តំណាងពលរដ្ឋដែលមានដីធ្លីវិវាទស្ថិតក្នុងខេត្តកំពង់ធំមកដាក់ពាក្យស្នើសុំជួយអន្តរាគមន៍

ពលរដ្ឋ ២២នាក់ តំណាងឱ្យ ៤៨គ្រួសារ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦នេះ បានមកជួបជុំគ្នាដើម្បីស្នើសុំការជួយអន្តារាគមន៍ពីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសុំកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ លើផ្ទៃដីសរុប ២៣០ហិកតា ៨០អា។

យោងតាមពាក្យស្នើសុំជួយអន្តរាគមន៍៖ មូលហេតុដែលពួកគាត់មកដាក់ថ្ងៃនេះគឺ

ពួកគាត់បានបង្កបង្កើនផល និងអាស្រ័យផលលើដីស្រែជាក់ស្ដែងតាមដងទន្លេសាបនេះ តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន(ភូមិ-ឃុំ) ព្រមទាំងមានកាន់កាប់បង្កាន់ដៃ និងលិខិតបញ្ជាក់ច្បាស់លាស់។ កន្លងមក ពួកគាត់ក៏ទទួលបានការវាស់វែង និងកាត់ឃ្វាលពីក្រុមនិស្សិត ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ និងស្មារតី ស.ជ.ណ. លេខ ១០៤៤ (ឆ្នាំ២០១៤) និង ស.ជ.ណ. លេខ ១០០៣ (ឆ្នាំ២០១៥) របស់ទីស្តីការគណៈរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការពិនិត្យ ដោះស្រាយ និងកាត់ឃ្វាលដីជូនប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែងក្នុងតំបន់បឹងទន្លេសាប ព្រមទាំងមានការណែនាំបន្ថែមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំផងដែរ។ ប៉ុន្តែក្នុងរយៈពេលជិត ៣ឆ្នាំចុងក្រោយនេះ អាជ្ញាធរស្រុកតាំងគោកដឹកនាំដោយ លោក ម៉ម ទីន អភិបាលរងស្រុក បានចុះហាមឃាត់ រារាំង និងបានធ្វើឱ្យខូចខាតដល់សម្ភារៈកសិកម្ម ដូចជា៖ ការកាត់ខ្សែពាន ស៊ីយូបូមទឹក ការចាក់ទឹកចូលបំពង់ស៊ីម៉ាំង និងការរឹបអូសឧបករណ៍បូមទឹកដោយចោទប្រកាន់ថាជាការកាប់ទន្ទ្រានដីព្រៃថ្មីរបស់រដ្ឋ។ សកម្មភាពនេះបានបង្កការកកស្ទះ និងមិនទាន់បានអនុវត្តស្របតាមស្មារតី ស.ជ.ណ. របស់រាជរដ្ឋាភិបាលខាងលើឡើយ ដែលធ្វើឱ្យយើងខ្ញុំជួបការលំបាកយ៉ាងខ្លាំង និងបាត់បង់ប្រភពចំណូលផ្គត់ផ្គង់គ្រួសារ ខណៈដែលអាជ្ញាធរភូមិ-ឃុំ បានបញ្ជាក់ច្បាស់ថា យើងខ្ញុំពិតជាបានអាស្រ័យផលលើដីស្រែចាស់នេះយូរណាស់មកហើយដោយពុំបានទន្ទ្រានដីព្រៃថ្មីឡើយ។

ដោយស្នើសុំឱ្យ ឯកឧត្តម ឧបនាយករដ្ឋមន្តី្ររដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តា

១.​ចាត់មន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ និងពិនិត្យជាក់ស្ដែងលើទីតាំងដីវិវាទខាងលើដើម្បីផ្ដល់យុត្តិធម៌ជូនប្រជាពលរដ្ឋ។

២.ជួយអន្តរាគមន៍សម្របសម្រួល បើកផ្លូវឱ្យប្រជាពលរដ្ឋបានបង្កបង្កើនផលលើដីស្រែចាស់ជាបណ្តោះអាសន្ន។

៣.មេត្តាពិនិត្យជំរុញការអនុវត្តតាម ស.ជ.ណ. លេខ ១០៤៤ និង លេខ ១០០៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បើរៀបចំនីតិវិធីកាត់ឃ្វាល និងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះដោយសន្តិវិធី។

ជាលទ្ធផលតំណាងឱ្យព្រឹទ្ធសភាឳ្យចូលជួប និងទទួលលិខិតដោយសន្យានឹងផ្តល់ព័ត៌មានពេលក្រោយ

ចំណែកតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពេលទទួលរួច ប្រាប់ថានឹងចុះស្រាវជ្រាវផ្តល់ព័ត៌មានជូន។