ប្រវត្តិនៃសមាគមអាដហុក

សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៏នៅកម្ពុជា មានឈ្មោះហៅថា  “សមាគមអាដហុក”         សរសេរ​​អក្សរកាត់ជាភាសាខែ្មរ “អាដហុក” និងសរសេរជាភាសាឡាតាំង ”ADHOC“។ សមាគមអាដហុក ជាអង្គការខ្មែរដំបូងគេបង្អស់ ដែលបានបង្កើតឡើងដោយអតីតៈអ្នកទោសនយោបាយមួយក្រុមនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩១ ក្រោយពេលដែលមានសន្ធិសញ្ញា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចុះហត្ថលេខាដោយភាគីខ្មែរទាំងបួនបក្ស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ ស្តីពី ”ដំណោះស្រាយនយោបាយរួមមួយនៃជម្លោះនៅកម្ពុជា“ នាទីក្រុងបារីស ប្រទេសបារាំង។​

សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៏នៅកម្ពុជា គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយ ឯករាជ្យ អព្យាក្រឹត មិនរកផលចំណេញ និងមិនស្ថិតក្រោមការឃុំគ្រងរបស់គណបក្សនយោបាយណាមួយទេ ។ សមាគមអាដហុកត្រូវបានទទួលស្គាល់ និងយល់ព្រមឲ្យបង្កើតដោយ សម្តេចព្រះ នរោត្តម សីហនុ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៩២  នៅពេលដែលព្រះអង្គមានព្រះរាជតួនាទីជា ព្រះប្រមុខរដ្ឋ និងជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ កម្ពុជា និងដោយ សម្តេច ហ៊ុនសែន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ១៩៩២ ដែលនៅពេលនោះលោកមានតួនាទីជា ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី នៃរដ្ឋកម្ពុជា ព្រមទាំងទទួលស្គាល់ជាផ្លូវដោយក្រសួងមហាផ្ទៃ តាម សជណ លេខៈ២៧៨ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០០ ។

គោលបំណងចម្បងរបស់សមាគមអាដហុក ដើម្បីជួយ​ជនរង​គ្រោះ​ពីការរំលោភបំពានក្នុងការស្វែងរកយុត្តិធម៌ ការពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋ​នៅក្នុង​ការ​ទាមទារសិទ្ធិរបស់ពួកគេ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យបញ្ចុះបញ្ចូល និងតស៊ូមតិ​ដើម្បី​កែលម្អច្បាប់ គោលនយោបាយ ស្ថាប័ននានា និងការអនុវត្តច្បាប់។

សមាគមអាដហុក បានកំណត់យករូបសញ្ញា ព្រហ្មមុខបួន និង ដៃទ្រពីក្រោមព្រហ្មមុខបួនមានបីពណ៌ ជាសញ្ញាសំគាល់។​ រូបសញ្ញានេះមានអត្ថន័យសម្គាល់ដូចតទៅ៖

១. រូបព្រហ្មមុខបួនៈ តំណាងឲ្យព្រហ្មវិហារដែលមានន័យថា ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ ដែលមានបួនយ៉ាងគឺ

១-មេត្តា (សេចក្តីប្រណី និងរាប់អានគ្នា)

២-ករុណា (ការអាណិត អាសូរ)

៣-មុទិតា (ទឹកចិត្តត្រេកអរ)

៤-និង ឧបេក្ខា (ការតាំងចិត្តជាកណ្តាល) ។

២. ដៃទ្រពីក្រោមព្រហ្មមុខបួនមានបីពណ៌ៈ រួមមាន ពណ៌ស ពណ៌លឿង និងពណ៌ខ្មៅ តំណាងឲ្យពណ៌សម្បុរនៃមនុស្សជាតិមិនរើសអើង និងមិនប្រកាន់ជាតិសាសន៍នៅលើពិភពលោក ។

សមាគមអាដហុក មានទីស្នាក់ការកណ្តាល ស្ថិតនៅទីក្រុងភ្នំពេញ និងមានសាខានៅតាមខេត្តចំនួន២០គឺៈ ខេត្តតាកែវ ខេត្តកំពត ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តមណ្ឌលគីរី ខេត្តរតនៈគីរី ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តព្រះវិហារ ខេត្តសៀមរាប ខេត្តឧត្តមានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ  ។