សាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើអតីតភិក្ខុ ជា វុទ្ធី

អតីតភិក្ខុ ជា វុទ្ធី  គឺជាសកម្មសង្ឃកន្លងមកតែងតែឈឺឆ្អាលរឿងប្រទេសជាតិ និងចូលរួមសកម្មក្នុងកិច្ចការងារសង្គម។ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ នេះរូបលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការក្រោមបទចោទ “ញុះញុងបង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម” ក្នុងឆ្នាំ២០២៥ តាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ក្រោយពីរូបលោក បានបញ្ចេញមតិនៅក្នុងក្រុម Facebook (Group chat on Facebook )។ បន្ទាប់ពីសវនាការបានបញ្ចប់ តុលាការ បានសម្រេចនឹងប្រកាសសាលក្រមនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ម៉ោង២រសៀលខាងមុខនេះ។

សូមបញ្ជាក់ថា អតីតភិក្ខុ ជា វុទ្ធី ត្រូវបានអាជ្ញាធរស្លៀកពាក់ស៊ីវិលមួយក្រុម បានចូលទៅនាំព្រះកាយព្រះអង្គចេញពីវត្តពោធិ៍វាល ក្រុងបាត់ដំបង នៅវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ដោយរថយន្តមិនដឹងយកទៅទីណា។ លុះម៉ោងប្រមាណជា១០ព្រឹក ថ្ងៃដដែល រថយន្តនោះបានវិលត្រឡប់មកកន្លែងដដែលវិញ(វត្តពោធិ៍វាល) ពេលនោះព្រះតេជគុណ ជា វុទ្ធី ត្រូវបានផ្សឹកដោយមេគុណខេត្តស្តីទីព្រះនាម ហេង សុខន បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនអតីតព្រះសង្ឃអង្គនេះ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បន្ទាប់មកនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ អតីតព្រះសង្ឃអង្គនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្នក្រោមបទចោទខាងលើ ព្រមទាំងបង្គាប់ឱ្យសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ(ប៉េហ្សេ)។