សេចក្ដីថ្លែងការណ៍ ការប្រើអំពីហិង្សា ធ្វើអោយប៉ះពាល់ សេរីភាពបញ្ចេញមតិ
សមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្កោលទោស ចំពោះការប្រើប្រាស់ អំពើហិង្សា រវាងកងកម្លាំង ប្រដាប់អាវុធ កងសន្តិសុខ ខណ្ឌដូនពេញ ដែលមាន ដំបងឈើគ្រប់ដៃ និង ក្រុមបាតុករ មួយចំនួន នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលជា ការធ្វើអោយ មានការប៉ះពាល់ដល់ សេរីភាព បញ្ចេញមតិ ដោយសន្តិវិធី ដែលធានាដោយរដ្ឋធម្មនុញ្ញ។ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ លោកស្រី មួរ សុខហួរ និង អ្នកតំណាងរាស្រ្ត ជាប់ឆ្នោត របស់គណបក្ស សង្គ្រោះជាតិ បានដឹកនាំ ធ្វើបាតុកម្ម ដោយសន្តិវិធី នៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ ដើម្បីទាមទា អោយ មានការបើក ទីលានប្រជាធិបតេយ្យ ឡើងវិញ ដើម្បីអោយ ប្រជាពលរដ្ឋ បានប្រើប្រាស់ សិទ្ធិសេរីភាព របស់ពួកគេ ដែលធានាដោយ រដ្ឋធម្មនុញ្ញ។ ក្នុងការធ្វើបាតុកម្ម ដោយសន្តិវិធីនេះ អាជ្ញាធរ ក្រុងភ្នំពេញ បានប្រើប្រាស់ កម្លាំងសន្តិសុខ ខុសច្បាប់ និងកម្លាំង ប្រដាប់អាវុធ ដូចសព្វមួយដងដែរ ដើម្បី វាយបង្ក្រាប ទៅលើ ក្រុមបាតុករ អហិង្សា។ ការប្រើអំពើហិង្សា រវាង កងសន្តិសុខ ខណ្ឌដូនពេញ ដោយមានការ ជួយគាំទ្រ ពីកងកម្លាំង ប្រដាប់អាវុធរបស់ រដ្ឋាភិបាល បានធ្វើអោយ ក្រុមបាតុករ ប្រមាណជាជាង ១០ នាក់ និង ក្រុមសន្តិសុខខណ្ឌ ដូនពេញ ចំនួន៦ នាក់ រងរបួស។ សមាគមការពារសិទ្ធិមនុស្ស អាដហុក មិនគាំទ្រដាច់ខាត នូវរាល់សកម្មភាពទាំងឡាយ ដែលជាហេតុនាំ អោយមានអំពើហិង្សា បើទោះបីជា អ្នកដែល ប្រើអំពើហិង្សានោះ ជាសមាជិក ក្រុមណាក៏ដោយ។
សេចក្ដីថ្លែងការណ៍ ការប្រើអំពីហិង្សា ធ្វើអោយប៉ះពាល់ សេរីភាពបញ្ចេញមតិ Read More