រាជធានីភ្នំពេញ ៥ វិច្ឆិកា ឆ្នាំ២០២៦
នៅក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មមកលើអ្នកសារព័ត៌មាន យើងជាអង្គការ សង្គមស៊ីវិល សមាគមសារព័ត៌មានដែលមានរាយនាមដូចខាងក្រោមសូមអំពាវនាវដល់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវចាត់វិធានការជាបន្ទាន់ និងជាក់ស្តែង ដើម្បីធានាឱ្យមានការស៊ើបអង្កេតប្រកប ដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព រាល់បទល្មើសដែល បានប្រព្រឹត្តប្រឆាំងនឹងអ្នកសារព័ត៌មាន បុគ្គលិក ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកការពារសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា។
នៅប្រទេសកម្ពុជា ការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាននៅតែជាក្តីបារម្ភដ៏ធ្ងន់ធ្ងរ។ យោងតាមសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) មានករណីរំលោភសិទ្ធិមនុស្សចំនួន ២៩ ករណី ប្រឆាំងនឹងអ្នកសារព័ត៌មាន និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងចំណោមករណីទាំងនេះ មាន ១៩ ករណីពាក់ព័ន្ធនឹងការគំរាមកំហែងតាមផ្លូវច្បាប់ ការយាយី ការសាកសួរ និងការកោះហៅដោយបំពានច្បាប់ ការចាប់ខ្លួន ការឃុំខ្លួន និងការដាក់ពន្ធនាគារ។ អាជ្ញាធរនៅតែជាអ្នក រំលោភបំពានចម្បងលើអ្នកសារព័ត៌មាន ប៉ុន្តែការទទួលខុសត្រូវចំពោះ ការរំលោភបំពានទាំងនេះមានតិចតួច បំផុត ដែលអនុញ្ញាតឱ្យអ្នកពាក់ព័ន្ធបន្តប្រព្រឹត្តដោយគ្មានទោស ។ និន្នាការនេះបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំង អំពីការរំលោភបំពានអំណាច និងកង្វះការទទួលខុស ត្រូវចំពោះការរំលោភបំពានដែលបានប្រព្រឹត្តលើ អ្នកសារព័ត៌មាន ដែលធ្វើឱ្យទំនុកចិត្តរបស់សាធារណជន លើប្រព័ន្ធយុត្តិធម៌កាន់តែចុះខ្សោយ។
គិតត្រឹមពេលចេញសេចក្តីថ្លែងការណ៍នេះ អ្នកសារព័ត៌មានចំនួន ៤នាក់ នៅតែត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ[1] ក្រោមបទចោទប្រកាន់ រួមមានបទញុះញង់ បទធ្វើឱ្យបាក់ទឹកចិត្តកងទ័ព និងបទផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ដែលប៉ះពាល់ដល់ការការពារជាតិ។
យោងតាមកំណត់ត្រាដែលចងក្រងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) យ៉ាងហោចណាស់ អ្នក សារព័ត៌មានចំនួន ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤មក។ ក្នុងចំណោម អ្នកសារព័ត៌មានទាំងនេះមាន ចំនួន ១២នាក់ បានរាយការណ៍អំពីបញ្ហារសើប រួមមានបញ្ហាបរិស្ថាន និង នយោបាយ ដែលបានលាតត្រដាង អំពីសកម្មភាពរបស់បុគ្គលមានអំណាច មន្ត្រីរដ្ឋាភិបាល និងស្ថាប័នរដ្ឋ។
យោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥១ ក្នុងចំណោមប្រទេសចំនួន ១៨០ ដែលធ្វើឱ្យកម្ពុជាស្ថិត ក្នុងចំណោមប្រទេសដែលមានស្ថានភាពសេរីភាពសារព័ត៌មាន «ធ្ងន់ធ្ងរខ្លាំង»។ ការកំណត់គោលដៅលើអ្នក សារព័ត៌មាន ជាពិសេសអ្នកដែលរាយការណ៍អំពីបញ្ហាសិទ្ធិមនុស្ស អំពើពុករលួយ បញ្ហាបរិស្ថាន និង បញ្ហា ផ្សេងៗទៀតដែលជាប្រយោជន៍សាធារណៈ គឺធ្វើឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាន និងសេរីភាព នៃការ បញ្ចេញមតិ ព្រមទាំងរឹតត្បិតសិទ្ធិទទួលបានព័ត៌មានរបស់សាធារណជន។ បរិយាកាសបែបនេះធ្វើឱ្យ អ្នកសារព័ត៌មានកាន់តែពិបាកក្នុងការតាមដាន និងទាមទារឱ្យអ្នកមានអំណាចទទួលខុសត្រូវ ចំពោះសកម្មភាព របស់ខ្លួន។ នៅពេលអាជ្ញាធរខកខានមិនបានស៊ើបអង្កេតឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន និងនាំជន ល្មើសមកទទួលខុសត្រូវតាមផ្លូវច្បាប់ នោះគឺជាការបន្តបង្កើតវប្បធម៌និទ្ទណ្ឌភាព និងផ្ញើសារដ៏គ្រោះថ្នាក់ថា ការរំលោភបំពានទាំងនេះអាចប្រព្រឹត្តទៅដោយគ្មានផលវិបាកអ្វីឡើយ។
ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាននេះ យើងខ្ញុំសូម អំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យ៖
១. បញ្ឈប់ការយាយីតាមប្រព័ន្ធតុលាការ និងការឃុំខ្លួនតាមអំពើចិត្ត៖ បញ្ឈប់ការប្រើប្រាស់បទចោទ ប្រកាន់ព្រហ្មទណ្ឌ ការចាប់ខ្លួន ការឃុំខ្លួនដោយអំពើចិត្ត ព្រមទាំងទម្រង់ផ្សេងៗនៃការយាយីតាមផ្លូវច្បាប់ ដើម្បីបំបិទសំឡេងអ្នកសារព័ត៌មានដែលបំពេញការងាររាយការណ៍ព័ត៌មានដោយស្របច្បាប់ និងអនុវត្តសិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិ។ ដោះលែងអ្នកសារព័ត៌មានដែលត្រូវបានឃុំខ្លួន ឬជាប់ពន្ធនាគារតាមអំពើចិត្ត ដោយសារការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។
២. ធានាបរិយាកាសប្រកបដោយសុវត្ថិភាព និងអំណោយផលសម្រាប់វិស័យសារព័ត៌មាន៖ ចាត់វិធានការ ប្រកបដោយប្រសិទ្ធភាព ដើម្បីទប់ស្កាត់ការគំរាមកំហែង ការបំភិតបំភ័យ ការវាយប្រហារលើរាងកាយ ការយាយីតាមប្រព័ន្ធអនឡាញ និងការសងសឹកគ្រប់ទម្រង់ផ្សេងៗចំពោះអ្នកសារព័ត៌មាន ព្រមទាំងធានាថា ពួកគេអាចបំពេញភារកិច្ចវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការភ័យខ្លាចចំពោះការគំរាមកំហែង ឬការសងសឹក។
៣. ធានាការស៊ើបអង្កេតឱ្យបានឆាប់រហ័ស និងមិនលម្អៀង៖ ស៊ើបអង្កេតរាល់ករណីដែលបានរាយការណ៍ អំពីការវាយប្រហារ ការយាយី និងការបំភិតបំភ័យចំពោះអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងតួអង្គនយោបាយ រួមទាំងបណ្តឹងរបស់អ្នកសារព័ត៌មានដែលមិនទាន់ត្រូវបានដោះស្រាយ ការចោទប្រកាន់ ពាក់ព័ន្ធនឹងមន្ត្រីសាធារណៈ ។ ត្រូវធានាឱ្យមានការតាមដានជាប្រព័ន្ធ និងការទទួលខុសត្រូវ នៅពេលរកឃើញ ថាមានការរំលោភបំពានកើតឡើង។ បន្តពង្រឹងការផ្តល់ជំនួយ ដែល មានស្រាប់ដល់អ្នកសារព័ត៌មាន តាមរយៈការបង្កើតនីតិវិធីការពារដែលងាយស្រួលទទួលបាន សម្រាប់អ្នក សារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស រួមមានការវាយតម្លៃហានិភ័យ វិធានការការពារបន្ទាន់ និងការតាមដាន បន្តលើករណីគំរាមកំហែងដែលបានរាយការណ៍។
៤. ដាក់ចេញវិធានការការពារសិទ្ធិ៖ ទប់ស្កាត់បណ្តឹងផ្លូវច្បាប់ជាយុទ្ធសាស្ត្រ ដើម្បីបំបិទការចូលរួមជា សាធារណៈ (SLAPPs) និងនីតិវិធីផ្លូវច្បាប់ដែលត្រូវបានប្រើប្រាស់ក្នុងគោលបំណងរំលោភបំពានផ្សេងទៀត ដែលផ្តោតលើអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន និងតួអង្គសង្គមស៊ីវិល។ បង្កើតនីតិវិធីដែលអនុញ្ញាត ឱ្យតុលាការបដិសេធបណ្តឹងដែលមានលក្ខណៈរំលោភបំពានទាំងនេះតាំងពីដំណាក់កាលដំបូង ព្រមទាំងផ្តល់ មធ្យោបាយដោះស្រាយសមស្រប និងកំណត់វិធានការទទួលខុសត្រូវចំពោះ ការប្រើប្រាស់នីតិវិធី ទាំងនេះក្នុង គោលបំណងរំលោភបំពាន។
សេចក្តីថ្លែងការណ៍ចូលរួមគាំទ្រដោយ៖
១. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)
២. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក)
៣. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
៤. អង្គការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (CMPO)
៥. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
៦. អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO)
៧. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឃន៍នៅកម្ពុជា (ADHOC)
៨. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
៩. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
១០. សមាគមស្ត្រីជនបទដើម្បីក្សេត្របរិស្ថាន (RWAA)
១១. អង្គការអភិវឌ្ឃន៍សំឡេងសហគមន៍ (BCV)
១២. សមាគមបណ្តាញយុវជនកម្ពុជា (CYN)
១៣. សហព័ន្ធសហជីពសេរីឯករាជ្យ (ហ្វូហ្វី)
