សេចក្តីថ្លែងការណ៍ ស្តីអំពី ករណីឃាតកម្ម និងអត្តឃាតកម្មបណ្តាលពីអំពើហិង្សាក្នុងគ្រួសារ

សមាគម​ការពារ​សិទ្ធិ​មនុស្ស មានការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ ការកើន​​ឡើង​​នូវ​ចំនួន​​ករណី​ឃាតកម្ម​​​ដោយ​​សារ​ហិង្សាក្នុង​គ្រួសារ​ ដែលឈាន​ដល់ការ​សម្លាប់ និង​អត្តឃាតកម្ម ជាពិសេស​​កើតឡើង​ថ្មីៗ​​​នៅ​​ចុង​ឆ្នាំ​​២០១៣ និង ដើម​ឆ្នាំ​២០១៤ ​និង​សូម​អំពាវនាវ​ដល់​រដ្ឋាភិបាល ត្រូវមាន​វិធានការ​ជាក់លាក់​ម៉ឺងម៉ាត់​ក្នុងការ​អនុវត្តន៍​ច្បាប់​​ទប់​ ស្កាត់អំពើ​ហិង្សាក្នុង​គ្រួសារ​ឲ្យមាន​ប្រសិទ្ធិភាព ដើម្បី​បញ្ចប់​នូវការ​​បាត់បង់​​​ជីវិត ក៍ដូច​ជា​ផលប៉ះ​ពាល់​ដោយ​អំពើ​ហិង្សាក្នុង​គ្រួសារ​ទាំងនេះ។

អំពើហិង្សា​ទាំងនោះ​រួម​មាន ការធ្វើ​ទារុណកម្ម​ផ្លូវចិត្ត ការវាយ​ដំលើរូប​រាងកាយ បង្កើត​ជា​​ហិង្សា​ធ្ងន់ធ្ងរ ដូចជា​​ប្តីសម្លាប់​ប្រពន្ធ ប្រពន្ធ​សម្លាប់​ប្តី កូន​សម្លាប់​ម្តាយ ម្តាយ​ចុងសម្លាប់​កូនដើម និង​​ការ​ដុត​​សម្លាប់​ខ្លួន លេបថ្នាំ​​សម្លាប់​ខ្លួន លោតទឹក​សម្លាប់​ខ្លួន ដើម្បី​បញ្ចប់​បញ្ហា ដែលកើត​ឡើង​ក្នុងគ្រួសារ​រ៉ាំរ៉ៃ​អស់​រយៈពេល​​ច្រើនឆ្នាំ ហើយពុំអាច​​ស្វែងរក​​ដំណោះ​ស្រាយបាន។

តាមការ​ឃ្លាំមើល និងតាមដាន​ពីស្ថានភាព​ក្នុងសង្គម​ជាក់ស្តែង ព្រមទាំងការ​ស៊ើបអង្កេត​ផ្ទាល់លើ​ករណី​​ហិង្សា​​ទាំងនោះ សមាគម​អាដហុក​កត់សំគាល់​ឃើញ​ថា ករណី​ហិង្សាក្នុង​គ្រួសារ កើតមាន​​ឡើង​មិន​ចំពោះ​​តែគ្រួសារ​​ក្រីក្រ ឬគ្រួសារ​អ្នកមាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ អ្នកមានការ​យល់ដឹង​ទាប ឬអ្នកមាន​​ចំណេះ​​ដឹង​ខ្ពស់ ឬក៍មាន​តួនាទី​ខ្ពស់​ក្នុងសង្គម​នោះទេ ភាគច្រើន​កើតចេញ​ពីការមិនយល់​អធ្យាស្រ័យ​គ្នា ទម្លាប់នៃ​ការ​​ចូលចិត្ត​ប្រើប្រាស់​​អំណាច​​ក្នុងសង្គម រួមទាំង​អំណាច​ខាង​សេដ្ឋកិច្ច ឬ​កម្លាំង​កាយក្តី ចរិតមានះ រឹងត្អឹង​ ការរង​នូវឥទ្ធិពល​​នៃ​បរិស្ថាន​សង្គម ដូចជា​​ល្បែង សម្ភារៈ​និយម គ្រឿងញៀន បញ្ហា​សុខភាព បញ្ហា​ជីវភាព​​ទីទ័លក្រ បណ្តាល​ឲ្យមានភាព​តឹងតែង​ខ្លាំងផ្នែក​ផ្លូវចិត្ត ក្លាយជា​វិបត្តិ​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ធ្ងរ ហើយមិន​បាន​​គិត​វែង​​ឆ្ងាយ ក៍ដាច់​ចិត្តហ៊ាន សម្លាប់​​ប្រពន្ធ ប្តី កូន ម្តាយ យ៉ាងសាហាវ​​ព្រៃផ្សៃ ​ដែលទង្វើ​​បែបនេះ​មិនគួរ​​នឹង​កើតឡើង រវាងអ្នក​ដែលមាន​​មនោសញ្ចេតនា​​ជ្រាលជ្រៅ​​នឹងគ្នា​នោះឡើយ ។ ផ្ទុយទៅវិញ​ទង្វើ​នៃការ​​កាប់​​សម្លាប់គ្នា សម្លាប់​ខ្លួនឯង បែបនេះ​​​កើតឡើង​​ក្នុង​គ្រួសារ ក្នុងសង្គម ហាក់ដូចជា​​ប្រជាពលរដ្ឋ​​រស់នៅ​​ក្នុងភាព​ទ័លច្រក ច្បាប់ពុំមាន​ប្រសិទ្ធិភាព​​ក្នុងការអនុវត្តន៍ ការខ្វះចន្លោះ​នូវ​វិធានការ​ទប់ស្កាត់​​ឲ្យមាន​​ប្រសិទ្ធភាព​  ដើម្បីធានា​បាននូវ​សុខមាលភាព​សង្គម​។  ដែលទង្វើ​ទាំងនេះបាន​បណ្តាលឲ្យ​​ប៉ះពាល់យ៉ាង​​ធ្ងន់ធ្ងរ​ ដល់សមាជិក​គ្រួសារ​​​​ផ្ទាល់ ក៏ដូចជា​សង្គម​ទាំងមូល ជាពិសេស​ជះឥទ្ធិពល​មិនល្អ​ដល់​​សមាជិក​ក្នុង​គ្រួសារ​ ត្រូវរស់​នៅក្នុង​ភាពភ័យ​ខ្លាច មានជម្ងឺ​ផ្លូវចិត្ត ជម្ងឺថប់​អារម្មណ៍ ជំរុញឲ្យមាន​ការ​ធ្វើ​ចំណាក​​ស្រុក​​ប្រថុយ​​ប្រថាន ក្លាយជា​កម្មវត្ថុនៃការ​ជួញ​ដូរ និងអាច​ឈាន​ទៅ​ប្រព្រឹត្តអំពើ​ល្មើសច្បាប់​ផ្សេងៗ និង​ជា​​ពិសេស​​ប៉ះពាល់ដល់​​ការ​អភិវឌ្ឍន៍​សង្គម ។ ​

បញ្ហាទាំង​នេះអាចបណ្តាល​​មកពី​ខ្វះការយក​ចិត្តទុកដាក់ និង ​ភាព​យឺតយ៉ាវ​ក្នុងការដោះ​ស្រាយ​ឲ្យ​​បាន​​​ទាន់​​ពេល​វេលា របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច  ក្នុងការ​ជួយអន្តរាគមន៍​​ទាន់​​ពេល​វេលា បណ្តាល​ឲ្យមាន​​អំពើ​​ហិង្សា​​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ ​ ករណី​ខ្លះស្រ្តីត្រូវ​បានក្លាយ​ខ្លួន​ពី​ជន​រងគ្រោះ ទៅ​ជាជន​ល្មើស ដោយ​​សារ ​​អត់ទ្រាំ​​នឹងអំពើ​​ទារុណកម្ម​​​យូរឆ្នាំ អស់សង្ឃឹម​ក្នុងជីវិត អស់ជំនឿ​លើប្រព័ន្ធ​​ដោះស្រាយ​សម្រាប់​​ពួកគាត់​ ទើបឈាន​​ដល់ការ​ផ្តាច់ជីវិត ដោយសារ​ពួកគេយល់​ថា ការរស់នៅ​ក្នុង​ស្ថានភាព​ទ័លច្រក​ ពុំមាន​​វិធី​ណា​អាច​ដោះ​ស្រាយ​​បញ្ហាដែល​កើតឡើង ក្រៅពីការ​តបត សងសឹក​វិញ​ដើម្បីរស់ ឬ​សម្លាប់​ខ្លួនឯង ឬក៍​​ជំរើស​ស្លាប់ជាមួយគ្នា​ទាំងប្រពន្ធ​ទាំងប្តី ដើម្បី​​បញ្ចប់​​វិបត្តិ​គ្រួសារ ដោយភ្លេច​គិតពីកូន​ដែល​រស់នៅ​ដោយ​​គ្មាន​​ទីពឹង តើអនាគត​ពួកគេទៅ​ជាយ៉ាង​ណា? ​តើរដ្ឋា​ភិបាល ទទួល​ខុសត្រូវ​បែបណា​ចំពោះ​​ស្ថានភាព​​សង្គម​​បែបនេះ ក្នុងនាម​​រដ្ឋភាគី​នៃអនុសញ្ញា​ស្តីពីការ​លប់បំបាត់​រាល់ទម្រង់​នៃ​ការ​ រើសអើង លើស្ត្រី​ភេទ ?

ក្នុងកំឡុង​តែ២​ខែប៉ុណ្ណោះ គឺ នៅក្នុង​ខែធ្នូ ឆ្នាំ​​២០១៣ និង ខែ​មករា ឆ្នាំ​២០១៤ ​យ៉ាង​ហោច​​ណាស់​មាន​​១១​ ករណី​នៃអំពើ​ឃាតកម្ម និង​ការធ្វើ​អត្តឃាត កើតឡើង​ដោយសារ​ទំនាស់ និង​ហិង្សាក្នុង​​គ្រួសារ ។​ ករណី​ទាំងនោះ​​បណ្តាល​ឲ្យមនុស្ស​ស្លាប់ និង​របួសចំនួន​៣៨នាក់ ក្នុងនោះ​មានស្ត្រី​ចំនួន៥នាក់ និង​បុរស​​៣នាក់ ត្រូវស្លាប់  ហើយ ស្ត្រី៤ និងបុរស​ ២នាក់ រងរបួស ចំណែក​កុមារ​ចំនួន​២២នាក់ ក្លាយជា ​ជនរង​ផល​​ប៉ះពាល់​​ផ្ទាល់ ពីបញ្ហា​ហិង្សា​​ដែល​កើត​ឡើងខាង​លើនេះ ដូចជាក្លាយ​ជាក្មេងកំព្រា និង រស់ក្នុងភាព​តក់ស្លុត​ ប៉ះពាល់​ការសិក្សា រងនូវ​វិបត្តិផ្នែក​ស្មារតី ជាដើម។​ នៅក្នុង​ចំណោម ១១ករណីនេះ មាន​២ករណី​ដែល​ ​ជនប្រព្រឹត្តិ​​ត្រូវបានចាប់​ខ្លួនបញ្ជូន​ទៅតុលាការ។

ស្ថានភាព​សាហាវយង់​ឃ្នង ​សោដនាកម្ម​ក្នុងគ្រួសារ​ និង ការដោះស្រាយ​បញ្ហាបែប​ទ័លច្រក​​ទាំងនេះ បង្ហាញនូវ​ភាពទន់ខ្សោយ​នៃការ​អនុវត្ដន៍​ច្បាប់ ជាពិសេស​ច្បាប់ស្តីពីការ​ទប់ស្កាត់​អំពើ​ហិង្សា និង​ ការខកខាន​នូវ​ការ​ធានា​​សុខមាលភាព​សង្គមរបស់រដ្ឋ​ក្នុងការធានា​បាននូវការ​ គោរពសិទ្ធិ​មនុស្ស សិទ្ធិស្ត្រី ។​ ទង្វើ​បែបនេះ សបញ្ជាក់​ថា​ប្រជាពលរដ្ឋ​​រស់ក្នុង​ភាពអស់​សង្ឃឹម ជាពិសេស​ស្ត្រី ដែលរង​គ្រោះ​នូវ​អំពើ​​ហិង្សា[1] ។ តាម​​របាយការណ៍​របស់​សមាគម​​​​អាដហុក​​ក្នុងឆ្នាំ​​២០១៣​ បង្ហាញថា​មានតែ ២៦.១៨% នៃករណី​​ទាំងអស់ (២៧៥ករណី) ដែល​ជនប្រព្រឹត្ត​​បាន​បញ្ជូន​​ទៅតុលាការ​រឿងព្រហ្មទណ្ឌ និង​ចាប់ឃុំខ្លួន ក្រៅពីនេះ​​ ករណី​ភាគច្រើន​​ត្រូវបាន​ដោះស្រាយ​នៅ​អាជ្ញាធរ​​មូលដ្ឋាន ប្តឹងលែងលះ​ និង​រួចពីការ​ដាក់ទោស​ទណ្ឌ ។ ​

ដើម្បីដោះ​ស្រាយបញ្ហា​ខាងលើ​និង​ការ​គោរព​សិទ្ធិ​​មនុស្ស ជាពិសេស​សិទ្ធិស្ត្រី  សមាគម​អាដហុក​​សូម​ស្នើ​​ដល់រាជ​រដ្ឋាភិបាល និង​ស្ថាប័នពាក់​ព័ន្ធ មេត្តា​ចាត់​​វិធានការ​​ជាបន្ទាន់​​ដូច​ខាង​ក្រោម៖​

១/. រាជ​រដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​មានសមត្ថកិច្ច​គួរតែអន្តរាគមន៍​ជាបន្ទាន់ ចំពោះ​ករណីអំពើ​ហិង្សា​​ក្នុង​គ្រួសារ មិនត្រូវ​ជម្រុញឲ្យ​ភាគីធ្វើការ​សម្រុះសម្រួល​ករណីហិង្សា​​ដែលកើតឡើង​ ជាលើកទី២​ ឬ របួស​​ធ្ងន់ធ្ងរ​ឡើយ

២/.​រដ្ឋាភិបាល​គួរបង្កើត​ឲ្យមាន​យន្តការ និង​នីតិវិធី​​ជាក់​លាក់ ជាពិសេស​ប្រព័ន្ធជួយ​សង្គ្រោះ​បន្ទាន់​​(hotline)​ សម្រាប់ការ​ជួយសង្រ្គោះ​ជនរងគ្រោះ ឬបំបែក​ជនមុខ​សញ្ញា​ចេញពីជន​រងគ្រោះ ដើម្បីធានា​​​សុវត្តិភាព​ចំពោះជន​រងគ្រោះ និង​ក្រុមគ្រួសារ​ឲ្យបានទាន់​ពេល ចៀសវាងការ​បណ្តែត​បណ្តោយ​​ឲ្យ​ហិង្សា​រ៉ាំរ៉ៃ​​ដោយ​​ពុំមាន​វិធានការ​ បន្ទាន់ ​

៣/.​រដ្ឋាភិបាល​គួរបង្កើតកន្លែង​អប់រំកែប្រែ ដល់​ជនប្រព្រឹត្ត​អំពើហិង្សា​ក្នុងគ្រួសារ ក្នុង​ដំណាក់កាល​ឃាត់ខ្លួន​ ជន​​មុខសញ្ញា សម្រាប់​ផ្តល់ការអប់រំ​កែប្រែ និង​មានការដាក់​កំហិត​តឹងតែង ដើម្បីទប់​ស្កាត់ហិង្សា​កើតឡើង​​​ជាថ្មីទៀត

៤/.​រដ្ឋាភិបាល និង ក្រសួង​សង្គមកិច្ច គួរផ្តល់នូវ​សេវាសុខមាល​សង្គមដោយ​ឥតគិតថ្លៃ  ជាពិសេស ​ការផ្តល់​សេវា​ពិគ្រោះ​​​​​​យោបល់ និង​ សុខភាព​ផ្លូវចិត្តដល់​ជនរងគ្រោះ​ក្នុងអំពើហិង្សា​ក្នុងគ្រួសារ ការរំលោភ​​បំពាន​ផ្លូវភេទ អំពើជួញ​ដូរ​មនុស្ស និង​ចំណាក​ស្រុក ​

៥/.​ពង្រឹង​ប្រសិទ្ធភាព​អនុវត្តច្បាប់ និង​ការផ្សព្វផ្សាយ​/អប់រំ ច្បាប់ទប់​ស្កាត់អំពើ​ហិង្សាបន្ថែម​ទៀត ជា​​ពិសេស​​សម្រាប់មន្តី្រ​អនុវត្តច្បាប់ និង​​អាជ្ញាធរ​មូលដ្ឋាន​ ដែលធ្វើការងារ​អន្តរាគមន៍ ទប់ស្កាត់ ព្រមទាំង​​ជម្រុញការ​ផ្តន្ទាទោស​​ជនប្រព្រឹត្តិ​​ល្មើស ដើម្បី​កាត់​បន្ថយ​អំពើ​ហិង្សាក្នុង​គ្រួសារ​​

៦/.​រដ្ឋាភិបាល​ត្រូវមានការ​ដាក់ពិន័យ ឬផ្តន្ទាទោស​ដល់មន្ត្រី ដែលមិន​បាន​អនុវត្តន៏​តួនាទី​​របស់ខ្លួន​​បណ្តោយឲ្យ​​ហិង្សា​កាន់​​តែ​ ធ្ងន់ធ្ងរ និង​បាត់បង់​ជីវិត​ប្រជា​ពលរដ្ឋ​ ។

          ភ្នំពេញ ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៤

ពត៌មាន​បន្ថែម​សូមទំនាក់​ទំនង៖

‑លោកស្រី ជួន ចំរុង ប្រធានកម្ម​វិធីស្ត្រី និងកុមារ នៃសមាគម​អាដហុក ទូរស័ព្ទ​លេខៈ ០១៧​ ៧៣​ ៨៣ ៨៧

‑លោកស្រី លឹម មុនី អនុប្រធាន​កម្មវិធីស្ត្រី និងកុមារ​នៃសមាគម​អាដហុក ទូរស័ព្ទ​លេខៈ០១២​ ៨៣ ៤៤ ៤៩

ជូនភ្ជាប់​នូវករ​ណី​សិក្សាជាក់ស្តែង​ចំនួន១១ករណី​ដូចខាងក្រោម៖

១/. ថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០១៣ ករណីហិង្សា​ក្នុងគ្រួសារ​កើតឡើងនៅ​ភូមិឈើទាល ឃុំ ត្នោតជុំ ស្រុកក្រគរ ខេត្ត​ពោធិសាត់ ប្រព្រឹត្តដោយឈ្មោះ ឈម ហេង ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជាកម្មករ បានវាយ​សម្លាប់​ម្តាយ​​របស់ខ្លួន​​នឹង​អង្រែ​បុកគ្រឿង ក្នុងខណៈ​ជនរងគ្រោះ​កំពុងដេក​លក់ បណ្តាល​អោយស្លាប់​ភ្លាមៗ ដោយសារ​​ជនប្រព្រឹត្ត​​មាន​ជំងឺសរសៃ​ប្រាសាទ ក្រោយពេល​ត្រឡប់មក​ពីធ្វើការងារ​នៅប្រទេស​ថៃវិញ។ ជនរងគ្រោះ​​ឈ្មោះ អ៊. ខ. ភេទស្រី អាយុ ៦៩ឆ្នាំ ត្រូវជាម្តាយ​ជនប្រព្រឹត្ត។​

២/. ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៣ ករណី​ហិង្សាក្នុង​គ្រួសារមួយ​កើតឡើង នៅភូមិ ព្រៃបេង ឃុំស្គុះ ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ ​ប្រព្រឹត្ត​ដោយ​ឈ្មោះ សឿង សាវុន ហៅ នី ភេទ ប្រុស អាយុ ៥៣ឆ្នាំ ជា​នគរ​បាលផ្នែក​សេដ្ឋកិច្ច ខេត្ត​​កំពង់ស្ពឺ​ បានវាយ​ដំលើរូបរាងកាយ​​យ៉ាងធ្ងនធ្ងរ ធ្វើបាប​ផ្លូវចិត្ត សេដ្ឋកិច្ច ជេរប្រមាថ និង​បណ្តេញ​ប្រពន្ធ​អោយ​ចេញ​ពីផ្ទះ​ ដោយសារ​ជនប្រព្រឹត្ត​បែកចិត្ត មានទំនាក់​ទំនង​ស្រី​​ខាង​​ក្រៅផ្ទះ ហើយតែងតែ​វាយ​ធ្វើបាប និង​ជេរប្រមាថ​​លើប្រពន្ធ​ នៅផ្ទះស្ទើ​តែរាល់ថ្ងៃ ជាហេតុ​បណ្តាលអោយ​​ជនរងគ្រោះ រស់នៅ​ក្នុងស្ថានភាព​​មាន​ជំងឺផ្លូវ​ចិត្តជាយូរ​ឆ្នាំ។​

៣/. ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ មានករណី​ហិង្សា​ក្នុងគ្រួសារ​សម្លាប់កើតឡើង​ក្នុងគ្រួសារ​ក្រីក្រមួយ នៅភូមិ​ ស្រយ៉ងជើង ឃុំ ស្រយ៉ង ស្រុក គូលែន ខេត្ត​ព្រះវិហារ ប្រព្រឹត្តដោយ​ម្តាយចុងទៅលើ​កូនដើម ដោយសារ​​ម្តាយចុង​​មានគំនុំ​នឹងប្តី​(ជាឪពុក​ជនរងគ្រោះ)​ ដែលតែងតែ​ប្រព្រឹត្តហិង្សា​លើខ្លួនស្ទើរ​តែរាល់ថ្ងៃ។ ជន​ប្រព្រឹត្ត​ឈ្មោះ រ៉ាន សាមីន ភេទ ស្រី អាយុ ៣៤ឆ្នាំ បានជ្រមុជ​ទឹកកូនដើម​របស់ប្តី​ទៅក្នុងទឹកស្រះ ខណៈពេល​កំពុងរកត្រី​ជាមួយគ្នា ដោយសារ​​គុំនឹងប្តី​ដែលតែង​​បង្កជំលោះ និង​វាយធ្វើបាប​ខ្លួនជាប្រចាំ។ កុមាររង​គ្រោះឈ្មោះ ឈ. ង៉. ភេទប្រុស អាយុ ១១ឆ្នាំ ។​

៤/. ថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៤ ករណី​ហិង្សាក្នុង​គ្រួសារកាប់​សម្លាប់និង​អារកសម្លាប់​ខ្លួនមួយ​កើតឡើង នៅភូមិ​ អូរជាំកណ្តាល ឃុំ​កំពង់ល្ពៅ ស្រុក​សម្លូត ខេត្ត​បាត់ដំបង។ ករណីនេះ​ប្រព្រឹត្តដោយ​ឈ្មោះ ហៀវ អ៊ាវ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាប្តី បានកាប់​ប្រពន្ធ​ឈ្មោះ ឌ. ល. អាយុ ៥០ឆ្នាំ ដោយមាន​ទំនាស់ពាក្យ​​សំដីគ្នា ក្រោយ​សម្លាប់ប្រពន្ធ​រួច​ ជនប្រព្រឹត្ត​បានចាក់សាំង​ដុតប្រពន្ធ និង​អារករសម្លាប់​ខ្លួនឯង ដោយសារ​​ជនប្រព្រឹត្តមាន​ជំងឺសរសៃ​ប្រាសាទ​ ឈឺក្បាល​ជាប្រចាំ។

៥/. ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៤ ករណី​ដុតសម្លាប់​ខ្លួន (បណ្តាល​របួសធ្ងន់ធ្ងរ)​​ដោយសារ​ទំនាស់ក្នុង​​គ្រួសារ​​មួយ​​កើតឡើង​នៅភូមិ ស្រែននក្នុង ឃុំ កន្ទួត ស្រុក​ចិត្តបូរី ខេត្ត​ក្រចេះ ។ ស្ត្រី​ឈ្មោះ ញ. ក្រ. អាយុ ២៧ឆ្នាំ ជនជាតិ​ព្នង​ បានសម្រេច​​ចិត្តចាក់​សាំងដុត​សម្លាប់ខ្លួនឯង​តែម្តង ដោយសារ​តែខឹងនឹងប្តី ដែល​តែងតែ​​ជេរ​ប្រមាថ​ស្ទើរាល់ថ្ងៃ​ ពីព្រោះតែ​ការ​ប្រច័ណ្ឌ និង​ទំនាស់ក្នុង​គ្រួសារកើតឡើង​ស្ទើររាល់ថ្ងៃ។ ប៉ុន្តែ​ដោយ​មាន​ការ​ជួយ​សង្គ្រោះពីអ្នក​ជិតខាង​ ជនរងគ្រោះ​​គ្រាន់តែ​របួសធ្ងន់ មិន​បណ្តាលអោយ​ស្លាប់នោះទេ ប្តីជនរង​គ្រោះឈ្មោះ យុន ជីន ភេទប្រុស អាយុ ៣០ឆ្នាំ។

៦/. ថ្ងៃទី ៦ ខែ មករា ឆ្នាំ ២០១៤ ករណី​ហិង្សាដុតសម្លាប់​ក្នុងគ្រួសារមួយ​កើតឡើង នៅភូមិ ឈើទាលជ្រុំ ឃុំ​វាល​ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ប្រព្រឹត្ត​ដោយប្រពន្ធ​ឈ្មោះ ចិត្ត សាន អាយុ ៣០ឆ្នាំ បានចាក់សាំង​​ដុតប្តី​របស់ខ្លួន​ឈ្មោះ សា សុខា អាយុ ៣០ឆ្នាំ ដោយសារ​តែមានទំនាស់​លុយកាក់​ក្នុង​គ្រួសារ​​រឿងប្តីបាន​​យកម្តាយ​របស់ខ្លួន​​ដែលមាន​​ជំងឺមក​ចិញ្ចឹម និង​ព្យាបាល ។

៧/. បុរសដែល​ងប់នឹងល្បែង​ក្នុងកាស៊ីណូ​ម្នាក់ឈ្មោះ សៅ ញៀន អាយុ ២៩ឆ្នាំ មានមុខរបរ​មិនពិត​ប្រាកដ បាន​​ដាច់ចិត្ត​ចាក់សាំង​ដុត​សម្លាប់​ខ្លួន ដោយសារ​តូចចិត្តនឹង​ប្រពន្ធរត់ចោល​ព្រោះខ្លួន​លេងល្បែង តែការធ្វើ​​អត្តឃាត​​នេះ​​មិនបាន​​សម្រេចព្រោះ​ឳពុកក្មេក​ជួយ និងនាំទៅ​សង្រ្គោះបន្ទាន់​នៅមន្ទី​ពេទ្យ។ ករណីនេះ​បាន​កើតឡើង​ក្នុងភូមិ ១ សង្កាត់​លេខ ២ ក្រុង​ព្រះសីហនុ កាលពីពាក់​កណ្តាលអធ្រាត​ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៤ ។ តាមការ​បញ្ជាក់​​របស់​ឳពុក​ក្មេកអោយ​ដឹងថា ជនរងគ្រោះ​បានបំផ្លាញ​ទ្រព្យសម្បត្តិ​របស់ ប្រពន្ធ កូន និង​សាច់ញាតិ​បងប្អូន​អស់​ជាច្រើន​ ទើបប្រពន្ធ​ទ្រាំមិនបាន​នាំកូនរត់ចុះ​ចេញពីផ្ទះ​ចោលប្តី។ ថ្ងៃ​កើតហេតុ​​ជនរងគ្រោះ​ស្រវឹងស្រា​ជោគជាំ​ មកដល់ផ្ទះ​បានយកដប​សាំងមួយលីត​ចាក់​លើក្បាល​ដុតខ្លួនឯង​​តែម្តង។​

៨/. គូភរិយាដែល​បានរៀបអាពាហ៏​ពិពាហ៏​រយះពេល ១០ឆ្នាំ ទីបំផុតបុរស​ជាប្តីឈ្មោះ មៀវ សំណាង អាយុ ៣១ឆ្នាំ ជាអ្នក​បើក​រថយន្តដឹក​ភ្ញៀវទេសចរណ៏ បានសម្រេចចិត្ត​ច្របាច់ករសម្លាប់​ប្រពន្ធឈ្មោះ ហ.ស.គ​.ធ.រ. អាយុ ៣០ ជាបុគ្គលិក​កាស៊ីណូណា​ហ្គាវើល បន្ទាប់មក​ចងករសម្លាប់ខ្លួន​ឯងតាមក្រោយ ដោយសារ​​តែខឹង​និង​ប្រពន្ធ​​លួចមានសាហាយ​ឌុបគ្នា ប្តីឃើញ​និងភ្នែក។ ហេតុការណ៏​នេះកើតឡើង​នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០១៤ ​នៅផ្ទះ​លេខ ៦៣ ផ្លូវ​លេខ ២៦៥ ភូមិទី៤ សង្កាត់​បឹងសាឡាង ខណ្ឌ​ទួលគោក ក្រុង​ភ្នំពេញ ដែលបន្សល់​ទុកកូន​ប្រុស ២នាក់​ និង​ស្រីម្នាក់ រស់នៅកំព្រា​គ្មានឳពុក ម្តាយ។

៩/. ទំនាស់ក្នុង​គ្រួសារ​ជាយូរឆ្នាំ ទីបំផុតនៅ​ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៤ វេលា​ម៉ោង ១០ និង៤០នាទី​ព្រឹក ស្ត្រីជា​​ប្រពន្ធម្នាក់បាន​​ដាច់ចិត្តនាំកូន​ស្រីអាយុ៥ឆ្នាំ មកលោតទឹក​សម្លាប់ខ្លួន នៅលើស្ពាន​ជ្រោយចង្វា តែ​ការ​ធ្វើ​អត្តឃាត​​នោះមិនបាន​សម្រេច ដោយសារ​ប៉ូលិសប្រចាំការ​ទីនោះឃើញទាន់ ឃាត់នាំខ្លួន​យកមក​អប់រំ​ណែនាំ និង​អោយ​​ត្រឡប់មក​ផ្ទះវិញ។ ស្ត្រីដែលមាន​បំណងសម្លាប់​ខ្លួនឈ្មោះ អ៊ូ ចាន់ណុន ហៅ ស្រី​អូន អាយុ ៣១ឆ្នាំ ប្តីឈ្មោះ សុខ ផាន់រិទ្ធ អាយុ ៣១ឆ្នាំ រស់នៅផ្ទះ​ជួលតាមផ្លូវរថ​ភ្លើង ក្នុង​ភូមិ បឹងសាឡាង សង្កាត់ ប្ញស្សីកែវ ខណ្ឌ​ប្ញស្សីកែវ​ ក្រុង​ភ្នំពេញ។ ហេតុការណ៏​ដែលនាំអោយស្ត្រី​ជាប្រពន្ធដាច់ចិត្ត​សម្លាប់ខ្លួន ដោយសារតែ​ខឹងប្តីលេង​ល្បែង ផឹកស្រា​​ស្រវឹង វាយធ្វើបាប​ខ្លួនជាប្រពន្ធ​ស្ទើរាល់ថ្ងៃ។ 

១០/. នៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ វេលា​ម៉ោង ៥ និង ៣០នាទី ល្ងាច ស្ត្រីរងគ្រោះ​ម្នាក់ឈ្មោះ ធា អាយុ៣៤ឆ្នាំ​ បានសម្រេចចិត្ត​ធ្វើអត្តឃាតនៅ​ផ្ទះរបស់ខ្លួន​ក្នុងភូមិ ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​​ពោធិ​សែនជ័យ ក្រុង​ភ្នំពេញ ដោយលេបថ្នាំ​ងង៉ុយដេក​សម្លាប់​ខ្លួន ប៉ុន្តែមិន​បានសម្រេច ព្រោះប្តីមកទាន់​នាំយក​ទៅសង្គ្រោះ​នៅមន្ទីពេទ្យ​​នៅពេល​​ឃើញជនរងគ្រោះ​ដេលសន្លប់បែក​ពពុះមាត់។ ហេតុការណ៏​ដែលនាំអោយ​ស្ត្រីជាប្រពន្ធធ្វើ​អត្តឃាតនេះ ដោយសារ​​តែមានទំនាស់​ក្នុងគ្រួសាររឿង​​ប្តីស្តី​បន្ទោស អោយចេះ​រៀបចំទុកដាក់​ក្នុងគ្រួសារ  កុំចេះតែដើរ​លេងនៅផ្ទះ​​អ្នកជិត​​ខាងខ្លាំង​ពេក។

១១/.ករណី​លេបថ្នាំសម្លាប់​ខ្លួន មួយកើតឡើង​នៅក្នុងភូមិ២ ស្រុក​សេរីសោភ័ណ្ឌ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​​ថ្ងៃទី​៧​ ខែ​មករា ឆ្នាំ​​២០១៤ បណ្តាល​ឲ្យស្លាប់ ។​ ស្រ្តី រងគ្រោះឈ្មោះ ហ.ស.ដ អាយុ៣៩ឆ្នាំ​ មានកូន​ក្នុង​បន្ទុក​ចំនួន​៣នាក់ ប្តីរបស់​នាង ជាបុគ្គលិក​អប់រំ នៅក្នុងស្រុក​សេរីសោភ័ណ្ឌ ។ មូលហេតុដែល​​បណ្តាល​ឲ្យ​ស្ត្រីសម្រេចចិត្ត​លេបថ្នាំ​​សម្លាប់​ខ្លួន​ ដោយសារមាន​ទំនាស់នៅក្នុង​គ្រួសារ ដែលកើត​ឡើងជា​ញឹកញាប់ ។

‑‑‑‑‑


[1] បើតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការយេនឌ័រ និងអភិវឌ្ឍន៍ មានស្រ្តី៥៣%នៃអ្នកដែលបានសំភាសន៍បានទទួលរងអំពើហិង្សាក្នុងគ្រួសារ។