សេចក្ដីថ្លែងការណ៍រួម ស្ពីពីការរឹតត្បិតសិទ្ធិសេរីភាពខាងការជួបជុំទីសាធារណៈដោយសន្តិវិធី

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦

យើងខ្ញុំជាតំណាងអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដែលមានរាយនាមខាងក្រោម     មានការសោកស្តាយជាខ្លាំង ដែលសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យយើងខ្ញុំរៀបចំកម្មវិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ខួបលើកទី៣៥ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅសួនច្បារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការរឹតត្បិតដែលមិនសមហេតុផលនេះ គឺជាការរំលោភសិទិ្ធសេរីភាពខាងការជួបជុំ និងបញ្ចេញមតិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងមិនស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ទោះបី​ជា​សាលា​រាជធានីភ្នំពេញទទួលបានការជូនដំណឹងជាមុនរួចហើយក៏ដោយ។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ ខែតុលា ឆ្នាំ១៩៩១ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលនាំប្រទេសជាតិឆ្ពោះទៅរកសន្តិភាព ការផ្សះផ្សារជាតិ ការស្តារ និង​ការអភិវឌ្ឍស្រមតាមសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ដោយផ្អែកលើការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងអធិបតេយ្យភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ដូច្នេះ ការរំលឹក​ខួប គឺជាឱកាសមួយដែលប្រជាពលរដ្ឋកម្ពុជា អាចជួបជុំគ្នា បញ្ចេញមតិ និង​លើក​ឡើង​អំពី​ការវិវឌ្ឍ និងការសម្រេចបាននូវគោលបំណងដើមនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អំពីសន្តិភាព សិទិ្ធ​មនុស្ស លទិ្ធប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម ។ មិនតែប៉ុណ្ណោះ ទិវា​នេះ​ក៏​ជា​ឱ​កាស​ដ៏​មាន​សារៈ​សំខាន់​ក្នុងកា​របញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ចួន ចំពោះកិច្ចព្រមព្រៀងនេះ ។

អាជ្ញាធររដ្ឋកាន់តែបង្កើនការរឹតត្បិតសិទ្ធិសេរីភាពខាងការជួបជុំដោយសន្តិវិធីនៅទីសាធារណៈ ជា​ពិសេស​​នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរួមទាំងការរឹតត្បិតចុងក្រោយដែលបានកើតឡើងក្នុង        ឱកាសនៃការរំលឹកខួបនេះ។ ការរឹតត្បិតនេះ ធ្វើឱ្យលំហនៃការអនុវត្តសិទិ្ធសេរីភាពរបស់ប្រជាពលរដ្ឋ ដែល​កំពុង​រួមតូចស្រាប់ឱ្យកាន់តែលែងមាននៅក្នុងសង្គមកម្ពុជា ជា​ពិសេស​សេរី​ភាព​ខាងការ​ជួប​ជុំ​ដោយ​ផ្ទាល់​នៅ​តាមទីសាធារណៈ ដើម្បីបញ្ចេញមតិ ឬកង្វល់របស់ពួកគេ ។ សកម្មភាពរឹតត្បិតទាំងនេះ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹងរដ្ឋធម្មនុញ្ញកម្ពុជាហើយចាកឆ្ងាយកាន់តែខ្លាំងពីគោលបំណងនៃកិច្ចព្រមព្រៀងសន្តិភាពនៃទីក្រុងប៉ារីស ។

ខណៈដែលប្រទេសកម្ពុជា តែងតែប្រកាសជាសាធារណៈ និងចំពោះអន្តរជាតិថា រាជរដ្ឋាភិបាល​បានធានានូវការគោរពយ៉ាងពេញលេញនូវសិទ្ធិមនុស្ស ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ កតិកាសញ្ញា អនុសញ្ញា និងលិខិតតូបករណ៍ពាក់ព័ន្ធនានា រូមទាំងសិទ្ធិស្ត្រី និងកុមារ ប៉ុន្តែ​អាជ្ញាធរ​តែងតែបដិសេធម្តងហើយម្តងទៀត ចំពោះការជួបជុំដោយសន្តិវិធីនានានៅទីសាធារណៈ ។

លំហសេរីភាពសាធារណៈដែលបានរួមតូច ធ្វើឱ្យសំឡេងរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ពីភាពអយុត្តិធម៌ក្នុងសង្គម មិនត្រូវបានស្តាប់ឮ ឬយកចិត្តទុកដាក់គ្រប់គ្រាន់។ ស្ថានភាពដ៏អាក្រក់នេះ នឹងរារាំងការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកប​ដោយ​បរិយា​ប័ន្ន ពហុភាពនិយម និងសមធម៌ ក៏ដូចជារារាំងកម្ពុជាក្នុងការសម្រេចបាននូវទស្សនវិស័យ និងយុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ។ យើងខ្ញុំជាអង្គការសង្គមស៊ីវិល សូមអំពាវនាវយ៉ាងទទូចដល់សាលារាជធានីភ្នំពេញ និងអាជ្ញាធរ​ពាក់ព័ន្ធ ត្រូវបញ្ឈប់រាល់រូបភាពនៃការរឹតត្បិត ឬបំបិទសិទ្ធិសេរីភាពសម្តែងមតិ និងការជួបជុំសាធារណៈដោយសន្តិវិធីរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដោយត្រូវធានានូវ ការអនុវត្តសិទ្ធិសេរីភាពទាំងនេះឱ្យបានពេញលេញ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។

យើងខ្ញុំសូមបញ្ជាក់ជាថ្មីថា ការការពារសិទ្ធិសេរីភាព និងការបើកទូលាយលំហសាធារណៈ គឺជាការទទួលខុសត្រូវរួមរបស់រដ្ឋ សង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់រូប។ យើងខ្ញុំនឹងបន្តចូលរួមដោយសន្តិវិធី និងស្របតាមច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស យុត្តិធម៌សង្គម លទ្ធិប្រជាធិបតេយ្យ និងសន្តិភាពពិតប្រាកដនៅកម្ពុជា។ សន្តិភាពពិតប្រាកដ ត្រូវដើរទន្ទឹមនឹងសេរីភាព យុត្តិធម៌ និងការគោរពសិទ្ធិមនុស្ស ។

ឈ្មោះអង្គការ សមាគម និងសហជីពដែលគាំទ្រសេចក្តីថ្លែងការណ៍រួម៖

  • សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
  • អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
  • សហព័ន្ធសហជីពកម្ពុជាឯករាជ្យ
  • សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
  • អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
  • អង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
  • អង្គការគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា (COMFREL)
  • អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
  • សមាគមបណ្តាញយុវជនកម្ពុជា (CYN)
  • សហព័ន្ធសហជីពវិស័យទេសចរណ៍
  • អង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (CMPO)
  • អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
  • សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា
  • សម្ព័ន្ធសហជីពកាត់ដេរសម្លៀកបំពាក់ និងឧស្សាហកម្ម
  • សហព័ន្ធសហជីពអំណាចយុវជនកម្ពុជា
  • ក្រុមពង្រឹងសិទ្ធិអំណាចយុវជនដើម្បីសមធម៌សង្គម
  • សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា
  • សហព័ន្ធសហជីពឥទ្ធិពលការងារ
  • សហព័ន្ធសហជីពឯករាជ្យ
  • អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
  • អង្គការមជ្ឈមមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
  • អង្គការសមាគមធាងត្នោត (STT)
  • អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ
  • សហព័ន្ធសហជីពបេះដូងកម្មករ
  • សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ សេវាកម្មកម្ពុជា
  • សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
  • សមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍
  • សហព័ន្ធសហជីពកម្មករនិយោជិតវិស័យឧស្សាហកម្មកម្ពុជា
  • សមាគមអ្នកបើកបររថយន្តធុនធ្ងន់កម្ពុជាសម្ព័ន្ធសហជីព កាត់ដេរសម្លៀកបំណាក់ និងឧស្សាហកម្ម ( Coalition-AI)
  • សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ សេវាកម្មកម្ពុជា( CTSWF)
  • សមាគមខ្មែរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ( K-AI)
  • សមាគមកសិករដើម្បីសន្តិភាព និងអភិវឌ្ឍន៍(FAPD)
  • សហព័ន្ធសហជីពកម្មករនិយោជិតវិស័យឧស្សាហកម្មកម្ពុជា(CIWF)
  • សមាគមអ្នកបើកបររថយន្តធុនធ្ងន់កម្ពុជា(CTDA)

ទាញយកសេចក្តីថ្លែងការណ៍