ពលការិនី​​ ៦​នាក់​ចាញ់បោក​មេ​ខ្យល់វិល​ត្រឡប់​មក​ដល់​កម្ពុជា​

IMG_6307ពលការិនី​កម្ពុជា ៦​រូប ក្នុង​ចំណោម ៨​នាក់​ដែល​ចាញ់​ បោក​មេ​ខ្យល់​ដឹក នាំ​ឆ្លង​ដែន​ ទៅ​ប្រទេស ​ម៉ាឡេស៊ី​នោះ បាន​វិល ​ត្រឡប់​មក​ ដល់​ប្រទេស​ កម្ពុជា​វិញ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៥ ដោយ​មាន​ការ​ ជួយ​អន្តរាគមន៍​ពី ​សមាគម ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អាជ្ញាធរ ​កម្ពុជា​ផង​ដែរ។

ពលការិនី ៥​នាក់ ក្នុង​ចំណោម ៦​រូប​នោះ ធ្លាប់​ទៅ​ធ្វើការ ​ប្រទេស​ ម៉ាឡេស៊ី​ម្ដង ​មក​ហើយ​តាម ​រយៈ​ក្រុមហ៊ុន ​ជ្រើស​រើស​ ពលករ ​ស្រប​ច្បាប់។ ពួក​គេ​ត្រូវ​បាន​ក្រុម ​មេ​ខ្យល់​ដឹកនាំ ​ឆ្លង​កាត់ ​ប្រទេស​ថៃ និង​ទៅ​ដល់​ព្រំដែន​ថៃ – ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ​២០១៥។

ពួកគេ​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ធ្លាក់​ខ្លួន​ចាញ់​បោក​ក្រុម​មេ​ខ្យល់​បន្ទាប់​ពី​រក​ឃើញ​ថា ទិដ្ឋការ​របស់​ពួកគេ​មាន​សុពភាព​ត្រឹម​រយៈ​ពេល ១​ខែ ហើយ​មិនមែន​ជា​ទិដ្ឋការ​សម្រាប់​ការងារ​នោះ​ឡើយ។ ពួកគេ​​បាន​​បញ្ជាក់​​ថា ក្រុម​​មេ​ខ្យល់​​បាន​​ប្រាប់​​ថា ពួក​គេ​​នឹង​​ធ្វើ​ដំណើរ​​តាម​​ជើង​​យន្ត​​ហោះ​​ទៅ​​កាន់​​ប្រទេស​​ម៉ាឡេស៊ី ផ្ទុយ​​ទៅ​​វិញ ដំណើរ​​របស់​​ពួកគេ​​ត្រូវ​​បាន​​គេ​​បង្វៀង​​មក​​ជិះ​​រថយន្ត​​ឆ្លង​​កាត់​ព្រំដែន​​ប៉ោយប៉ែត កាត់​​ប្រទេស​​ថៃ​​ឆ្ពោះ​​ទៅ​​កាន់​​ប្រទេស​​ម៉ាឡេស៊ី។

ពលការិនី​មួយ​រូប​មក​ពី​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា មេ​ខ្យល់​ចិន-ម៉ាឡេស៊ី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ម៉ាឡេស៊ី​ចាប់​ខ្លួន នៅ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០១៥ បន្ទាប់​ពី​រក​ឃើញ​ថា មេ​ខ្យល់​រូប​នោះ​ព្យាយាម​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន ដោយ​ប្រើប្រាស់​ទិដ្ឋការ​ទេសចរណ​បំភាន់​ភ្នែក​សមត្ថកិច្ច។

ពលការិនី​ម្នាក់​ទៀត ដែល​ធ្លាប់​ទៅ​ប្រទេស​ម៉ាឡេស៊ី​ម្ដង​រួច​មក​ហើយ និង​ចេះ​ស្ដាប់​ភាសា​ម៉ាឡេស៊ី​ផង​នោះ បាន​ឲ្យ​ដឹង​ថា ពួកគេ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ព្រំដែន​ម៉ាឡេស៊ី-ថៃ ចូល​ដៃ​ជាមួយ​ក្រុម​មេ​ខ្យល់ ប៉ុន​ប៉ង​ជម្លៀស​ពួកគេ​ពី​ភ្នែក​សមត្ថកិច្ច​ម៉ាឡេស៊ី។

ទោះជា​យ៉ាងណា ពលការិនី ២​រូប បាន​បាត់​ដំណឹង​សូន្យ​បន្ទាប់​មេខ្យល់​ល្បួង​ពួកគេ​បាន​សម្រេច​ឲ្យ​ធ្វើ​ដំណើរ​គេច​ផុត​ពី​ការតាម​ចាប់​របស់​សមត្ថកិច្ច​ម៉ាឡេស៊ី៕