នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សាលាឧទ្ធណ៍រាជធានីភ្នំពេញ បានបើកសវនាការជម្រះក្តីលើបណ្តឹងលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ (KSILA) ដោយតម្កល់ទុកសាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក កើត សារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល៤ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល លើស្ថានទម្ងន់ទោសពីបទមិនរាងចាល និងសម្រេចរឹបអូសទូរស័ព្ទមួយគ្រឿងក្រោមបទចោទ “មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ។ បន្ទាប់ពីរូបលោកបាន ចុះទៅជួបប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលរងការបណ្តេញចេញពីសំណាក់អាជ្ញាធរខេត្តព្រះវិហារ កាលពីអំឡុងខែមីនា ឆ្នាំ២០២៤ និងការអំពាវនាវឱ្យអាជ្ញាធរមានការអត់ធ្មត់ ក្នុងការដោះស្រាយទំនាស់ដោយសន្តិវិធី។
អង្គការសមាគមអាដហុក បានតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងករណីនេះ ព្រមទាំងបានផ្តល់មេធាវីក្នុងការការពារសិទ្ធិជូនជនរងគ្រោះគ្រប់តាមនីតិវិធី៕


