ពលរដ្ឋប្រមាណ ១៧៥នាក់ តំណាងឱ្យ ៣០០គ្រួសារ មកពីឃុំរលួសមានជ័យ ស្រុកអូគ្រៀងសែនជ័យ ខេត្តក្រចេះ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ បានជួបជុំគ្នានៅខាងមុខសាលាខេត្តក្រចេះ ដើម្បីសុំពន្យារពេលអនុវត្តតាមសេចក្តីជូនដំណឹងលេខ២១៣/២៦ស.ជ.ណ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។ ករណីដីធ្លីរបស់ពួកគាត់ដែលត្រូវបានអាជ្ញាធរបណ្តេញចេញជាច្រើនលើកច្រើនសារ។ ដោយលើកមូលហេតុថា ពាក់ព័ន្ធជីវភាពក្រីក្រ ខ្វះខាតថវិកា ហើយភាគច្រើនបានចាកចេញទៅប្រកបមុខរបរនៅទីកន្លែងផ្សេងៗដែលមិនអាចទទួលដំណឹង ស្តីពីលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ស្តីពីការរុះរើលំនៅស្ថាន។ ម្យ៉ាងវិញទៀតពួកគាត់ជួបការលំបាកក្នុងការរុះរើលំនៅដ្ឋាន ផលដំណាំ និងមិនទាន់មានទីកន្លែងច្បាស់លាស់ដែលនឹងត្រូវចាកចេញ។ លទ្ធផល រដ្ឋបាលខេត្តក្រចេះ បានទទួលយកពាក្យពន្យាពេលអនុវត្តន៍ សេចក្តីជូនដំណឹងនេះ និងសន្យាដោះស្រាយជូនពលរដ្ឋ។
តំណាងពលរដ្ឋម្នាក់អ្នកស្រី យ៉ា រ៉ូម៉ី ប្រាប់ថា ពលរដ្ឋប្រមាណ ៣០០គ្រួសារបានរស់នៅ និងអាស្រ័យផលលើដីនោះប្រមាណ ៩ ឆ្នាំ មកហើយ។ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តក្រចេះបាន ចេញលិខិតសេចក្តីជូនដំណឹង ស្តីពី ការបញ្ឈប់ការចូលទន្ទ្រានកាន់កាប់ដីឯកជនរបស់រដ្ឋដែលបានផ្តល់សិទ្ធិសម្បទានដីសេដ្ឋកិច្ចជូនក្រុមហ៊ុនហ្គ្រេតវ័នឌើអេហ្គ្រខលឈ័រឌីវេឡុបមេនដែលមានទីតាំងខាងលើ និងតម្រូវឱ្យពលរដ្ឋបញ្ឈប់នូវរាល់ការចូលកាន់កាប់ និងទន្ទា្រនយកដីរដ្ឋគ្រប់រូបភាពដោយខុសច្បាប់ ត្រូវរុះរើពូជដំណាំ សម្ភារៈ រោង ខ្ទមមិនរៀបរយដែលបានសង់រួចចេញពីបរិវេណដីរដ្ឋខាងលើ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ជាកំហិត។


