សេចក្តីថ្លែងការណ៍រួម
ការស្នើសុំតុលាការ និងរាជរដ្ឋាភិបាលកម្ពុជា ពិចារណាដោះលែងអ្នកទោសមនសិការទាំងអស់
ភ្នំពេញ, ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១-យោងតាមរបាយការណ៍ថ្មីៗស្តីពីជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារកម្ពុជា, យើងខ្ញុំជាសហជីព និងអង្គការសង្គមស៊ីវិលដែលមានដូចខាងក្រោមសូមអំពាវនាវសាជាថ្មីដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ដែលត្រូវបានឃុំខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អ្នកទោសមនសិការ គឺជាបុគ្គលដែលត្រូវបានគេចាប់ដាក់គុកដោយសារតែការបញ្ចេញមតិដោយសន្តិវិធីទាក់ទងនឹងបញ្ហានយោបាយ, សង្គម, ជំនឿសាសនា ឬជំនឿផ្សេងទៀតតាមមនសិការ ឬអត្តសញ្ញាណរបស់ពួកគេ។ ស្ទើរតែអ្នកទោសមនសិការទាំងអស់ដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជាបានប្រឈមមុខនឹងការចោទប្រកាន់ និងការដាក់ទោសពីបទញុះញង់ដូចគ្នា។
សុវត្ថិភាព និងសុខភាពរបស់អ្នកទោសទាំងអស់រួមទាំងអ្នកទោសមនសិការផងដែរ គឺជាទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការទទួលខុសត្រូវនេះមិនត្រឹមតែចេញពីតួនាទីរបស់ខ្លួនជាអាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែពីនិយាម និងបទដ្ឋានអន្តរជាតិដែលបានកំណត់បទប្បញ្ញត្តិក្នុងពន្ធនាគារដូចជា វិធានបទដ្ឋានអប្បបរមារបស់អង្គការសហប្រជាជាតិស្តីពីការប្រព្រឹត្តចំពោះអ្នកទោស និងវិធានបទដ្ឋានអប្បបរមារបស់អង្គការសហប្រជាជាតិស្តីពីវិធានការមិនឃុំឃាំង។ ដោយមើលឃើញពីរបាយការណ៍នៃករណីកើនឡើងនៃជំងឺកូវីដ១៩ នៅក្នុងពន្ធនាគារកម្ពុជា រួមផ្សំនឹងចំនួនអ្នកទោសច្រើនពេកនៅក្នុងពន្ធនាគារ, យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការអហិង្សាទាំងអស់ ដែលជាវិធានការដើម្បីកាត់បន្ថយហានិភ័យបណ្តាលមកពីការរីករាលដាលនៃវីរុសកូរ៉ូណា។
នៅក្នុងសង្គមសម័យទំនើប, ប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដែលមានការដឹកនាំបែបនីតិរដ្ឋ ទទួលស្គាល់ថា ឧក្រិដ្ឋកម្មទាំងឡាយដែលអ្នកទោសមនសិការត្រូវបានគេចោទប្រកាន់ ឬត្រូវបានផ្តន្ទាទោសពីបទណាមួយនោះ មិនគួរត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មឡើយ។ ផ្ទុយទៅវិញបុគ្គលអហិង្សាទាំងនេះត្រូវបានគេចាត់ទុកថាជាពលរដ្ឋសកម្មដែលរួមចំណែកដល់ការធ្វើឱ្យសង្គមរបស់ពួកគេប្រសើរឡើង។ មាត្រា ៥១ នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា “ពលរដ្ឋកម្ពុជា គឺជាម្ចាស់នៃប្រទេសរបស់ខ្លួន”។ ទោះយ៉ាងណា ពលរដ្ឋមិនអាចក្លាយជាម្ចាស់នៃប្រទេសរបស់ខ្លួនបានឡើយប្រសិនបើពួកគេមិនអាចចូលរួមក្នុងកិច្ចការសង្គម និងបញ្ចេញគំនិតរបស់ពួកគេចំពោះបញ្ហានយោបាយ, សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន។
ដោយសារតែហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ អ្នកទោសទាំងអស់បានទទួលរងនូវការកើនឡើងនៃការជះឥទ្ធិពលជាអវិជ្ជមានដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់ពួកគេ។ ក្រៅពីត្រូវបានបាត់បង់សេរីភាពមូលដ្ឋាន ពួកគេប្រឈមមុខនឹងការលំបាកបន្ថែមទៀតដោយសារតែវិធានការណ៍រឹតបណ្តឹងនៃជំងឺកូវីដ១៩ ដែលមានការលំបាកក្នុងការអនុវត្តគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលដូចជាការថែរក្សាអនាម័យនៅក្នុងលក្ខខណ្ឌនៃការឃុំខ្លួនយ៉ាងវេទនា និងការរក្សាគម្លាតសង្គមនៅក្នុងពន្ធនាគារដែលមានអ្នកទោសណែនចង្អៀតគ្នា។
ការដោះលែងអ្នកទោសមនសិការទាំងនេះនឹងលើកកម្ពស់សិទ្ធិជាមូលដ្ឋានដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងឧបករណ៍សិទ្ធិមនុស្សអន្ដរជាតិដទៃទៀតដើម្បីកាត់បន្ថយហានិភ័យសង្គមពីជំងឺកូវីដ១៩ ហើយរួមចំណែកក្នុងការផ្តល់សុភមង្គលដល់គ្រួសាររបស់ពួកគេនិងសង្គមទាំងមូល, កាត់បន្ថយភាពតានតឹងផ្នែកសង្គម និងនយោបាយ និងលើកទឹកចិត្តពួកគេឱ្យបន្តការងារដ៏មានតម្លៃរបស់ខ្លួនសម្រាប់ជាប្រយោជន៍រួមដល់សង្គមកម្ពុជា ក៏ដូចជានាំមកនូវភាពល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាផងដែរ។
សេចក្តីថ្លែងការណ៍រួមនេះចូលរួមគាំទ្រដោយ៖
- គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ( COMFREL )
- មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ( PDP Center )
- មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ( CENTRAL )
- វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ( CID )
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ( ADHOC )
- សមាគមប្រជាធិបតេយ្យ ឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ( IDEA )
- សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ( CCFC )
- សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)
- សម្ព័ន្ធភាពដើម្បីសុចរិត និងគណនេយភាពសង្គម ( CISA )
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ ( LRSU )
- សហពន្ធ័សហជីពកម្ពុជា( CATU )
- សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា( CFSWF )
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា CTWUF
- អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ( YRDP )
- អង្គការគាំទ្របច្ចេកវិទ្យាជនបទក្នុងប្រទេសកម្ពុជា ( RCT-Organization )
- អង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ ( CCPCR )
- អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ( CCHR )
- អង្គការវិជីឡែនកម្ពុជា ( Vigilance )
- អង្គការសមាគមធាងត្នោត ( Sahmkum Teang Tnaut – STT )
- អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ( CHRAC )