​ខាងក្រោម សូមបង្ហាញ​ក្ដី​ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការរាយការណ៍​ករណីថ្មីៗ​ស្ដីពី​​ការរំលោភបំពានធ្ងន់ធ្ងរ​លើជន​​ស៊ីវិល​នៅតាមបណ្តោយ​ព្រំដែន​កម្ពុជា–ថៃ រួមទាំង ករណី​លើកឡើង​​ថ្មីៗអំពីអំពើហិង្សាផ្លូវភេទ (ការរំលោភបូក) មកលើស្ត្រី​ពលករ​ទេសន្តប្រវេសន៍​​កម្ពុជាមួយរូប និង​ការបាញ់ សម្លាប់ពលរដ្ឋ​​គ្មានអាវុធ​ប្រព្រឹត្តិ​ដោយកងទ័ពថៃ។ ក្នុងករណីទាំងនេះ ប្រសិន​បើបន្ទាប់ពី​បញ្ជាក់ថា​ជា​ការពិតទាំងអស់ ករណី​កើត​ហេតុទាំងនេះ ​គឺ​ជា​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌​អន្តរជាតិ​ និងកាតព្វកិច្ចសិទ្ធិមនុស្ស ហើយ បង្កើនហានិភ័យប៉ះពាល់ ដល់​ស្ថិរភាព និងទំនុកចិត្តក្នុងតំបន់​អាស៊ានរបស់យើង។ យើងខ្ញុំក៏​​មានក្ដីបារម្ភ​អំពី​​​ហានិភ័យ​កាន់ តែច្រើនឡើង​ដែល​អាច​កើត​មាន​ចំពោះ​កុមារ ក្មេងជំទង់ អនីតិជន​គ្មាន​អ្នក​អមដំណើរ និងពលករទេសន្តប្រវេសន៍​​វ័យក្មេង​ ដែលនៅតែងាយរងគ្រោះ បំផុតក្នុងអំឡុងពេលសកម្មភាពយោធាកើនឡើង និងការបិទព្រំដែន។

ការការពារជន​​ស៊ីវិលគឺជាកាតព្វកិច្ចតាម​ផ្លូវច្បាប់ និងសីលធម៌។ ​មាត្រា៣រួម នៃអនុសញ្ញាទីក្រុងហ្សឺណែវ​ចែងថា គ្រប់​ភាគី នៃជម្លោះប្រដាប់អាវុធ ​ត្រូវតែការពារជនស៊ីវិលពីអំពើហិង្សា រួមទាំងអំពើដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួន។ ស្ត្រី និងកុមារី ​បានទទួល​ការការពារពិសេសក្រោមមាត្រា ២៧ នៃអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ដែលហាមឃាត់យ៉ាងច្បាស់ នូវអំពើរំលោភសេពសន្ថវៈ និងទម្រង់ផ្សេងទៀតនៃអំពើហិង្សាផ្លូវភេទ។ ទាំងប្រទេស​កម្ពុជា និងប្រទេស​ថៃ គឺជាភាគីនៃ កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) និងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃ ការរើសអើងប្រឆាំងស្ត្រីភេទ (CEDAW) ដែលតម្រូវឱ្យរដ្ឋទាំងឡាយត្រូវតែ​ទប់ស្កាត់​ ស៊ើបអង្កេត និងផ្តន្ទាទោសអំពើហិង្សា ផ្អែកលើយេនឌ័រ រួមទាំងទង្វើដែលប្រព្រឹត្តដោយភ្នាក់ងាររដ្ឋ។ បន្ថែមលើនេះ ប្រទេសទាំងពីរគឺជាភាគីនៃអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីសិទ្ធិកុមារ (UNCRC) ដែលតម្រូវឱ្យរដ្ឋត្រូវ​ការពារកុមារពីរាល់​ទម្រង់នៃអំពើហិង្សា ការកេងប្រវ័ញ្ច ការជួញដូរ និងការអនុវត្តការឃុំឃាំងដែលបង្កគ្រោះថ្នាក់ (មាត្រា ១៩ មាត្រា៣៤ មាត្រា​៣៥ និង មាត្រា៣៧)។ ការរំលោភបំពាន​កើតមាន​ក្នុងអំឡុងពេលមាន​ភាពតានតឹងតាមព្រំដែន ឬការធ្វើទេសន្តប្រវេសន៍​​ដែល​ប៉ះពាល់ដល់កុមារ គឺមានន័យ​ស្មើនឹងការរំលោភបំពានធ្ងន់ធ្ងរលើកាតព្វកិច្ចទាំងនេះ។

ចំណុច​​គួរ​ឱ្យ​សោកស្ដាយ​បន្ថែមទៀតនោះគឺ​​យើងខ្ញុំក៏​​កត់សម្គាល់ឃើញ​ថា ការរំលោភបំពានទាំងនេះបាន​កើតឡើង បើទោះបី ជារដ្ឋជាសមាជិកអាស៊ានបានអនុម័តផែនការសកម្មភាពថ្នាក់តំបន់ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (RPA-WPS) ដែលតម្រូវ​ឱ្យរដ្ឋាភិបាល​មាន​ការប្ដេជ្ញាចិត្ត​ទប់ស្កាត់​អំពើហិង្សាផ្លូវភេទ និងយេនឌ័រ ការពារស្ត្រី និងកុមារីនៅក្នុងបរិយាកាស ជម្លោះ និងវិបត្តិ ធានាការឆ្លើយតបដែល​យក​ជនរងគ្រោះជាគោល និងការបញ្ចូលវិធីសាស្រ្តដែលយកចិត្តទុកដាក់​លើ​យេនឌ័រទៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងសន្តិសុខរួចហើយក្ដី។ ការប្តេជ្ញាចិត្តទាំងនេះ មិនមែន​ត្រឹម​តែ​ជាសេចក្ដី​ប្រាថ្នានោះទេ។ ការប្តេជ្ញាចិត្តទាំងនេះ គឺជាស្តង់ដារដែលអាច​អនុវត្តបាន ដែលត្រូវ​​ចង្អុលបង្ហាញ​​ការឆ្លើយតបចំពោះ ភាពតានតឹងបច្ចុប្បន្ន។ ផ្ទុយទៅវិញ ​បរាជ័យក្នុងការអនុវត្តការប្តេជ្ញាចិត្តទាំងនេះ ជាពិសេសសសរស្តម្ភនៃការការពារ និងការបង្ការ បានធ្វើឱ្យស្ត្រីនិងកុមារីងាយរងគ្រោះ ហើយធ្វើឱ្យប៉ះពាល់ដល់ភាពគួរជាទី​ជឿជាក់របស់អាស៊ានក្នុងនាម ជាសហគមន៍ដែលប្តេជ្ញាចិត្តចំពោះសន្តិភាព និងសន្តិសុខ។ ហេតុនេះ ជាការចាំបាច់ណាស់​ដែលត្រូវ​បិទភ្ជិត​គម្លាតរវាង ក្របខ័ណ្ឌច្បាប់និងគោលនយោបាយ ជាមួយ​នឹង​ការអនុវត្តជាក់ស្ដែង​ ដើម្បីស្តារទំនុកចិត្តលើយន្តការថ្នាក់​តំបន់ និងលើក កម្ពស់​សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិលទាំងអស់។

អនុសាសន៍

  1. បង្កើតឱ្យមាន​ការស៊ើបអង្កេតឯករាជ្យ និងមានតម្លាភាព៖ បង្កើតយន្តការស្វែងរកការពិតរួមគ្នា ក្រោម​ការ​​ត្រួតពិនិត្យ របស់អាស៊ាន (ឧទាហរណ៍៖ ACWC/AICHR) ដោយធានាថាយន្តការនេះ​​មានការចូលរួម​ពី​​​អ្នកជំនាញផ្នែក យេនឌ័រ ផ្នែក​ការការពារកុមារ និងអ្នកជំនាញដែលយល់ដឹងពីរបួសផ្លូវចិត្ត ដើម្បីស៊ើបអង្កេតករណី​​​ដែលលើកឡើង ថា​មាន​​​អំពើហិង្សាផ្លូវភេទ និងការសម្លាប់ជនស៊ីវិលកើតឡើង។
  2. បន្តធានាឱ្យ​មាន​ការការពារ និងការគាំទ្រដែលយក​ជនរងគ្រោះជាគោល​៖ ផ្តល់លទ្ធភាពទទួលបានការថែទាំ វេជ្ជសាស្រ្ត​​បន្ទាន់ និងរក្សាការសម្ងាត់​ ព្រមទាំង​ការប្រឹក្សាយោបល់ផ្នែកចិត្តសង្គម និងជំនួយផ្នែក​ច្បាប់​ឱ្យបាន គ្រប់គ្រាន់ជូន​ដល់​ជនរងគ្រោះ ស្របតាមស្តង់ដារអន្តរជាតិស្ដីពី​ការ​ការពារកុមារ​ និងគោលការណ៍ណែនាំស្តីពី អំពើហិង្សាផ្អែកលើយេនឌ័រ (GBV)។
  3. ចេញបទបញ្ជាច្បាស់លាស់ និងជម្រុញ​ការ​អនុវត្តដើម្បីធានា​ភាព​អនុលោមតាមច្បាប់៖ កងទ័ពរបស់​ប្រទេស​ទាំងពីរ ត្រូវតែ​អះអាង​​ឡើងវិញនូវកាតព្វកិច្ច​ដែល​មាន​ចែង​នៅ​ក្នុង​​ច្បាប់មនុស្សធម៌អន្តរជាតិ​ និងច្បាប់សិទ្ធិមនុស្ស ចេញបទបញ្ជាអចិន្ត្រៃយ៍​ហាមឃាត់អំពើហិង្សាផ្លូវភេទ និងការវាយប្រហារលើជនស៊ីវិល និងជម្រុញ​ការ​អនុវត្តវិធាន​ស្ដីពីការប្រើប្រាស់កម្លាំង​​​ស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ។ មេបញ្ជាការត្រូវតែធានាឱ្យមាន​ការផ្សព្វផ្សាយវិធាន​ទាំងនេះដល់​បុគ្គលិកទាំងអស់​របស់ខ្លួន រួមទាំងប៉ូលីសព្រំដែន មន្ត្រីអន្តោប្រវេសន៍ និងកងកម្លាំងជំនួយ។
  4. អនុវត្តការប្តេជ្ញាចិត្តរបស់ ASEAN RPA-WPS៖ ដាក់ឱ្យដំណើរការសសរស្តម្ភនៃការការពារ និងការបង្ការរបស់ ASEAN RPA-WPS ដោយបង្កើតច្រក​ផ្លូវនៃការបញ្ជូន​ឆ្លងព្រំដែន បណ្តុះបណ្តាលកងកម្លាំងសន្តិសុខស្ដីពី​វិធីសាស្រ្តដែលយកចិត្តទុកដាក់ផ្នែក​​យេនឌ័រ និងធ្វើ​ឱ្យ​មាន​ការចូលរួមពី​អង្គការសិទ្ធិស្ត្រីក្នុងការឃ្លាំមើល បទឈប់ បាញ់ និងកិច្ចសន្ទនាសន្តិភាព។
  5. វិធានការ​ឈប់បាញ់ និងវិធានការកសាងទំនុកចិត្ត៖ បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាជិតតំបន់ស៊ីវិល ស្តារបទឈប់បាញ់ឡើងវិញ និងបន្តកិច្ចសន្ទនាក្រោមការសម្របសម្រួលរបស់អាស៊ាន។ ទាំងប្រទេស​កម្ពុជា និងប្រទេស​ថៃ គឺជាភាគីដែលបានចុះហត្ថលេខាលើអនុសញ្ញាអូតាវ៉ា ដែលហាមឃាត់គ្រប់ភាគីទាំងអស់​មិនពី​ការប្រើប្រាស់ ការស្តុកទុក និងការបញ្ជូន​គ្រាប់​មីនប្រឆាំងមនុស្ស​។ ការប្រើប្រាស់គ្រាប់បែកចង្កោមនៅក្នុង តំបន់ស៊ីវិល កន្លងមក​ត្រូវបានរិះគន់ រួមទាំង​ការរិះគន់ពី​អង្គការឃ្លាំមើលសិទ្ធិមនុស្សផងដែរ​​ថាជាការបាញ់ប្រហារ ខុសច្បាប់ដោយឥតរើសមុខ​​។
  6. ពង្រឹងគណនេយ្យភាព និងការត្រួតពិនិត្យ៖ អនុវត្តគោលការណ៍​ថ្នាក់លើ​មានបន្ទុកទទួលខុសត្រូវ​ ដើម្បីធានាឱ្យ​មាន​គណនេយ្យភាពនៅគ្រប់កម្រិតទាំងអស់​។ ត្រូវ​បញ្ឈរជើង​បុគ្គលិក​ជាប់ពាក់ព័ន្ធ រងចាំការស៊ើបអង្កេត និង ទប់ស្កាត់កុំ​ឱ្យមាន​​ការសងសឹកចំពោះជនរងគ្រោះ និងសាក្សី តាមរយៈ​ការ​ធានាឱ្យ​មាន​ការរាយការណ៍ជា សាធារណៈអំពីលទ្ធផលនៃការស៊ើបអង្កេត ដើម្បីកសាងទំនុកចិត្ត និងការចូលរួមរបស់សហគមន៍។
  7. ការពារពលករទេសន្តប្រវេសន៍​​ និងសហគមន៍​នៅតាម​ព្រំដែន៖ ធានាសេរីភាពក្នុងការធ្វើដំណើរ ទប់ស្កាត់​ការ​ដាក់ ទណ្ឌកម្ម ​រួម និងអនុញ្ញាតិ​ឱ្យ​មាន​​ការវិលត្រឡប់​មកវិញ​​ដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលដែលផ្លាស់ទី តាមរយៈ​ការ​ពង្រឹងលទ្ធភាពទទួលបានជំនួយមនុស្សធម៌ ធានាមិនឱ្យ​មាន​ការ​រើសអើងចំពោះពលករទេសន្តប្រវេសន៍​ដែល មិនមានឯកសារត្រឹមត្រូវ និងសម្របសម្រួលជាមួយសង្គមស៊ីវិលដើម្បីបង្កើតបណ្តាញរាយការណ៍ និងបញ្ជូន​ប្រកបដោយសុវត្ថិភាព។
  8. ពង្រឹងការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីការការពារ និងលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍​៖ លើកកម្ពស់​សេចក្តីថ្លៃថ្នូររបស់​ពលករទេសន្តប្រវេសន៍ និងធានាឱ្យ​មាន​ការការពារសព្វជ្រុងជ្រោយ​​ពីការកេងប្រវ័ញ្ច ការរើសអើង និងរាល់​ទម្រង់នៃអំពើហិង្សា​ រួមទាំងអំពើហិង្សាផ្លូវភេទ និងយេនឌ័រ។

សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ជនស៊ីវិល ជាពិសេសកុមារ ស្ត្រីនិងកុមារី និងក្រុមងាយរងគ្រោះដទៃទៀត ត្រូវតែ​ជា​ស្នូល​ចំបង​នៃគ្រប់​ការសម្រេចចិត្តផ្នែកសន្តិសុខទាំងអស់។ ឧបទ្ទវហេតុទាំងនេះ គូសបញ្ជាក់ពីតម្រូវការបន្ទាន់ឱ្យ​ភាគីទាំង អស់ត្រូវតែ​​ប្រែក្លាយ​ការប្តេជ្ញាចិត្តទៅជាសកម្មភាពជាក់ស្តែង លើកកម្ពស់​​បទដ្ឋានអន្តរជាតិ និងបទដ្ឋាន​ថ្នាក់តំបន់ និង បង្ហាញ​មិនមាន​ការ​អត់ឱនចំពោះ​និទណ្ឌភាព​ឡើយ។

គាំ់ទ្រសេចក្តីថ្លែងការណ៍នេះដោយ៖

១. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា លុបបំបាត់រាល់ទម្រង់នៃការរើសអើងលើនារីភេទ

២. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា

៣. អង្គការលើកកម្ពស់គុណភាពជីវិត

៤. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

៥. សមាគមអភិវឌ្ឍន៍ជនជាតិដើមភាគតិចមណ្ឌលគីរី

៦. អង្គការកម្ពុជាដើម្បីសុខភាពនិងការអប់រំសហគមន៏

៧. អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង

៨. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា

៩. អង្គការក្លាហាន

១០. អង្គការក្តីករុណា

១១. សមាគមការពារសិទ្ធិមនុស្ស និង​អភិវឌ្ឍន៍នៅកម្ពុជា

១២. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា

១៣. អង្គការនារីដើម្បីសន្តិភាព

១៤. អង្គការបន្ទាយស្រី

១៥. អង្គការសីលការ

១៦. អង្គការសហគមន៍ឥន្ទធនូកម្ពុជា

Download_Statement_by_Cambodian_Civil_Society_on_Thai_Military_Violence