យើងខ្ញុំទាំងអស់គ្នាជាតំណាង សមាគម សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើការ លើកកម្ពស់សិទ្ធិមនុស្សរបស់ស្រ្តីលើវិស័យការងារចម្រុះ ដូចជាឧស្សាហកម្មកាត់ដេរ ចំណីអាហារសេវាកម្ម សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ កម្មករសណ្ឋាគារ កាស៊ីណូ សំណង់ ការងារតាមផ្ទះ កសិករ ស្ត្រីជនបទ សហគមន៍ដីធ្លី អ្នករស់នៅក្នុង តំបន់មិនទាន់អភិវឌ្ឍន៍ និងបណ្តាញយុវជន បានរួមសហការគ្នារៀបចំទិវានារីអន្តរជាតិខួបលើកទី ១១៥ ក្រោមប្រធានបទ «អនុវត្តសិទ្ធិសេរីភាព ដើម្បីយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរសម្រាប់ស្រ្តី និងក្មេងស្រី»។
យើងខ្ញុំកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងភាពរីកចម្រើននានារបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ប៉ុន្តែទន្ទឹមនឹងនេះដែរ យើងខ្ញុំដែលកំពុងធ្វើការផ្ទាល់ជាមួយក្រុមស្រ្តី និងក្មេងស្រី ក្នុងវិស័យចម្រុះដែលបានលើកឡើងខាងលើ សង្កេតឃើញថា អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការបៀតបៀន ការអើសអើង ការគម្រាមកំហែង ការកេងប្រវ័ញ្ចកម្លាំងពលកម្ម នៅតែបន្តកើតឡើង ជាពិសេសលើស្រ្តីក្នុងខ្សែសង្វាក់ផ្គត់ផ្គង់រាប់ចាប់ពី ចម្ការ កសិដ្ឋាន កសិឧស្សាហកម្ម រោងចក្រ សិប្បកម្ម សហគ្រាស ផលិត វេចខ្ចប់ និង កែច្នៃអាហារ សម្លៀកបំពាក់ វាយនភណ្ឌ កាត់ដេរ និងដេរស្បែកជើង សេវាកម្មស្បៀងអាហារ ទេសចរណ៍ សំណង់ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អំពើហិង្សាខាងលើក៏នៅតែបន្តកើត មានឡើងផងដែរមកលើស្រ្តី និងក្មេងស្រីងាយរងគ្រោះផ្សេងទៀត ដូចជាអ្នកស្រលាញ់ភេទដូចគ្នា អ្នកមានពិការ ភាព ជនជាតិដើមភាគតិច សកម្មជននិងតំណាងអង្គការសង្គមស៊ីវិល សហជីព ដីធ្លី កសិករ គណបក្យនយោ បាយ និងបរិស្ថាន គួរអោយកត់សម្គាល់គ្រប់ទម្រង់ និងគ្រប់ទីកន្លែង រួមមាននៅក្នុងផ្ទះ សហគមន៍ កន្លែងធ្វើការ ទីសាធារណៈ និងថ្មីៗនេះមានទាំងតាមបប្រព័ន្ធបច្ចេកវិទ្យា និង បណ្តាញសង្គមផងដែរ។
កាលពីយុទ្ធនាការ និងទិវាសិទ្ធិនារីអន្តរជាតិនាឆ្នាំកន្លងទៅ សមាគម សហព័ន្ធសហជីព និងអង្គការ សង្គមស៊ីវិលដែលកំពុងធ្វើការលើកកម្ពស់សិទ្ធិមនុស្សរបស់ស្រ្តីលើវិស័យការងារចម្រុះ បានដាក់ញ្ញត្តិ និងចេញ សេចក្តីថ្លែងការណ៍រួម ដោយបានឡើងនូវតម្រូវការចំនួន ១៦ចំណុច សម្រាប់ជូនរាជរដ្ឋាភិបាលកម្ពុជាដោះ ស្រាយ។ កំឡុងខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ យើងខ្ញុំសម្គាល់ឃើញថា មានការឆ្លើយតបជាវិជ្ជមាន មួយចំនួនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែងចំពោះតម្រូវការទី ១២ លើការដាក់ចេញនូវគំនិតផ្តួចផ្តើម សាងសង់អន្តេវា សិកដ្ឋានសម្រាប់និស្សិតស្រីចំនួន ៥០០នាក់ និងតម្រូវការទី ១ ការដាក់ចេញអនុក្រឹត្យស្តីពីការ គ្រប់គ្រងទារកដ្ឋាន និង កំណែទម្រង់ប្រព័ន្ធដឹកជញ្ជូនកម្មករវិស័យកាត់ដេរ ក្នុងឆ្នាំ២០២៧ ។ ដោយឡែកចំពោះសំណើ ឬ តម្រូវការផ្សេងទៀត នៅពុំទាន់ត្រូវបានរាជរដ្ឋាភិបាលចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធ ភាពនៅឡើយទេ។
អាស្រ័យហេតុនេះ យើងខ្ញុំជាតំណាង សមាគម បណ្តាញយុវជន សហព័ន្ធសហជីព និងអង្គការសង្គម ស៊ីវិល ដែលមានរាយនាមខាងក្រោមនេះ សូមដាក់ជូនជាថ្មីនូវបញ្ជីតម្រូវការ និងដំណោះស្រាយជាអាទិភាពចំនួន ១៦ចំណុច ដែលយើងខ្ញុំធ្លាប់បានលើកឡើង និងដាក់ជូនរាជរដ្ឋាភិបាល តាមរយៈក្រសួងពាក់ព័ន្ធ និងអ្នកតាក់តែងគោលនយោបាយ។ យើងខ្ញុំទទួលស្គាល់នូវភាពរីកចម្រើន និង ការឆ្លើយតបជាវិជ្ជមានពីសំណាក់រាជរដ្ឋា ភិបាលនូវដំណោះស្រាយជាអាទិភាពមួយចំនួនក្នុងឆ្នាំកន្លងទៅ ហើយយើងខ្ញុំក៏បានធ្វើបច្ចុប្បន្នភាពដោយដក ចេញពីក្នុងបញ្ជីនេះដែរ។ ហេតុដូច្នេះ យើងខ្ញុំសូមលើកនូវតម្រូវការទាំង ១៦ចំណុច ជាថ្មីម្តងទៀតដូចខាង ក្រោម៖
តម្រូវការទី១៖ ជម្រុញពន្លឿនទាំងបរិមាណនៃការបង្កើតមត្តេយ្យសហគមន៍ និងទារកដ្ឋាន និងពង្រឹងគ្រឹះស្ថានដែលមានស្រាប់ឱ្យមានគុណភាពនៅតាមសហគមន៍ និងកន្លែងការងារ។
តម្រូវការទី២៖ ពន្លឿនការធ្វើវិសោធនកម្មច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងបង្កើតឱ្យមានជម្រកសុវត្ថិភាពរបស់រដ្ឋ សម្រាប់ស្ត្រីរងគ្រោះ អ្នករស់រានមានជីវិតពីអំពើហិង្សាក្នុងគ្រួសារ ស្រ្តីជាកម្មករធ្វើការងារតាមផ្ទះ កម្មករចំណាកស្រុក និងស្ត្រីងាយរងគ្រោះនៅតាមសហគមន៍។
តម្រូវការទី៣៖ ចាត់វិធានការតាមផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព និងតឹងរឹងចំពោះអំពើហិង្សា និង ការបៀតបៀនគ្រប់ទម្រង់មកលើស្ត្រី និងក្មេងស្រ្តី ដោយធានានូវការការពារ សម្រាប់ស្រ្តី និងក្មេងស្រីដែលងាយរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹង យេនឌ័រ។
តម្រូវការទី៤៖ ចាត់វិធានការរដ្ឋបាលជាក់លាក់ និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងការបំភិតបំភ័យគ្រប់រូបភាពលើប្រជាពលរដ្ឋស្រ្តី អ្នកការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិការងារ និងការពារបរិស្ថាន នៅពេលពួកគេបញ្ចេញមតិបង្ហាញ អំពីបញ្ហាប្រឈមក្នុងសហគមន៍របស់ខ្លួន។
តម្រូវការទី៥៖ ពន្លឿនកំណែទម្រង់ និងពង្រឹងសុវត្ថិភាពស្តង់ដារនៃមធ្យោបាយដឹកជញ្ជូន កម្មករក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើង។
តម្រូវការទី៦៖ កែលម្អលក្ខខណ្ឌការងារ និងពង្រឹងយន្តការការពារអ្នកធ្វើការងារតាមផ្ទះ។
តម្រូវការទី៧៖ ពង្រឹងយន្តការការពារសិទ្ឋិពលករចំណាកស្រុកពីការកេងប្រវ័ញ្ចពលកម្ម ការជួញដូរមនុស្ស និងទាសភាពសម័យទំនើប។
តម្រូវការទី៨៖ ពង្រឹង និងពង្រីកវិសាលភាពនៃប័ណ្ណសមាជិក ប.ស.ស តាមរយៈការចុះធ្វើអធិការកិច្ច និងជំរុញឱ្យមានការចុះបញ្ជី និងការបង់វិភាគទាន ប.ស.ស ក្នុង ចំណោមនិយោជក ជាពិសេសកម្មករនៅក្នុងវិស័យសំណង់ តាមចំការធំៗ និងរោងចក្រកាត់ដេរវាយនភ័ណ្ឌ ដែលធ្វើការក្រោមកុងត្រាបន្ត (Sub-Contract)។
តម្រូវការទី ៩៖ ត្រូវធានាថា កម្មករនៅក្នុងវិស័យសំណង់ និងឡឥដ្ឋមានសម្ភារៈសុខភាព និងសុវត្ថិភាពត្រឹមត្រូវតាមច្បាប់ មិនធ្វើការក្នុងលក្ខខណ្ឌបញ្ចាំខ្លួនដោះបំណុល និងសហគ្រាស គ្រឹះស្ថានបានចុះបញ្ជីជាសមាជិក ប.ស.ស។
តម្រូវការទី១០៖ ជម្រុញការអនុវត្តកសិកម្មក្សេត្របរិស្ថាន/អេកូឡូស៊ី និងសុវត្ថិភាពដីធ្លី ដោយ បញ្ឈប់ការបណ្តេញចេញគ្រប់រូបទាំងអស់ និងផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី បន្ថែមដល់សហគមន៍ក្រីក្រក្នុងទីក្រុង និងជនបទ។
តម្រូវការទី១១៖ ត្រូវរៀបចំផ្តល់ទីកន្លែងសម្រាប់អ្នកលក់ដូរតូចតាចតាមចិញ្ចើមផ្លូវ និងធានាថាកន្លែងទាំងនោះមានតម្លៃសមរម្យសម្រាប់អ្នកលក់រួមមាន តាមផ្សារ ឆ្នេរ និងតំបន់ទេសចរណ៍ ហើយព្រមទាំងធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៃសហគមន៍ ដោយផ្តល់អគ្គិសនីសម្រាប់បំភ្លឺផ្លូវដើម្បីការពារស្រ្តី និង ក្មេងស្រីពីការបៀតបៀនផ្សេងៗ។
តម្រូវការទី១២៖ ពង្រឹងគុណភាពនៃការបង្រៀនក្នុងម៉ោងរដ្ឋ បង្កើនចំនួនអាហារូបករណ៍ សម្រាប់ជំនាញសិក្សាថ្នាក់ឧត្តមសិក្សា និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃជា ពិសេសសិស្សស្រ្តីមកពីជនបទ។
តម្រូវការទី១៣៖ ផ្តល់សេវាគាំទ្រដល់ស្រ្តី ជាពិសេសស្រ្តីក្រីក្រ និងមានពិការភាពក្នុងទីក្រុង និងជនបទ ឱ្យទទួលសេវាគាំពារផ្នែកសុខភាពផ្លូវចិត្ត និងផ្លូវច្បាប់។
តម្រូវការទី១៤៖ ធ្វើវិសោធនកម្មច្បាប់ និងប្រកាសបេឡាជាតិរបបសន្តិសុខសង្គម ដោយត្រូវធ្វើការកែសម្រួលលក្ខខណ្ឌតម្រូវឱ្យនិយោជកនៃសហគ្រាសនោះបានបង់ប្រាក់ភាគទាន ៩ដង ទើបកម្មករជាស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភ ៧០ភាគរយ នៃប្រាក់ជាប់ភាគទាន និងថ្ងៃឈប់សម្រាក។ ស្នើសុំដាក់បញ្ចូលក្នុងករណីមានផ្ទៃពោះមិនជោគជ័យ (កូនមិននៅក្រោម ៧ខែ) ក៏មានសិទ្ធិទទួលបានថ្ងៃឈប់សម្រាក និងប្រាក់ឧបត្ថម្ភ ៧០ភាគរយ នៃប្រាក់ជាប់ភាគទាន។ ស្នើឱ្យមានការកែសម្រួលប្រការ ៤ នៃសេចក្តីប្រកាសលេខ ២៣៥ ចុះថ្ងៃទី៥ ខែ១១ ឆ្នាំ២០២៤។
តម្រូវការទី១៥៖ ពង្រីកទីផ្សារការងារក្នុងស្រុក បង្កើនជំនាញថ្មី រួមទាំងពន្លឿនការអនុវត្តគោលនយោបាយ ផ្តល់ប្រាក់ឧបត្ថម្ភ អំឡុងពេលបាត់បង់ប្រាក់ចំណូល ឬ អត់ការងារធ្វើ ជាពិសេសសម្រាប់ស្ត្រី យុវជន និងកម្មករចំណាកស្រុក។
តម្រូវការទី១៦៖ បន្ថែមការផ្សព្វផ្សាយក្នុងការចុះបញ្ជីថ្នាលឌីជីថលសម្រាប់កម្មករសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ ក្នុងការពន្លឿននិតិវិធីក្នុងការចុះបញ្ជីក្នុងបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់កម្មករទាំងនេះនិងសុំស្នើឱ្យមានការលើកលែងចំណុចទី៣ នៃសេចក្តី ជូនដំណឹងលេខ ០០៥/២៥ ប.ស.ស ចុះថ្ងៃទី១៥ខែមករា ឆ្នាំ២០២៥ ជូនដល់ អាជីវករលក់ដូរតាមដងផ្លូវ តាមរទេះចល័ត និងកម្មករអ្នករើសអេតចាយដែល ខ្វះលទ្ធភាពប្រើប្រាស់ទូរស័ព្ទទំនើបដើម្បីផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី (ប ស ស) និងសូមរដ្ឋាភិបាលពិចារណាក្នុងចុះតម្លៃបង់បេឡាជាតិសន្តិសុខសង្គមសម្រាប់កញ្ចប់គ្រួសាជូនដល់អ្នកដែលមានកូនចាប់ពីពីរនាក់ឡើងទៅក្នុងបន្ទុកគ្រួសារ។
យើងខ្ញុំសូមធ្វើការបរិយាយសេចក្តីលម្អិតពីតម្រូវការ និងយន្តការដោះស្រាយជាក់លាក់របស់ស្រ្តីដាក់ជូន អ្នកតាក់តែងគោលនយោបាយធ្វើការដោះស្រាយជាអាទិភាព និងជាបន្ទាន់ ដើម្បីធានាបាននូវសមភាពយេនឌ័រ កាត់បន្ថយគម្លាត់រវាងអ្នកមាន និងអ្នកក្រ និងធានាបាននូវការការពារសុខុមាលភាពរបស់ប្រជាជន៖
តម្រូវការទី១៖ ជម្រុញពន្លឿនទាំងបរិមាណនៃការបង្កើតមត្តេយ្យសហគមន៍ និងទារកដ្ឋាន និងពង្រឹងគ្រឹះស្ថានដែលមានស្រាប់ឱ្យមានគុណភាពនៅតាមសហគមន៍ និងកន្លែងការងារ។
បញ្ហាដែលកើតមានឡើង៖
- យោងតាមរបាយការណ៍ ILO គិតត្រឹមឆ្នាំ២០២១ ចំនួនពលកម្មស្រ្តីមានប្រមាណ ៧៩% នៃកម្លាំងពលកម្ម សរុបរបស់កម្ពុជា បានចូលក្នុងទីផ្សារការងារដែលមានចំណូល។ ដោយឡែកនៅមានស្ត្រីផ្សេងទៀតដែល មិនបានរាប់បញ្ចូលក្នុងរបាយការណ៍នេះ តួយ៉ាងទាំងស្ត្រីជនបទ ស្ត្រីចំណាកស្រុក ដែលវិលមកពីប្រទេស ថៃវិញ។ កម្មករស្ត្រី និងស្ត្រីប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជួបនូវបញ្ហាលំបាកពេលលក់ដូរតាមដងផ្លូវ និងបំពេញការងារពួកគាត់ត្រូវដាក់កូនតូចតាមរទេះរុញ កណ្តៀតកូនបណ្តើរធ្វើការងារបណ្តើរ។ ចំពោះបុរស ផ្នែកដឹកជញ្ជូនត្រូវដាក់កូនតាមកង់បី ដោយសារមិនមានអ្នកមើលកូន ព្រោះប្រពន្ធធ្វើការដែរ ទើបត្រូវ ដឹកកូនឱ្យដេកតាមរ៉ឺម៉កធ្វើដំណើរជាមួយឪពុក ឬត្រូវផ្ញើកូនជាមួយអ្នកជិតខាង ឬត្រូវទុកកូនតូចឱ្យនៅផ្ទះម្នាក់ឯង ឬទុកជាមួយឪពុកម្តាយចាស់ជរា ឬសាច់ញាតិដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាព សុខភាព ផ្លូវកាយ និងចិត្ត ការអប់រំ និងការលូតលាស់របស់កុមារ។
- ការសន្យារបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងឆ្នាំ២០១៩ ក្រសួងបន្តជ្រើសរើសវាយតម្លៃមត្តេយ្យសិក្សាសហគមន៍ដែលមានលក្ខណៈស្តង់ដា សម្រាប់ឆ្នាំ២០២០ ចំនួន ២០០កន្លែង និងឆ្នាំ២០២១ ចំនួន ២០០កន្លែង បន្ថែមទៀត ពីចំនួនមត្តេយ្យសហគមន៍សរុបចំនួន ៣០០០កន្លែង ក្នុងចន្លោះ ឆ្នាំ២០២០-២០២១។ ដោយឡែក នៅក្នុងតំបន់គោលដៅដែលយើងបានធ្វើការជាមួយស្ត្រីជនបទ កម្មករស្ត្រី ស្ត្រីចំណាកស្រុក និងស្ត្រីប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនទាន់ទទួលបានការរាយការណ៍ថា នៅក្នុងសហគមន៍ដែលពួកគាត់កំពុងរស់នៅមានមត្តេយ្យសហគមន៍ដែលមានស្តង់ដាដូច ក្រសួងអប់រំ យុវជន និងកីឡាលើកឡើង ដោយស្របទៅតាមអនុក្រឹត្យស្តីពី ការគ្រប់គ្រងមតេ្តយ្យសិក្សាសហគមន៍ ដែលបាន អនុម័តកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នោះទេ។
- យោងតាមច្បាប់ការងារ មាត្រា១៨៦ តម្រូវឱ្យនិយោជកដែលជួលកម្មករស្ត្រីចាប់ពី ១០០នាក់ឡើង បង្កើតទារកដ្ឋាន ប៉ុន្តែកន្លែងធ្វើការភាគច្រើនមិនទាន់បានបង្កើតទារកដ្ឋានទេ។ ចំពោះមាត្រានេះផងដែរ មិនមានការឆ្លើយតបទៅតាមការទទួលខុសត្រូវក្នុងបរិបថយេនឌ័រដែលបុរសនិងស្ត្រី មានកាតព្វកិច្ចបីបាច់ថែរក្សា និងទំនួលខុសត្រូវក្នុងនាមជា ឪពុក និងម្តាយដូចគ្នា។ បរិបថជាក់ស្តែង ក្នុងវិស័យការងារដែលជួលកម្មករនិយោជិតស្ត្រី ក្រោមចំនួន ១០០នាក់ មិនជាប់កាតព្វកិច្ច ក្នុងការសាងសង់ទារកដ្ឋាន ឬការគាំទ្រដល់ កម្មករស្ត្រីដែលកំពុងធ្វើការងារនោះឡើយ។
- គោលនយោបាយបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ ត្រូវបានអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មកទាល់បច្ចុប្បន្ននេះ ទារកដ្ឋានតាមសហគមន៍មានចំនួនតែ ១៣ កន្លែងប៉ុណ្ណោះ នៅតំបន់រោងចក្រសម្រាប់គ្រួសារកម្មករ។ ចំនួនតួលេខទារកដ្ឋានខាងលើនេះ នៅមិនទាន់ឆ្លើយតបតម្រូវការរបស់កម្មការិនីនៅឡើយ ហើយកម្មករជាបុរសដែលត្រូវមើលថែទាំកូនក៏មិនអាចប្រើប្រាស់បាននោះទេ។ បើតាមការសិក្សាមួយរបស់ការិយាល័យអង្គការអន្តរជាតិខាងការងារប្រចាំអាស៊ី និងប៉ាស៊ីហ្វិកស្រ្តី ១០នាក់ ក្នុងចំណោម ១០នាក់ ដែលបានសម្ភាសន៍លើកឡើងថា រោងចក្ររបស់ខ្លួនមិនមានទារកដ្ឋាននោះទេ ហើយមាន ២នាក់ ក្នុងចំណោម ១០នាក់ បានអះអាងថា ការបំបៅដោះមិនអនុញ្ញាតទេក្នុងរោងចក្រខ្លួន។ ដោយឡែក កម្មករក្រៅប្រព័ន្ធមិនស្ថិតក្រោម ច្បាប់ស្តីពី ការងារ គឺមិនមានឱកាសក្នុងការទទួលបាន មត្តេយ្យសហគមន៍ ដែលនៅជិត ឬនៅក្នុងតំបន់ដែលគាត់រស់នៅឡើយទេ។
ដំណោះស្រាយ៖
- ស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវដាក់កំហិត និងធ្វើអធិការកិច្ចឱ្យបានដិតដល់គ្រប់គ្រឹះស្ថានការងារដែលបានជួលកម្មករនិយោជិតស្ត្រីចាប់ពី ១០០នាក់ឡើង និងដាក់ចេញនូវវិធានការពិន័យ ជាក់លាក់ និងចេញរបាយការណ៍ជាសាធារណៈពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងលទ្ធផលលើ កិច្ចការងារនេះ រួមទាំងជម្រុញអោយមានការអនុវត្តឱ្យស្រ្តីចេញទៅបំបៅដោះកូនរយៈពេល ១ម៉ោង/១ថ្ងៃ ។ ការណែនាំជាអន្តរជាតិ និងពីក្រសួងសុខាភិបាលកម្ពុជា គឺបំបៅកូនដោយទឹកដោះម្តាយ តែមួយមុខគត់ ចាប់ពីកើតរហូតដល់អាយុ ៦ខែ ហើយបន្តបំបៅដោយទឹកដោះម្តាយលាយជាមួយអាហារបន្ថែមរហូតដល់កូនអាយុ ២ ឆ្នាំ ឬលើសពីនេះ។
- ស្នើការធ្វើវិសោធនកម្មត្រង់មាត្រា ១៨៦ ដែល «តម្រូវឱ្យនិយោជកដែលជួលកម្មករស្ត្រីចាប់ពី ១០០នាក់ឡើង បង្កើតទារកដ្ឋាន» ព្រោះលក្ខខណ្ឌនេះមិនឆ្លើយតបទៅនឹងយេនឌ័រ និងបរិបថនៃការងារបច្ចុប្បន្នដែលមានការជួលកម្មករម៉ៅការបន្ត និងជួលកម្មករដែលមានចំនួនតិច។ ច្បាប់ស្តីពីការងារ បានបង្កើតឡើង តាំងពីឆ្នាំ១៩៩៧ ដែលជាគ្រាមិនបានគិតគូរដល់យេនឌ័រឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្នត់គំនិតមិនទាន់ ជឿនលឿន ។
តម្រូវការទី២៖ ពន្លឿនការធ្វើវិសោធនកម្មច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងបង្កើតឱ្យមានជម្រកសុវត្ថិភាពរបស់រដ្ឋ សម្រាប់ស្ត្រីរងគ្រោះ អ្នករស់រានមានជីវិតពីអំពើហិង្សាក្នុងគ្រួសារ ស្រ្តីជាកម្មករធ្វើការងារតាមផ្ទះ កម្មករចំណាកស្រុក និងស្ត្រីងាយរងគ្រោះនៅតាមសហគមន៍។
បញ្ហាដែលកើតមានឡើង៖
- ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ នាពេលបច្ចុប្បន្ននៅមានចំណុចខ្វះខាត និងមិនទាន់ផ្តល់នូវការការពារគ្រប់ជ្រុងជ្រោយដល់ជនរងគ្រោះនៅឡើយ។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារីក៏បានបង្ហាញនូវឆន្ទៈរបស់ខ្លួនក្នុងការពិនិត្យឡើងវិញ និងធ្វើវិសោធនកម្មច្បាប់នេះ នៅក្នុងរបាយការណ៍ជាតិលើកទី៦ ទៅកាន់គណៈកម្មាធិការទទួលបន្ទុកអនុសញ្ញាស៊ី-ដ ឆ្នាំ២០១៨ និងដាក់បញ្ចូលក្នុងផែនការសកម្មភាពជាតិលើកទី ៣ ស្តីពីការទប់ស្កាត់ អំពើហិង្សាលើស្រ្តី (២០១៩-២០២៣) និងផែនការសកម្មភាពជាតិដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ (២០១៧-២០២១)។ នៅឆ្នាំ២០១៩ គណៈ កម្មាធិការទទួលបន្ទុកអនុសញ្ញាស៊ី-ដ ក៏បានដាក់ចេញនៅក្នុងសេចក្តីអង្កេតសន្និដ្ឋានជាអទិភាពរបស់ខ្លួន សម្រាប់រយៈពេលតាមដាន ២ឆ្នាំបន្ទាប់ (ត្រឹមឆ្នាំ ២០២១) សម្រាប់រាជរដ្ឋាភិបាលកម្ពុជារាយការណ៍ ត្រឡប់ចំពោះការធ្វើវិសោធនកម្មច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារបច្ចុប្បន្ន ដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានខកខានក្នុងការសម្រេចបានលើការអនុវត្ត សេចក្តីអង្កេត សន្និដ្ឋាននេះ ហើយបានពន្យាពេលរហូតមកដល់បច្ចុប្បន្ន ដោយធ្វើការអនុវត្តជំនួសវិញក្នុងការផ្តួចផ្តើម បង្កើតនូវផែនទីបង្ហាញទិសក្នុងការធ្វើវិសោធនកម្មច្បាប់នេះ និងប្រើប្រាស់ធនធានលើកិច្ចការពិនិត្យឡើង វិញចំពោះសេចក្តីពន្យល់ខ្លឹមសារនៃច្បាប់អំពើហិង្សាក្នុងគ្រួសារបច្នុប្បន្នទៅវិញ។
- កង្វះមណ្ឌល ឬ ផ្ទះសុវត្ថិភាពសម្រាប់ជនរងគ្រោះនៅតែជាបញ្ហា និងជាឧបសគ្គដ៏ចម្បងមួយ ដើម្បីការពារសុវត្ថិភាពជនរងគ្រោះពីការបន្តប្រើអំពើហិង្សា និងគំរាមកំហែងនានា។ នៅក្នុងប្រទេសកម្ពុជាមានមណ្ឌល សុវត្ថិភាពចំនួន ១៥ ប៉ុណ្ណោះគិតត្រឹម ឆ្នាំ២០២៤ ដែលមណ្ឌលទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រង ចាត់ចែងដោយអង្គការក្រៅរដ្ឋាភិបាលដែលជាទូទៅមិនមានលទ្ធភាពទទួលស្រ្តី និងកុមារីរងគ្រោះបានទូលំទូលាយជាទូទៅនោះទេ ដោយសារធនធានមនុស្ស និងថវិកាមានកំណត់។
ដំណោះស្រាយ៖
- ពន្លឿន និងចាត់ជាអាទិភាពចំពោះដំណើរការធ្វើវិសោធនកម្មទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ទៅតាមអនុសាសន៍របស់គណៈកម្មាធិការរបស់អង្គការសហប្រជាតិទទួលបន្ទុកលើអនុសញ្ញាស៊ី-ដ។
- បែងចែកថវិកា និងធនធានរបស់រដ្ឋសម្រាប់ការបង្កើតមណ្ឌល/ផ្ទះសុវត្ថិភាព ដោយផ្តល់នូវសេវាគ្រប់ជ្រុងជ្រោយ និងប្រកបដោយគុណភាព គ្រប់ខេត្តក្រុង និងតាមសហគមន៍ សម្រាប់ជនរងគ្រោះអំពើហិង្សា ដោយផ្អែកលើយេនឌ័រ រួមមានទាំងសេវាប្រឹក្សាផ្លូវចិត្ត ផ្លូវច្បាប់ ការគាំទ្រលើដំណើរការផ្លូវច្បាប់ និង ការការពារសន្តិសុខដល់ស្រ្តីរងគ្រោះ និងកូនៗរបស់ពួកគេផងដែរ ដើម្បីធានាឱ្យមានសេវាសង្គមគ្រប់ជ្រុងជ្រោយ និងមានមណ្ឌលសុវត្ថិភាពគ្រប់គ្រាន់ និងអាចរស្វែងរកបានសម្រាប់ស្រ្តីដែលជាជនរងគ្រោះដោយអំពើហិង្សាផ្អែកលើយេនឌ័រ ឬកម្មករស្ត្រីធ្វើការងារតាមផ្ទះ។
- ផ្សព្វផ្សាយឱ្យបានទូលំទូលាយចំពោះប្រព័ន្ធរាយការណ៍ករណីអំពើហិង្សាផ្អែកលើយេនឌ័រ ដែលដាក់ឱ្យដំណើរការ ហើយធានាថា មានវត្តមានមន្ត្រីជាស្រ្តីដែលទទួលបន្ទុកទទួលព័ត៌មាននេះជាប្រចាំ និងដោយមានការបណ្តុះបណ្តាលជំនាញត្រឹមត្រូវ និងរក្សាឱ្យបាននូវការសម្ងាត់ អំពីអត្តសញ្ញាណរបស់អ្នករាយការណ៍ ។
- ជំរុញឱ្យអាជ្ញាធរអនុវត្តតួនាទីទៅតាមផ្លូវច្បាប់ចំពោះករណីអំពើហិង្សាលើស្រ្តី ផ្តល់ការគាំទ្រឱ្យជនរងគ្រោះមានលទ្ធភាពដាក់ពាក្យបណ្តឹងទៅតុលាការ និងជំរុញឱ្យមានការប្រើប្រាស់នូវសេចក្តីសម្រេចរដ្ឋបាល/ដីកា ការពារ ដើម្បីការពារសុវត្ថិភាពជនរងគ្រោះប្រកបដោយប្រសិទ្ធភាព។
តម្រូវការទី៣៖ ចាត់វិធានការតាមផ្លូវច្បាប់ឱ្យមានប្រសិទ្ធភាព និងតឹងរឹងចំពោះអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់មកលើស្ត្រី និងក្មេងស្រ្តី ដោយធានានូវការការពារសម្រាប់ស្រ្តី និងក្មេងស្រីដែលងាយរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
បញ្ហាដែលកើតមានឡើង៖
- ស្ត្រីនៅក្នុងសេវាកម្សាន្ត ម៉ាស្សា ផ្សព្វផ្សាយស្រាបៀរ កាស៊ីណូ និងអ្នករៀបបន្ទប់តាមផ្ទះសំណាក់ ឬ សណ្ឋាគារ សំណង់ អ្នកធ្វើការងារតាមផ្ទះ និងក្នុងវិស័យកាត់ដេរ ប្រឈមនូវការបៀតបៀនរាងកាយ ការចាប់បង្ខំ និងហិង្សាផ្លូវភេទ ពីសំណាក់អតិថិជន អ្នកគ្រប់គ្រង ឬថៅកែ ហើយកន្លងមក មិនមាន ដំណោះស្រាយក្រៅតែពីឱ្យកម្មករទ្រាំបន្តទទួលយកនូវអំពើហិង្សានោះ បើមិនដូច្នោះត្រូវបញ្ឈប់ពីការងារ។ កន្លងមក ជនបង្កបានទទួលទោសពិន័យ ដោយគ្រាន់តែជា ការទូទាត់សំណងរដ្ឋប្បវេណីទៅឱ្យជនរងគ្រោះ ដើម្បីជាថ្នូរនឹងការបញ្ចប់រឿង ហើយតែងតែរួចខ្លួនលើករណីព្រហ្មទណ្ឌដែលបង្ហាញពីកម្សោយនៃការអនុវត្ត ច្បាប់ កើនឡើងនូវនិទណ្ឌភាព និងជំរុញឱ្យអំពើហិង្សាលើស្ត្រីកើតមានជាបន្តបន្ទាប់។
- មានលក្ខខណ្ឌជាសម្ងាត់ដែលបាននឹងកំពុងកើតមានឡើងនៅក្នុងមជ្ឈមណ្ឌល ឬគ្រឹះស្ថានកម្សាន្ត ខារ៉ា អូខេ ពីសំណាក់អ្នកគ្រប់គ្រង និងនិយោជកដោយតម្រូវឱ្យកម្មករនិយោជិតជាស្រ្តីធ្វើតេស្តរកមើលថា មានផ្ទៃពោះ ឬ អត់ និងដាក់លក្ខខណ្ឌឱ្យរំលូតកូន ឬ ត្រូវបណ្តេញចេញពីការងារ។ ដោយឡែក នៅក្នុងវិស័យកាត់ដេរ និងវិស័យផ្សេងទៀត ប្រើប្រាស់កិច្ចសន្យាការងារខ្លី ដើម្បីយកលេសក្នុងការបញ្ឈប់កម្មករជាស្ត្រីដែលមានផ្ទៃពោះ។
- ការជួលកុមារមកធ្វើការងារ ជាពិសេសក្នុងចំការ និងឡឥដ្ឋ ដែលមិនទាន់គ្រប់អាយុ។
- បើទោះក្នុងច្បាប់ស្តីពីការងារបានចែងអំពីកាតព្វកិច្ចរបស់និយោជកក្នុងការចុះបញ្ជីបេឡាជាតិរបបសន្តិសុខសង្គមលើគ្រោះថ្នាក់ការងារ ការថែទាំសុខភាព និងប្រាក់សោធននិវត្តន៍ តែនិយោជកភាគច្រើននៅក្នុងវិស័យសេវាកម្សាន្តនេះ មិនបានអនុវត្តទៅតាមច្បាប់នៅឡើយ។
- ក្រោយពីកូវីដ១៩ បានបញ្ចប់កម្មករនៅក្នុងវិស័យសេវាកម្សាន្តប្រែក្លាយជាកម្មករមិនមានប្រាក់ឈ្នួលគោល មិនមានការងារទៀងទាត់ ហើយធ្វើការច្រើនម៉ោងដោយមិនមានការទូទាត់ប្រាក់សំណងលើការងារថែមម៉ោងនោះឡើយ។
- និយោជកមិនអន្តរាគមន៍ ហើយអាជ្ញាធរចាត់ទុកថា ជារឿងធម្មតាចំពោះអំពើហិង្សា ការបៀតបៀន ពីអតិថិ ជនមកលើស្ត្រីដែលធ្វើការនៅសេវាកម្មកម្សាន្ត។
- ករណីអំពើហិង្សាមានស្ថានភាពធ្ងន់ធ្ងររហូតដល់កម្មករមិនអាចទទួលយកបាន កម្មករទទួលបានការដោះ ស្រាយត្រឹមតែសម្របសម្រួលបញ្ចប់ដោយការផ្តល់ប្រាក់ជំងឺចិត្តបន្តិចបន្តួច ចំណែកជនល្មើសមិនត្រូវបាន ឱ្យទទួលខុសត្រូវចំពោះ មុខច្បាប់ឡើយ។
ដំណោះស្រាយ៖
- រាជរដ្ឋាភិបាលត្រូវចាត់វិធានការសមស្របនានា ដោយតម្រូវឱ្យម្ចាស់គ្រឹះស្ថានសេវាកម្សាន្ត សហគ្រាស បង្កើតនូវគោលនយោបាយប្រឆាំងអំពើបៀតបៀន និងអំពើហិង្សាគ្រប់រូបភាពមកលើស្ត្រី ដោយគិតពីសិទ្ធិ សុខុមាលភាព និងសេចក្តីថ្លៃថ្នូររបស់កម្មករ និយោជិតមុនប្រាក់ចំណេញ រួមទាំងត្រួតពិនិត្យតាមដាន និងអន្តរាគមន៍ជាបន្ទាន់ជំរុញឱ្យនិយោជកអនុវត្តគោលនយោបាយនោះប្រកបដោយប្រសិទ្ធភាព។
- បេឡាជាតិរបបសន្តិសុខសង្គមជំរុញឱ្យម្ចាស់គ្រឹះស្ថាន ឬ សហគ្រាស នៅក្នុងវិស័យសេវាកម្សាន្ត ខារ៉ាអូខេ ម៉ាស្សា សំណង់ កាស៊ីណូ អនុវត្តការចុះបញ្ជីនៅបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់កម្មករ និយោជិត។
- អធិការកិច្ចការងារត្រូវចុះត្រួតពិនិត្យ និងតាមដានគ្រប់គ្រឹះស្ថាន ឬ សហគ្រាសសេវាកម្សាន្ត ដើម្បីធានានូវការការពារ គ្មានលក្ខខណ្ឌរំលូតកូនដោយបង្ខំ និងការបណ្តេញចេញពីការងារដោយការរើសអើងលើស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការដាក់ទោសទណ្ឌដល់និយោជកណាដែលបានប្រព្រឹត្តមកលើកម្មករនិយោជិតស្ត្រីក្នុងលក្ខខណ្ឌបែបនេះ។
- ធានាដល់ការអនុវត្តដោយមានប្រសិទ្ធភាព អនុសញ្ញាលេខ ១៨២ ស្តីពីការលុបបំបាត់ពលកម្មកុមារក្នុង វិស័យការងារ ជាពិសេសវិស័យងាយរងគ្រោះរួមមាន សំណង់ និងចំការ និងអនុសញ្ញាលេខ ២៩ ស្តីពីការងារដោយបង្ខំ ឬជាកាតព្វកិច្ច។
- ធានាដល់ការមិនអនុញ្ញាតឱ្យប្រើប្រាស់កិច្ចសន្យាការងារខ្លី ដែលជាប្រភេទការងារជាប់លាប់នោះឡើយ ការប្រើប្រាស់ទម្រង់បែបនេះ គឺជាការ រើសអើងដោយប្រយោល និងផ្ទាល់នៅក្នុងវិស័យការងារ។
- បង្កើតឱ្យបាននូវយន្តការច្បាស់លាស់អំពីការការពារកម្មករនិយោជិតពីអំពើហិង្សា ការកេងប្រវ័ញ្ចគ្រប់ទម្រង់ និងការបៀតបៀននៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ចំការ វិស័យសំណង់ ដោយមាន ការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជក។
- រដ្ឋាភិបាលត្រូវប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលាយអំពីយន្តការនានាដែលជួយគាំទ្រពេលមានករណី រំលោភបំពាន និងចាប់ជនល្មើសឱ្យទទួលខុសត្រូវទាំងរដ្ឋប្បវេណី និងទោសព្រហ្មទណ្ឌ។
- រដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញា C-១៩០ ស្តីពីការលុបបំបាត់អំពើហិង្សា និងការបៀតបៀន នៅក្នុងពិភពការងារដែលគ្របដណ្តប់ដល់កម្មករនិយោជិតគ្រប់ប្រភេទ គ្រប់វិស័យ រួមទាំងនៅក្នុងសហគមន៍។
- ស្នើអោយធ្វើវិសោធនកម្មច្បាប់ការងារត្រង់ មាត្រា៨៣ ដោយបន្ថែមពីទោសទណ្ឌអ្នកប្រព្រឹត្តិអំពើបៀតបៀន ទៅលើរបស់កម្មករ និយោជិតជាស្រ្តី។
តម្រូវការទី៤៖ ចាត់វិធានការរដ្ឋបាលជាក់លាក់ និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងការបំភិត បំភ័យគ្រប់រូបភាពលើប្រជាពលរដ្ឋស្រ្តី អ្នកការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លី សិទ្ធិការងារ និងការពារបរិស្ថាន នៅពេលពួកគេបញ្ចេញមតិបង្ហាញ អំពីបញ្ហាប្រឈមក្នុងសហគមន៍របស់ខ្លួន។
បញ្ហាកើតមានឡើង៖
- មានការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ ដើម្បីដាក់សម្ពាធ និងបំបិទសំឡេងរបស់ស្រ្តី និងសកម្មជនសិទ្ធិមនុស្ស តាមរយៈការដាក់ឱ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ឬ ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ បទញុះញង់ ទោសក្បត់ជាតិ និងបទបំផ្លិចបំផ្លាញលើទ្រព្យសម្បត្តិឯកជន និងការចាប់ខ្លួនស្ត្រី និងសកម្មជនជាដើម។
- មានការកើនឡើងជាច្រើនករណីចោទប្រកាន់ពីបទព្រហ្មទណ្ឌប្រឆាំងថ្នាក់ដឹកនាំសហជីព ដែលអនុវត្ត តួនាទី និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតាមរយៈការធ្វើកូដកម្មដោយសន្តិវិធី បន្ទាប់ពីច្បាប់សហជីពត្រូវបានអនុម័តកាលពីឆ្នាំ២០១៦។
- នៅរាល់ពេលដែលមានការផ្ទុះការតវ៉ារបស់កម្មករនិយោជិតប្រឆាំងនឹងការរំលោភបំពានពីសំណាក់ ថៅកែ តំណាងសហជីពតែងត្រូវបានចោទប្រកាន់ថា បានញុះញ៉ុងកម្មករ មានករណីខ្លះ ឈានដល់ការឃុំខ្លួន ដាក់ពន្ធនាគារ នៅពេលដែលមានកូដកម្ម។ ករណីជាក់ស្តែង ក្រុមហ៊ុនណាហ្គាវើលដ៍ និងកាស៊ីណូ មួយចំនួនទៀតដូចជា កាស៊ីណូ ជីន ប៉ី នៅខេត្តព្រះសីហនុជាដើម។
- ច្បាប់កូវីដ-១៩ ក៏ត្រូវបានប្រើដើម្បីចោទប្រកាន់កម្មករដែលចូលរួមកូដកម្មផងដែរ ជាលទ្ធផលកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានចាប់ដាក់ពន្ធនាគារកាលពីដើម ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមក នឹងនៅតែបន្ត បទចោទប្រកាន់។
- បើទោះបីជាក្នុងច្បាប់ជាតិ និងច្បាប់អន្តរជាតិដែលព្រះរាជាណាចក្រកម្ពុជាបានផ្តល់សច្ចាប័ន មានចែងពី ការការពារកម្មករនិយោជិតពីការរើសអើងគ្រប់រូបភាព ដោយធ្វើសកម្មភាពសហជីព ប៉ុន្តែនិយោជកតែង បញ្ឈប់តំណាងសហជីពបានតាមអំពើចិត្ត ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩។
- តាមរយៈបាយការណ៍របស់អង្គការ លីកាដូ អាជ្ញាធរ និងស្ថាប័នអនុវត្តច្បាប់មួយចំនួនបន្តចាប់ឃាត់ និងឃុំខ្លួនអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដោយចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដោយសារតែភាពសកម្ម និយម ឬការបញ្ចេញមតិរបស់អ្នកទាំងនោះ។ បច្ចុប្បន្ននេះ មានអ្នកទោសមនសិការកំពុងជាប់ឃុំសរុប ចំនួន ៩៧ នាក់ (ស្រី ១១នាក់) ក្នុងនោះមានអ្នកទោសនយោបាយ ៥៤នាក់ អ្នកទោសបរិស្ថាន ៥នាក់ សារព័ត៌មាន ១នាក់ យុវជន ១នាក់ សហជីព ១នាក់ និងអ្នកផ្សេងៗ ៣៦នាក់។
ដំណោះស្រាយ៖
- ស្នើឱ្យរាជរដ្ឋាភិបាល និងតុលាការ ដោះលែងសកម្មជនសិទ្ធិមនុស្ស បរិស្ថាន ដីធ្លី និងសកម្មជនផ្សេងទៀត ដោយឥតលក្ខខណ្ឌ និងជំរុញឱ្យមានការអនុវត្តច្បាប់ដាច់ខាតដែលអនុលោមទៅតាមគោលការណ៍សិទ្ធិ មនុស្សជាសកល និងលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋានដូចជា សិទ្ធិបញ្ចេញមតិ សិទ្ធិជួបប្រជុំ សិទ្ធិក្នុង ការចងក្រងសហជីព សិទ្ធិចូលរួម និងបង្កើតអង្គការ សមាគម ដោយគ្មានការយាយីរំខាន ការឃ្លាំមើល និងការជ្រៀតជ្រែកពីសំណាក់អាជ្ញាធរ ឬ មន្ត្រីមានសមត្ថកិច្ច។
- តុលាការត្រូវធានានូវឯករាជ្យភាព ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ជាពិសេសមិនឈរលើអគតិទាំង៤ ដែលតែងតែដាស់តឿនសតិ និងការបម្រើតួនាទី ដោយសុចរឹតភាព ស្មោះត្រង់ចំពោះមុខងាររបស់ខ្លួនដូចដែលបានធ្វើសច្ចាប្រណិធានមុនចូលកាន់តួនាទីនេះ។
- រាជរដ្ឋាភិបាលត្រូវធានានូវសិទ្ធិសេរីភាពក្នុងការសម្តែងមតិតាមរយៈការធ្វើកូដកម្ម និងបាតុកម្មដោយសន្តិ វិធី។ ទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងថ្នាក់ដឹកនាំសហជីពទាំងអស់ និងរដ្ឋាភិបាលត្រូវអនុវត្តតាមស្មារតីអនុសញ្ញាស្នូលអង្គការអន្តរជាតិខាងការងារ ILO C-៨៧ និង C-៩៨ ដែលកម្ពុជាផ្តល់សច្ចាប័នដែលធានាសិទ្ធិក្នុងការបង្កើតសហជីព សិទ្ធិក្នុងការចរចាជាសមូហភាព និងសិទ្ធិក្នុងការធ្វើកូដកម្ម។
តម្រូវការទី៥៖ ពន្លឿនកំណែទម្រង់ និងពង្រឹងសុវត្ថិភាពស្តង់ដារនៃមធ្យោបាយដឹកជញ្ជូនកម្មករក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើង។
បញ្ហាដែលកើតមានឡើង៖
- នៅក្នុងយុទ្ធសាស្ត្រដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ការងារឆ្នាំ២០២៤-២០២៨ ប.ស.ស. បានកំណត់នូវ សកម្មភាព សិក្សា សហការ និងរៀបចំមធ្យោបាយធ្វើដំណើរសមរម្យសម្រាប់កម្មករ និយោជិត សំដៅលើក កម្ពស់កម្មវិធីបង្ការហានិភ័យការងារ ដោយត្រូវធ្វើបញ្ជីបច្ចុប្បន្នភាពអ្នកបើកបរយានយន្តដឹកកម្មករ និយោជិតជាប្រចាំ និងត្រូវសិក្សាពីជម្រើសក្នុងការជំរុញការផ្លាស់ប្តូររថយន្តកែច្នៃដែលដឹកកម្មករ និយោជិត បច្ចុប្បន្ន ទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករនិយោជិត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន ឬអង្គភាពណាមួយច្បាស់លាស់ឱ្យឆាប់បំផុត ដោយមិនចាំដល់ពេលហានិភ័យកើតមានឡើងចំពោះកម្មករក្នុងអំឡុងពេលធ្វើដំណើរ។ កន្លងមក ឡានដឹកកម្មករនិយោជិតតែងតែរងគ្រោះថ្នាក់អំឡុង ពេលធ្វើដំណើរដោយឡានទាំងនោះ មិនមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសអោយបានត្រឹមត្រូវ មិន មានកន្លែងអង្គុយដែលមានសុវត្ថិភាព កម្មករត្រូវឈរប្រជ្រៀតគ្នា ហើយអ្នកបើកបរឡានពេលខ្លះមានប្រើ ប្រាស់គ្រឿងស្រវឹង។
- តាមរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតនៃ ក្រសួងការងារ ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៣ កម្មករប្រមាណ ៤៥០០នាក់ បានរងរបួសដោយសារគ្រោះថ្នាក់ ចរាចរណ៍ ហើយមនុស្ស ១១២នាក់ស្លាប់។ តួលេខបានកើនឡើងបើធៀបនឹងរយៈពេល ១២ខែ ក្នុងឆ្នាំ ២០២២។
ដំណោះស្រាយ៖
- ជម្រុញពន្លឿនការអនុវត្តអនុសាសន៍របស់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបង្កើតនូវគោលនយោបាយស្តីពីការដឹកជញ្ជូនកម្មករនិយោជិតក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើងដោយកំណត់ពីការរៀបចំឡានដឹកជញ្ជូនកម្មករឱ្យស្របតាមបទដ្ឋានបច្ចេកទេស មានផាសុខភាព និង សុវត្ថិភាពសម្រាប់កម្មករ ឬតម្រូវឱ្យនិយោជកទទួលរ៉ាប់រងក្នុងការជ្រើសរើសសេវាដឹកជញ្ជូនដែលមាន គុណភាពសម្រាប់ផ្តល់ឱ្យកម្មករ។
- ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ឡានដឹកកម្មករឱ្យបានទៀងទាត់ និងចាត់វិធានការដោយមិនមានការលើកលែង ក្នុងករណីឡានមិនមានទម្រង់សមស្របតាមស្តង់ដាសុវត្ថិភាព។
- ត្រួតពិនិត្យជាតិអាកុលដល់អ្នកបើកបររាល់ពេលមុនចេញដំណើរដឹកកម្មករចេញពីធ្វើការងារ និងចាត់វិធានការឱ្យបានតឹងរឹងចំពោះការរំលោភបំពានច្បាប់ចរាចរណ៍។
- ត្រួតពិនិត្យលើសុពលភាពប័ណ្ណបើកបរ និងធានាដល់ការយល់ច្បាស់ពីនិមិត្តសញ្ញា និងច្បាប់ចរាចរណ៍។
តម្រូវការទី៦៖ កែលម្អលក្ខខណ្ឌការងារ និងពង្រឹងយន្តការការពារអ្នកធ្វើការងារតាមផ្ទះ។
បញ្ហាដែលកើតមានឡើង៖
- ចំនួនអ្នកធ្វើការងារតាមផ្ទះនៅក្នុងប្រទេសកម្ពុជាមានច្រើនប្រមាណ ២៥០,០០០នាក់ ហើយភាគច្រើនជា ស្រ្តី ដោយឡែកច្បាប់ស្តីពីការងារមិនបានដាក់បញ្ចូលអ្នកធ្វើការងារតាមផ្ទះនៅឡើយ។
- បើទោះបីក្រសួងការងារបានចេញប្រកាសលេខ ២៣៥ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្តីពី លក្ខខណ្ឌការងារសម្រាប់អ្នកធ្វើការតាមផ្ទះ ប្រការ១៣ បានចែងអំពីកាតព្វកិច្ចរបស់និយោជកក្នុងការចុះបញ្ជីរបបបេឡាជាតិសន្តិសុខសង្គមលើគ្រោះថ្នាក់ការងារ ការថែទាំសុខភាព និងប្រាក់សោធននិវត្តន៍ ដោយឡែក រហូតមកដល់ពេលនេះម្ចាស់ផ្ទះភាគច្រើនមិនទាន់បានអនុវត្តទៅតាមប្រកាសនេះនៅឡើយ ទេ។ ម្យ៉ាងទៀត ប្រកាសនេះនៅមានចំណុចខ្វះខាតមួយចំនួនទៀត ដោយមិនទាន់បានបញ្ជាក់ពីប្រាក់ខែ គោល កិច្ចសន្យាការងាររវាងម្ចាស់ផ្ទះនិងកម្មករ និងមិនបានដាក់បញ្ជូលនូវការឈប់សម្រាកលំហែ មាតុភាព ដោយមានប្រាក់ឈ្នួល និងសម្រាកបុណ្យជាតិផ្សេងៗ។
ដំណោះស្រាយ៖
- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញនិយោជកឱ្យចុះបញ្ជីរបបបេឡាជាតិសន្តិសុខសង្គម សម្រាប់កម្មករ អ្នកធ្វើការតាមផ្ទះ យោងតាមប្រកាស ២៣៥ ស្ដីពីលក្ខខណ្ឌការងារអ្នកធ្វើការងារតាមផ្ទះ ចេញដោយក្រសួងការងារ ប្រការ១៣។
- ស្នើឱ្យក្រសួងការងារបង្កើតកិច្ចសន្យាគំរូជាលាយល័ក្ខអក្សររវាងម្ចាស់ផ្ទះជាមួយអ្នកធ្វើការតាមផ្ទះ ដែលស្របទៅ តាមលក្ខខណ្ឌការងារ ការគោរពសិទ្ធិការងារ និងការការពាររួមទាំងអត្ថប្រយោជន៍ផ្សេងៗ។
- ជម្រុញឱ្យនិយោជក ចុះបញ្ជីជាសមាជិកបេឡាជាតិសន្តិសុខសង្គមឱ្យកម្មករនិយោជិត សម្រាប់កម្មវិធីបេឡាជាតិ។
- ចុះអធិការកិច្ចលើស្ថានភាពលក្ខខណ្ឌការងារ និងស្រង់ស្ថិតិចំនួនកម្មករធ្វើការងារតាមផ្ទះឱ្យបានជាក់លាក់
- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់អ្នកធ្វើការតាមផ្ទះ។
- ស្នើរាជរដ្ឋាភិបាលផ្តល់សច្ចាប័នអនុសញ្ញា ILO-១៨៩ ស្តីពីការការពារកម្មករធ្វើការងារតាមផ្ទះ ដើម្បីកម្មករធ្វើការងារតាមផ្ទះទាំងក្នុង និងក្រៅប្រទេសទទួលបាននូវការការពារសិទ្ធិ និងផលប្រយោជន៍ផ្សេងៗ។
តម្រូវការទី៧៖ ពង្រឹងយន្តការការពារសិទ្ឋិពលករចំណាកស្រុកពីការកេងប្រវ័ញ្ចពលកម្ម ការជួញដូរមនុស្ស និងទាសភាពសម័យទំនើប។
បញ្ហាដែលកើតមានឡើង៖
- ការធ្វើចំណាកស្រុកស្វែងរកការងារធ្វើនៅក្រៅប្រទេស គឺជាសិទ្ធិ និងជម្រើសរបស់បុគ្គលម្នាក់ៗ ប៉ុន្តែ តាមរយៈការសិក្សាកន្លងមក និងការរកឃើញថ្មីរបស់អង្គការ សង់ត្រាល់ បង្ហាញថា ពលករកម្ពុជាភាគច្រើន បង្ខំចិត្តធ្វើចំណាកស្រុក ដោយសារកត្តាជីវភាព ការជំពាក់បំណុល បញ្ហាដីធ្លីរ៉ាំរ៉ៃ ពុំមានការងារធ្វើក្នុងស្រុក ការចាញ់បោកមេខ្យល់ និងតម្លៃទិន្នផលកសិកម្មធ្លាក់ចុះជាដើម។ កត្តានេះ នាំឱ្យមានការធ្វើចំណាកស្រុករបស់ពួកគាត់មានភាពប្រថុយប្រថាន ងាយចាញ់បោកមេខ្យល់ ឆ្លងដែនដោយពុំមានឯកសារគ្រប់គ្រាន់ និងត្រូវចាប់ខ្លួនដោយអាជ្ញាធរនៅប្រទេសគោលដៅ។ នៅពេលមានជម្លោះរវាងកម្ពុជានិងថៃបានផ្ទុះ ឡើងធ្វើអោយពលករចំណាកស្រុកជាង ៩០ម៉ឺន នាក់បានវិញត្រលប់មកមាតុប្រទេសរបស់ខ្លួនក្នុងនោះយើងថាពួកគាត់បានប្រឈមបញ្ហាជាច្រើន ដូចជាការចំណាយលើការធ្វើដំណើរ ចំណាយលើអាហារ ការរងចាំយូរនៅច្រកចេញ ហើយចង្អៀតរញ៉េរញ៉ៃ និងការចំណាយមិនផ្លូវការដល់មន្ត្រីព្រំដែននៅភាគីខាងថៃជាដើម។
- ផ្អែកលើរបាយការណ៍នៃការសិក្សាស្រាវជ្រាវ២ ទី១ ការវាយតម្លៃលើតម្រូវការបឋមនៅពេលពួកគាត់ត្រលប់មកវិញភ្លាមៗ និងទី២ សិក្សាស្រាវជ្រាវលើការឆ្លើយតបពីតួរអង្គរដ្ឋ និងផលប៉ះពាល់នានា កើតចំពោះពួកគាត់ ដោយបានបង្ហាញលទ្ឋផលថា ការចំណាយលើថ្លៃ ធ្វើដំណើរចន្លោះ២៥០០បាត ទៅ ៣៦០០០បាត ចំណាយលើចំណាយការវាយត្រារក្សាទិដ្ឋាកា ចេញចូលចន្លោះ ៨០០បាត ទៅ ៥៦០០បាត ចំណាយមិនផ្លូវការទៅឱ្យមន្ត្រីព្រំដែនខាងភាគីថៃ ចន្លោះ ៦០០បាតទៅ ២.៥០០បាត និងផ្សេងៗជាច្រើនទៀត។ ជារួមការចំណាយលើដំណើរត្រលប់មកវិញ ចន្លោះពី ៧៥០០បាត រហូតដល់ ៨២០០បាត។ លើពីនេះទៀត ប្រមាណ ៨១ភាគរយ បានជំពាក់បំណុលចាប់ពី ១ស្ថាប័ន និងលើសពី ៣ស្ថាប័ន (កម្ចីឯកជន និង គ្រឹះស្ថាននានា) ហើយគិតជាការជំពាក់គេជាមធ្យម ៥.៥០០ដុល្លារ/មា្នក់។ ក្នុងចំណោមអ្នកទាំងនោះ មាន អ្នកខ្លះក្រីក្រតែមិនទទួលបានប័ណ្ណក្រីក្រ ឯអ្នកខ្លះក៏មានដីផ្ទះតែគ្មានដីកសិកម្ម និងខ្លះទៀតគ្មានទាំងដីផ្ទះ និងដីកសិកម្ម។
- មានការកើនឡើងគួរឱ្យកត់សម្គាល់នូវទម្រង់នៃការរើសអើង ការរំលោភបំពានសិទ្ធិការងារ ការកេងប្រវ័ញ្ច កម្លាំងពលកម្ម អំពើហិង្សាផ្នែកយេនឌ័រ និងបញ្ហាផ្សេងៗ មកលើក្រុមពលករចំណាកស្រុក ពិសេស អ្នកដែលមិនមានឯកសារស្របច្បាប់ និងពលករជាស្រ្តី។ ពលករស្ត្រីដែលធ្វើការក្នុងវិស័យសំណង់ ស្ត្រី មានផ្ទៃពោះត្រូវបានថៅកែបញ្ឈប់ការងារដោយមិនបើកប្រាក់ឈ្នួល ឬធ្វើការទទួលបានប្រាក់ឈ្នួលតិច និងមិនទាន់ទទួលបានគាំទ្រពេញលេញក្នុងកិច្ចគាំពារសង្គមនៅឡើយ។
- ពលករស្រ្តីដែលបម្រើការងារតាមផ្ទះវិញ រឹតតែប្រឈមនឹងបញ្ហាកាន់តែធ្ងន់ ពិសេសគឺពលកម្មដោយបង្ខំ ការដកហូតឯកសារ ការរំលោភសិទ្ធិការងារ អំពើហិង្សាលើរូបរាងកាយ ការរំលោភបំពានផ្លូវភេទ ការប៉ះពាល់ផ្លូវចិត្ត ព្រមទាំងមិនអាចស្វែងរកជំនួយអន្តរាគមន៍ផ្លូវច្បាប់បានទាន់ពេលវេលា។ លើសពីនេះទៅទៀត អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្មមានសភាពប្រែប្រួល និងវិវត្តទៅរក ទម្រង់ថ្មី ដោយមេខ្យល់ធ្វើការងារជាបណ្តាញ និងប្រើប្រាស់ប្រព័ន្ធសង្គមដើម្បីធ្វើការឆបោក និងលួងលោមជនរង គ្រោះដែលភាគច្រើនជាស្ត្រី និងកុមារទន់ខ្សោយផ្នែកសេដ្ឋកិច្ច ដើម្បីនាំឆ្លងដែនខុសច្បាប់ទៅចិន រៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ។ល។
- របាយការណ៍ឆ្នាំ២០២៥ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការជួញដូរមនុស្ស ប្រទេសកម្ពុជា បានរកឃើញថា កម្ពុជានៅតែបន្តចំណាត់ថ្នាក់ទី ៣ លើសសមត្ថភាពរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ អំពើពុករលួយដែលមានជាទូទៅនៅតែធ្វើឱ្យរាំងស្ទះដល់ការងាររបស់សមត្ថកិច្ច ក្នុងការចាប់ឱ្យជនល្មើសមានការទទួលខុសត្រូវ និងផ្តល់ការជួយដល់ជនរងគ្រោះ។ អាជ្ញាធរមិនបានធ្វើការស៊ើបអង្កេត ឬចាប់ឱ្យមន្រ្តីពាក់ព័ន្ធ មានការទទួលខុសត្រូវពីបទព្រហ្មទណ្ឌក្នុងការឃុបឃិត ពិសេសឈ្មួញ ខិលខូចដែលបានធ្វើឱ្យបុរស ជាពិសេសស្រ្តី និងកុមាររាប់ពាន់នាក់នៅទូទាំងប្រទេស រងការជួញដូរមនុស្ស នៅតាមកន្លែងកំសាន្ត និងសិប្បកម្មឡឥដ្ឋ និងតាមប្រព័ន្ធអ៊ីនធឺណែតជាដើម។ ដូច្នេះ មន្រ្តីបានខកខានក្នុងការផ្តល់សេវាការពារគ្រប់គ្រាន់ដល់ជនរងគ្រោះនៅក្នុងស្រុក និងនៅបរទេស ហើយពឹងផ្អែកខ្លាំងលើម្ចាស់ជំនួយបរទេស និងអង្គកាសង្គមស៊ីវិលក្នុងការផ្តល់ការគាំពារចាំបាច់។
ដំណោះស្រាយ៖
- រដ្ឋាភិបាលកម្ពុជាត្រូវតែធានាសុខសុវត្ថិភាព និងការរស់រានមានជីវិតប្រកបដោយសេចក្តីថ្លៃថ្នូរដល់ពករចំណាស្រុកដល់ពលករចំណាកស្រុកកម្ពុជាដែលកំពុងធ្វើការ និងនៅប្រទេសគោលដៅ ជាពិសេសប្រទេសថៃសព្វថ្ងៃ។
- រដ្ឋាភិបាលត្រូវឆ្លើយតបចំពោះបញ្ហារបស់ពលករចំណាកស្រុកដែលពួកគេកំពុងធ្វើដំណើរត្រលប់មកពី ប្រទេសថៃចៀសវាងការកេងប្រវ័ញ្ចផ្សេងៗដែលនឹងកើតឡើង ជាពិសេសការចំណាយលើសលប់លើថ្ងៃធ្វើំ ដំណើរ និងការចំណាយមិនផ្លូវការនៅច្រកចូលមកម្ពុជាវិញ។
- រដ្ឋាភិបាលត្រូវផ្តល់ប័ណ្ណសមធម៌ និងប្រព័ន្ធគាំពារសង្គមផ្សេងៗដែលមានស្រាប់ដល់អតីតពលករក្រីក្រពិតប្រាកដឱ្យបានគ្របដណ្តប់គ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ឋភាព។
- បន្តបង្កើតការងារ និងមុខរបរក្នុងស្រុកឱ្យបានគ្រប់គ្រាន់ ប្រកបដោយលក្ខខ័ណ្ឌការងារសមរម្យ មានប្រាក់ឈ្នួលសមរម្យដែលអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន និងគាំទ្រតម្លៃទិន្នផលកសិកម្មឱ្យកាន់តែប្រសើរ។ រដ្ឋគួរផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តម្រូវការទីផ្សារការងារ និងគាំទ្រផ្នែកហិរញ្ញវត្ថុដែលអាចឱ្យពួកគេអនុវត្តបានបន្ទាប់ពីរៀនចប់។
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបង្កើតយន្តការត្រួតពិនិត្យតាមដានចំពោះការអនុវត្តរបស់ទីភ្នាក់ងារជ្រើសរើសពលករ ដើម្បីធានានូវការអនុវត្តប្រកបដោយតម្លាភាព និងភាពត្រឹមត្រូវទៅលើដំណើរការនៃការជ្រើសរើស និងបញ្ជូនពលករប្រកបដោយក្រមសីលធម៌។ លើសពីនេះទៀត ក្រសួងគួរសហការឱ្យកាន់តែជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដូចជាអាជ្ញាធរតាមមូលដ្ឋាន ទីភ្នាក់ងារជ្រើសរើសពលករ អង្គការសង្គមស៊ីវិល សហជីព និងសមាគម ក្នុងការបង្កើនការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ពីសុវត្ថិភាពនៃការធ្វើចំណាកស្រុកទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងពង្រឹងប្រសិទ្ធភាពសម្រាប់វគ្គតម្រង់ទិស មុនចេញដំណើរ ដើម្បីឱ្យពលករចំណាកស្រុក បានយល់ដឹងពីសិទ្ធិ និងអត្ថប្រយោជន៍របស់ខ្លួន។
- រដ្ឋត្រូវពង្រីកវិសាលភាពនៃការផ្តល់ជូនកិច្ចគាំពារសង្គមដល់ពលករចំណាកស្រុក តាមរយៈកិច្ចព្រមព្រៀងជាមួយប្រទេសទទួលនានា ដើម្បីគ្របដណ្តប់ពលករចំណាកស្រុកដែលបម្រើការងារគ្រប់វិស័យ និងដើម្បីប្រាកដថា ពលករចំណាកស្រុក អតីតពលករចំណាកស្រុក ទទួលបានកិច្ចគាំពារសង្គមដោយពេញ លេញ។ លើសពីនេះទៀត រដ្ឋគួរផ្តល់កិច្ចគាំពារសង្គម តាមរយៈការផ្តល់ជូននូវប័ណ្ណសមធម៌ដល់ពលករ ចំណាកស្រុក អតីតពលករដែលវិលត្រលប់ និងគ្រួសារពួកគេដែលក្រីក្រប្រកបដោយប្រសិទ្ធភាព និង តម្លាភាព។
- រដ្ឋាភិបាលកម្ពុជាត្រូវសហការជាមួយរដ្ឋនៅប្រទេសគោលដៅ ដើម្បីផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងបម្រើការងារ ហើយបានបាត់បង់ភាពស្របច្បាប់ ឬអ្នកមិនទាន់មានឯកសារស្របច្បាប់។ ការផ្តល់ភាពស្របច្បាប់ នឹងជួយឱ្យពលករអាចទទួលបាននូវការការពារសិទ្ធិ និងអត្ថប្រយោជន៍បានពេញលេញ ទទួលបាននូវកិច្ចគាំពារសង្គម និងការការពារបានស្មើភាពគ្នាតាមច្បាប់ បង្កើនប្រាក់បញ្ញើមកប្រទេសកំណើត កាត់បន្ថយការកេងប្រវ័ញ្ចកម្លាំងពលកម្មនៅកន្លែងការងារ ភាពងាយរងគ្រោះនិងបង្កើនកម្លាំងពលកម្មឆ្លើយតបទៅនឹងតម្រូវការ។
- រដ្ឋាភិបាលកម្ពុជាគួរសហការជាមួយរដ្ឋជាប្រទេសគោលដៅ ដើម្បីធានាថា ពលករចំណាកស្រុកទទួល បានសិទ្ធិបង្កើតសមាគម ឬសហជីពតំណាងពលករចំណាកស្រុកដើម្បីការពារសិទ្ធិ និងអត្ថប្រយោជន៍ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
- រដ្ឋាភិបាលត្រូវមានទិន្នន័យនៃពលករចំណាកស្រុកឱ្យបានត្រឹមត្រូវទៀងទាត់ទាំងស្រុង និងចែកជូនដល់ ភាគីពាក់ព័ន្ធ និងមានយន្តការដោះស្រាយវិវាទប្រកបដោយគុណភាព និងប្រសិទ្ធភាព។
- រដ្ឋាភិបាលត្រូវសម្របសម្រួលអោយពលករចំណាកស្រុកដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសគោល ដៅអាចអនុវត្តនូវសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន។
- សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលករចំណាកស្រុករួមមាន សិទ្ធិក្នុងការជួបជុំ សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការបង្កើតសមាគម គួរត្រូវបានធានាការពារ ហើយរាល់សកម្មភាពទាំងឡាយដែលជ្រៀតជ្រែក ឬ គំរាមកំហែង ទៅដល់សេរីភាពក្នុងការបញ្ចេញមតិ និងការជួបប្រជុំរបស់ពលករត្រូវបញ្ឈប់ជាបន្ទាន់។
- រាជរដ្ឋាភិបាលត្រូវបង្កើតគណកម្មការចុះតាមដាន និងវាយតម្លៃទៅលើដំណើរការបញ្ជូនពលករនៅប្រទេសទទួលប្រចាំត្រីមាស ដើម្បីធានាបានថា អនុស្សារណៈរវាងរដ្ឋនិងរដ្ឋ ពិតជាបានអនុវត្តត្រឹមត្រូវ ជាពិសេសពលករស្រ្តីបម្រើការងារតាមផ្ទះ មានសិទ្ធិ និងទទួលបាននូវការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន ការគាំពារសង្គម ព្រមទាំងសិទ្ធិកាន់កាប់ឯកសារផ្ទាល់ខ្លួន ។ល។
- ស្ថានទូត ស្ថានកុងស៊ុលត្រូវបង្កើតមណ្ឌលសុវត្ថិភាព ដើម្បីផ្តល់ការឆ្លើយតបបន្ទាន់ និងចាំបាច់នានា ដល់ពលករដែលជួបបញ្ហា ពិសេសជនរងគ្រោះដោយអំពើជួញដូរមនុស្ស រួមមានការផ្គត់ផ្គង់អាហារ កន្លែងស្នាក់អាស្រ័យបណ្តោះអាសន្នដែលមានសុវត្ថិភាព ផ្តល់សេវាប្រឹក្សាយោបល់ និងជំនួយគាំពារផ្លូវច្បាប់ជាដើម។
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមន្ត្រីទូតនៅក្នុងប្រទេសគោលដៅ ចាំបាច់ត្រូវពង្រឹងកិច្ចសហការ ជាមួយអាជ្ញាធរក្នុងប្រទេសគោលដៅ និងភាគីពាក់ព័ន្ធក្នុងការទប់ស្កាត់ បង្រ្កាបបទល្មើស និងផ្តន្ទាទោសមេខ្យល់ នៃអំពើជួញដូរមនុស្ស ការនាំឆ្លងដែនខុសច្បាប់ អាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ (ពិសេសករណីទៅប្រទេសចិន និងកូរ៉េ)។
- ស៊ើបអង្កេត និងនាំខ្លួនយកមកកាត់ទោស ដោយគោរពតាមដំណើរការច្បាប់ត្រឹមត្រូវ និងដាក់ទណ្ឌកម្ម ចំពោះជនល្មើសក្នុងការជួញដូរផ្លូវភេទ និងជួញដូរពលកម្ម រួមទាំងមន្រ្តីឃុបឃិត ដោយដាក់ទោសឱ្យជាប់ពន្ធនាគារធ្ងន់ធ្ងរតាមច្បាប់។
- បង្កើនការធ្វើអធិការកិច្ចការងារ ដោយមិនប្រកាសឱ្យដឹងមុន នៅកន្លែងការងារដែលមានការប្រឈមខ្លាំង ពិសេសនៅតាមទីតាំងឡឥដ្ឋ កន្លែងកម្សាន្ត ការដ្ឋានសំណង់ ចម្ការធំៗ កាស៊ីណូ ដោយផ្តោតសំខាន់លើការរកមើលករណីទាសភាពបំណុល ហើយចាប់ឱ្យថៅកែទទួលខុសត្រូវចំពោះមុខច្បាប់។
- លើសពីនេះ រដ្ឋាភិបាលកម្ពុជាត្រូវតែធានានូវការការពារសុវត្ថិភាពសម្រាប់អ្នកស្វែងរកការងាធ្វើទាំង ក្នុងនិងក្រៅប្រទេស ជាពិសេស ផ្តល់ការងារសមរម្យនៅក្នុងស្រុក លើកកម្ពស់មុខរបរ និងផ្តល់កិច្ចគាំពារសង្គមដល់ អតីតពលករដែលត្រលប់មកមាតុប្រទេសវិញប្រកបដោយប្រសិទ្ធភាពខ្ពស់។
តម្រូវការទី៨៖ ពង្រឹង និងពង្រីកវិសាលភាពនៃប័ណ្ណសមាជិក ប.ស.ស តាមរយៈការចុះធ្វើអធិការកិច្ច និងជំរុញឱ្យមានការចុះបញ្ជី និងការបង់វិភាគទាន ប.ស.ស ក្នុងចំណោមនិយោជក ជាពិសេសកម្មករនៅក្នុងវិស័យសំណង់ តាមចំការធំៗ និងរោងចក្រកាត់ដេរវាយនភ័ណ្ឌ ដែលធ្វើការក្រោមកុងត្រាបន្ត (Sub-Contract)។
បញ្ហដែលកើតមានឡើង៖
- រោងចក្រប្រភេទស៊ីឈ្នួលដេរបន្ត (sub-contract factories) មានការកើនឡើងជាបន្តបន្ទាប់ និងមិនបានចុះបញ្ជីក្នុងបេឡាជាតិរបបសន្តិសុខសង្គម ដែលធ្វើឱ្យកម្មករនិយោជិត ជាពិសេសកម្មករដែលជាស្ត្រី បាត់បង់ការទទួលបានការគាំពារ និងអត្ថប្រយោជន៍ផ្សេងៗដែលផ្តល់ជូនដោយច្បាប់ ក្រោមបេឡាជាតិរបប សន្តិសុខសង្គម (ប.ស.ស)។
- ការរើសអើងប្រឆាំងនឹងកម្មករនិយោជិតជាស្ត្រីដែលមានផ្ទៃពោះ តាមរយៈការផ្តល់កិច្ចសន្យាការងារខ្លី ឬ មិនផ្តល់កិច្ចសន្យាការងារថ្មីជូន ពេលពួកគេត្រូវបានរកឃើញថាមានផ្ទៃពោះ។ ជាពិសេសទៀត រោងចក្រមិនបានផ្តល់អត្ថប្រយោជន៍តាមច្បាប់ និងចុះបញ្ជីជាមួយ ប.ស.ស។ កត្តានេះបានធ្វើឱ្យកម្មករនិយោជិតដែលជាស្ត្រីជាច្រើននាក់បានបាត់បង់សន្តិសុខប្រាក់ចំណូល បាត់បង់សិទ្ធិទទួលបានអត្ថប្រយោជន៍ផ្សេងៗ តាមរយៈប័ណ្ណសមាជិក ប.ស.ស និងអាចរុញច្រានពួកគេធ្លាក់ទៅក្រោមបន្ទាន់នៃភាពក្រីក្រ និង វិសមភាពសង្គម។
- កម្មករនិយោជិតមួយចំនួនធំទទួលបានព័ត៌មាន ការបណ្តុះបណ្តាល និងចំណេះដឹងស្តីពី ប.ស.ស និងគោលនយោបាយកិច្ចគាំពារសង្គមតាមរយៈសហជីព។ ប៉ុន្តែការរើសអើងសកម្មភាពសហជីព (ឧទាហរណ៍ ការរារាំងសកម្មភាព ឬ បញ្ឈប់មេដឹកនាំសហជីព) បានធ្វើឱ្យលទ្ធភាពទទួលបានអត្ថ ប្រយោជន៍ និងការការពារពី ប.ស.ស ដើរថយក្រោយ ត្បិតការទទួលបានព័ត៌មាន និងចំណេះដឹងស្តីពីរបប សន្តិសុខសង្គម ប.ស.ស ក្នុងចំណោមកម្មករ និយោជិតនៅមានកម្រិត។
- ស្ថានភាពកម្មករដែលធ្វើការក្នុងប្រព័ន្ធទៅជាកម្មករក្រៅប្រព័ន្ធ ដោយសារពួកគាត់ត្រូវបានគេជួលឱ្យធ្វើការ បើកប្រាក់ឈ្មួលប្រចាំថ្ងៃ គ្មានសន្តិសុខការងារ គ្មានសន្តិសុខប្រាក់ចំណូល ការងារមានហានិភ័យខ្ពស់ ត្បិតកន្លែងធ្វើការគ្មានការត្រួតពិនិត្យប្រព័ន្ធសុខភាព និងសុវត្ថិភាពសម្រាប់កម្មករនិយោជិក ជាពិសេស គឺមិនបានចុះបញ្ជី និងបង់វិភាគទាន ជាមួយបេឡាជាតិសន្តិសុខសង្គម ប.ស.ស ។
- ប្រាក់ឈ្នួលអប្បបរមាដែលមានស្រាប់ក្នុងវិស័យកាត់ដេរ និងស្បែកជើងមិនអនុវត្តចំពោះវិស័យផ្សេង ទៀត ទេ។ កម្មករដែលធ្វើការនៅក្នុងចម្ការភាគច្រើនជាកម្មករដែលធ្វើការតាមរដូវ និងស្ថិតនៅក្រោមកុងត្រាបន្ត ដែលមិនមានប្រព័ន្ធការពារសុខភាព និងសុវត្ថិភាពត្រឹមត្រូវ។ នៅឆ្នាំ ២០២១ បេឡាជាតិរបបសន្តិសុខ សង្គម (ប.ស.ស.) បានពង្រីកប្រព័ន្ធគាំពារសង្គមដល់គ្រប់ប្រភេទកម្មករ រួមទាំងកម្មករនៅក្នុងវិស័យ កសិកម្មផងដែរ។ ទោះបីជាយ៉ាងណា ក៏ដោយមានសកម្មភាពតិចតួចបំផុតដែលបានអនុវត្ត ដើម្បី ដោះស្រាយវិសាលភាពនៃការគ្របដណ្តប់នេះ ឬដើម្បីជូនដំណឹងដល់កម្មករក្នុងវិស័យកសិកម្ម អំពីនីតិ វិធីនៃការចុះឈ្មោះ ដើម្បីទទួលបានអត្ថប្រយោជន៍បេឡាជាតិរបបសន្តិសុខសង្គមរបស់ពួកគេ។ កម្មករក្នុង វិស័យកសិកម្មភាគច្រើនបានរាយការណ៍ថា បានបង់ប្រាក់ចន្លោះពី ៥ដុល្លារ ទៅ ៧,៥ដុល្លារក្នុងមួយខែ តាមរយៈអ្នកដឹកនាំក្រុម ឬ អ្នកគ្រប់គ្រង សម្រាប់ការធានារ៉ាប់រងរបស់បេឡាជាតិរបប សន្តិសុខសង្គម ប៉ុន្តែពួកគាត់មិនដឹងថាសម្រាប់គម្រោងមួយណា ហើយក៏មិនត្រូវបានគេជូនដំណឹងអំពីការរួមចំណែក របស់និយោជកផងដែរ។
ដំណោះស្រាយ៖
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ សហការគ្នា ពង្រឹងការចែករំលែកព័ត៌មាន និងការចុះធ្វើអធិការកិច្ចការងារ តាមរោងចក្រនានា ជាពិសេសចម្ការធំៗ ដើម្បីកាត់បន្ថយរោងចក្រដែលស៊ីឈ្នួលដេរ និងម៉ៅការបន្ត និងដើម្បីជំរុញការបង់វិភាគទានជូនកម្មករនិយោជិតទៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធានាការគោរពសិទ្ធិការងារ ជាពិសេសធានាការការពារ ចំពោះ កម្មករ និយោជិតស្ត្រីដែលមានផ្ទៃពោះពីការរើសអើង និងការបញ្ឈប់ពីការងារក្នុងកំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល។
- មន្ត្រីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះអធិការកិច្ចចំពោះរោងចក្រ និងចម្ការស៊ីឈ្នួលបន្ត ហើយត្រូវដាក់ទោសយ៉ាងតឹងរឹងចំពោះរោងចក្រ និងម្ចាស់ចម្ការស៊ីឈ្នួលបន្តទាំងឡាយណាដែលមិនមានចុះបញ្ជីបេឡាជាតិរបបសន្តិសុខសង្គម ពង្រឹងយន្តការផាកពិន័យទៅលើម្ចាស់រោងចក្រ និងអ្នកម៉ៅការបន្តទាំងនោះ។
- ស្នើបេឡាជាតិរបបសន្តិសុខសង្គម ពង្រីកវិសាលភាពបន្ថែម លើការចាក់វ៉ាក់សាំងការពារមហារីកមាត់ ស្បូន និងពិនិត្យសុខភាពសម្រាប់ស្ត្រីជាប្រចាំ ជាពិសេស ដាក់បញ្ចូលជំងឺដែលត្រូវលាងឈាមសម្រាប់ សមាជិក ប.ស.ស ដោយមិនកំណត់ចំនួន។
- ស្នើបេឡាជាតិរបបសន្តិសុខសង្គមពន្លឿនក្នុងការបញ្ជាក់ និងដាក់បញ្ចូលនូវជម្ងឺវិជ្ជាជីវៈ ក្នុងប័ណ្ណសមាជិក ប.ស.ស។
- ស្នើគាំពារកម្មករ បើទោះបី កម្មករមានជម្ងឺក្រោយពេលឈប់ពីការងារ ឬការងារដែលមិនជាប់លាប់ តែរង ផលប៉ះពាល់ ដោយសារស្ថានភាពការងារត្រូវទទួលបានការព្យាបាលដោយឥតបង់ថ្លៃ ។
តម្រូវការទី ៩៖ ត្រូវធានាថា កម្មករនៅក្នុងវិស័យសំណង់ និងឡឥដ្ឋមានសម្ភារៈសុខភាព និងសុវត្ថិភាពត្រឹមត្រូវតាមច្បាប់ មិនធ្វើការក្នុងលក្ខខណ្ឌបញ្ចាំខ្លួនដោះបំណុល និងសហគ្រាស គ្រឹះស្ថានបានចុះបញ្ជីជាសមាជិក ប.ស.ស។
បញ្ហាដែលកើតមានឡើង៖
- កម្មករជាស្រ្តី និងកុមារក្នុងវិស័យសំណង់ និងឡឥដ្ឋ បន្តទទួលរងការរើសអើង និងកេងប្រវ័ញ្ចធ្ងន់ធ្ងរពីលក្ខខណ្ឌការងារ និងបរិយាកាសនៅកន្លែងធ្វើការងារ ដូចជាការទទួលបានប្រាក់កម្រៃទាប ធ្វើការដើម្បីដោះបំណុល ធ្វើការលើសកម្លាំងពលកម្ម កង្វះការការពារសុវត្ថិភាពពីគ្រោះថ្នាក់ការងារ និងការបៀតបៀនផ្លូវភេទ។
- មិនមានការពង្រឹងប្រព័ន្ធចុះត្រួតពិនិត្យតាមដានលក្ខខណ្ឌការងារ សុខភាព និងសុវត្ថិភាពរបស់កម្មករក្នុងវិស័យសំណង់ និងឡឥដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពឡើយ។
- ក្រុមអ្នកម៉ៅការបន្តគេចវេសពីការទទួលខុសត្រូវពេលកម្មករមានគ្រោះថ្នាក់ការងារ និងនៅកន្លែងធ្វើការ នាំឱ្យកម្មករមួយចំនួនត្រូវប្រើប្រាស់ថវិកាផ្ទាល់ខ្លួនក្នុងការព្យាបាលជម្ងឺនៅពេលមានគ្រោះថ្នាក់ការងារ និងទិញសម្ភារៈការពារសុវត្ថិភាពដោយខ្លួនឯង។
ដំណោះស្រាយ៖
- ពង្រឹងការអនុវត្តច្បាប់ស្តីពីការជួញដូរមនុស្ស និងកេងប្រវ័ញ្ចផ្លូវភេទ និងច្បាប់ការងារដោយដាក់ទោសទណ្ឌ ទៅលើបុគ្គលដែលរកឃើញថា ប្រព្រឹត្ត ឬ ផ្សំគំនិតក្នុងការប្រើប្រាស់ទាសភាពបំណុលនៅក្នុងឧស្សាហកម្ម ឬ សិប្បកម្មឡឥដ្ឋនៅក្នុងប្រទេសកម្ពុជា។
- ហាមឃាត់ដាច់ខាតនូវរាល់ទម្រង់ទាំងអស់នៃការងាររបស់កុមារអាយុក្រោម ១៨ឆ្នាំ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងសង្វាក់ផលិតកម្មឡឥដ្ឋ ដោយមិនមានការលើកលែងដែលស្រដៀងគ្នាទៅនឹងការហាមឃាត់គ្រប់ទម្រង់ទាំងអស់នៃពលកម្មកុមារក្នុងវិស័យដោះគ្រាប់មីន រ៉ែ និងការងារយកថ្មនៅក្នុងប្រកាសលេខ ១៦០ ស្តីពីការហាមឃាត់ កុមារធ្វើការងារនៅកន្លែងប្រកបដោយគ្រោះថ្នាក់។
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បង្កើនការ ចុះអធិការកិច្ចឱ្យបានញឹកញាប់នៅតាមបណ្តាការដ្ឋានសំណង់ និងសិប្បកម្មឡឥដ្ឋ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដោយមិនមានការជូនដំណឹងទៅម្ចាស់សិប្បកម្មជាមុន។
- បង្កើតអោយមានប្រាក់ឈ្នួលអប្បបរមាសមរម្យ និងពន្លឿនការអនុវត្តចុះបញ្ជី ប.ស.ស របស់សហគ្រាសគ្រឹះស្ថាន ឱ្យបានឆាប់ និងមានប្រសិទ្ធភាពក្នុងវិស័យសំណង់ និងឡឥដ្ឋ ដោយធ្វើការហាមឃាត់ការផ្តល់កម្រៃជាប្រព័ន្ធទៅតាមចំនួនឥដ្ឋ ឫពលកម្មតាមថ្ងៃ និងធានាថាកម្មករដែលធ្វើការក្នុងវិស័យនេះទាំងអស់ទទួលបានកិច្ចសន្យាការងារ ដោយទទួលបានការការពារក្រោមច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជាដូចកម្មករនៅក្នុងវិស័យផ្សេងៗទៀត។
- រាជរដ្ឋាភិបាលចេញប្រកាសស្តីពី សុខភាព និងសុវត្ថិភាពសម្រាប់កម្មករក្នុងវិស័យសំណង់ និងឡឥដ្ឋ ដោយដាក់ពិន័យចំពោះការដុតកាកសំណល់ពីឧស្សាហ៍កម្មកាត់ដេរនៅក្នុងការផលិតឥដ្ឋ ដែលធ្វើអោយប៉ះពាល់ដល់ បរិស្ថាន និងសុខភាពរបស់កម្មករ និងសហគមន៍ជុំវិញ។
- រាជរដ្ឋាភិបាលចេញប្រកាសស្តីពីការគ្រប់គ្រង និងអធិការកិច្ចលើក្រុមហ៊ុនម៉ៅការបន្ត។
- រាជរដ្ឋាភិបាល ត្រូវពន្លឿន បម្រាមការនាំចូល សារធាតុអាបេស្តូស ឲ្យបានឆាប់ ដោយមិនពន្យាពេល ។
តម្រូវការទី១០៖ ជម្រុញការអនុវត្តកសិកម្មក្សេត្របរិស្ថាន/អេកូឡូស៊ី និងសុវត្ថិភាពដីធ្លី ដោយបញ្ឈប់ ការបណ្តេញចេញគ្រប់រូបទាំងអស់ និងផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីបន្ថែមដល់សហគមន៍ក្រីក្រក្នុងទីក្រុង និងជនបទ។
បញ្ហាដែលកើតមានឡើង៖
- វិស័យកសិកម្មរបស់ប្រទេសកម្ពុជាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីការធ្វើកសិកម្មបែបប្រពៃណីដែលពឹងផ្អែកលើកម្លាំងពលកម្មសត្វ និងកិច្ចសហប្រតិបត្តិការ ទៅជាប្រព័ន្ធពាណិជ្ជកម្ម យន្តូបនីយកម្ម និងផ្តោតលើទីផ្សារ។ យន្តូបនីយកម្ម ធាតុចូលទំនើប និងការធ្វើចំណាកស្រុក កម្លាំងពលកម្មបានផ្លាស់ប្តូររចនា សម្ព័ន្ធសង្គមជនបទ តួនាទីយេនឌ័រ និងទំនាក់ទំនងសហគមន៍ ដោយទិន្នន័យជាតិបង្ហាញពីការធ្លាក់ចុះ ១៣% នៃគ្រួសារកសិកម្មក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ កសិករស្ត្រីជាប់គាំងនៅចន្លោះរបាំងរចនាសម្ព័ន្ធ សម្ពាធអេកូឡូស៊ី អសន្តិសុខសេដ្ឋកិច្ច និងការរើសអើងក្នុងសង្គម។ ភាពធន់របស់ពួកគេ គឺជាក់ ស្តែងនៅក្នុងយុទ្ធសាស្ត្រ ដូចជាការធ្វើពិពិធកម្ម ទៅជាសត្វពាហនៈ បន្លែ និងប្រភពចំណូលជំនួស ប៉ុន្តែការរឹតបន្តឹងជាប្រព័ន្ធកំណត់សមត្ថភាព របស់ពួកគេក្នុងការទទួលបានអត្ថប្រយោជន៍ពេញលេញពីកសិកម្មក្សេត្របរិស្ថាន ឬ អេកូឡូស៊ី។ តាមទស្សនៈយេនឌ័រ ស្ត្រីកសិករ និងស្ត្រីជនជាតិដើមភាគតិចមានសារៈ សំខាន់ណាស់ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងការធានា ការទទួលស្គាល់សិទ្ធិរបស់ពួកគេចំពោះការផលិត និងគ្រប់គ្រងស្បៀងអាហារនៅក្នុងប្រទេសដែលកំពុង អភិវឌ្ឍន៍ដូចជាកម្ពុជា។ ខណៈពេលដែលប្រព័ន្ធកសិកម្ម និងអាហារផ្តល់ឱកាសការងារ ដោយអាស្រ័យ លើខ្លួនឯងយ៉ាងច្រើនសម្រាប់ស្ត្រីកសិករ និងស្ត្រីជនជាតិដើមភាគតិច ពួកគេជារឿយៗ ខ្វះលទ្ធភាពទទួល បានការងារ និងជីវភាពសមរម្យ។ បញ្ហាប្រឈមធំៗរួមមានការចូលប្រើប្រាស់ដីមានកម្រិត ការគ្រប់គ្រងលើ ធនធានធម្មជាតិមានកម្រិត និងការចូលរួមផ្នែកនយោបាយ និងការតំណាងនៅក្នុងដំណើរការធ្វើការ សម្រេចចិត្តនៅមិនទាន់គ្រប់គ្រាន់។
- កសិករខ្នាតតូច ជាពិសេសស្ត្រីនៅជនបទដែលជាក្រុមអ្នកផលិតស្បៀងអាហារពិតប្រាកដកំពុងប្រឈមលើបញ្ហាប៉ះពាល់សុខភាពនៅពេលដែលពួកគេប្រើប្រាស់ថ្នាំពុល ឬសារធាតុគីមីពុលនៅក្នុងដំណើរផលិតស្បៀងអាហារ ជាពិសេសចម្ការធំៗ។
- កសិករខ្នាតតូច ជាពិសេសស្រ្តីនៅជនបទប្រឈមមុខលើបញ្ហាថែទាំសុខភាពសាធារណៈ និងក្នុងមុខរបរ របស់ពួកគេ ដោយត្រូវចំណាយថវិកាច្រើនសម្រាប់ថែទាំ និងព្យាបាលសុខភាព។
- គោលនយោបាយ និងប្រព័ន្ធកិច្ចគាំពារសង្គមមិនទាន់បានដាក់បញ្ចូល និងគិតគូរបានគ្រប់ជ្រុងជ្រោយ សម្រាប់កសិករខ្នាតតូច និងប្រជាជនជនបទ ជាពិសេសស្ត្រីនៅជនបទពីការទទួលបានអត្ថប្រយោជន៍អំពីកម្មវិធីកិច្ចគាំពារសង្គមជាសកលនៅឡើយទេ។
- ពេលរដូវប្រមូលផល ត្រូវបានឈ្មួញកំណត់តម្លៃទីផ្សារថោក ធ្វើឱ្យកសិករគ្មានជម្រើស ដោយសារត្រូវបង់ សងបំណុលដែលពួកគាត់បានខ្ចីមកប្រើប្រាស់ក្នុងដំណើរការផលិត។
- យោងតាមទិន្នន័យរបស់អង្គការលីកាដូរឆ្នាំ២០២៥ ដីទំហំជាង ២ លានហិចតា ត្រូវបានផ្តល់ឱ្យក្រុមហ៊ុន វិនិយោគក្រោមគម្រោងដីសម្បទានសេដ្ឋកិច្ចប្រមាណ ៣៤៤ គម្រោង នៅទូទាំងប្រទេស។ សម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា គឺជាប្រភពដ៏សំខាន់នៃជម្លោះដីធ្លី ដែលនាំឱ្យមានការផ្លាស់ទីលំនៅយ៉ាងច្រើន ការរិចរិលបរិស្ថាន និងការរំខានដល់សង្គម។ ទោះបីជាមានការផ្អាកពីរដ្ឋាភិបាលលើសម្បទានដីសេដ្ឋកិច្ចថ្មីក្នុងឆ្នាំ២០១២ ក៏ដោយ ការវិវឌ្ឍន៍ថ្មីៗបង្ហាញពីការងើបឡើងវិញនៃសម្បទានបែបនេះ ដោយធ្វើឱ្យមានសម្ពាធកាន់តែខ្លាំងរវាងសហគមន៍មូលដ្ឋាន អាជ្ញាធរ និងសហគ្រាសឯកជន។ យោងតាមរបាយការណ៍ស្ទង់មតិ មួយរបស់អង្គការសមាគមធាងត្នោត សហគមន៍ក្រីក្រនៅទីក្រុងចំនួន១១ ដែលមានពលរដ្ឋសរុបចំនួន ៨៨៤គ្រួសារ ឬ ៣ ៧៩៨នាក់ បានលើឡើងថា ពួកគាត់ប្រឈមនឹងការគំរាមកំហែងបណ្តេញចេញ ដោយសារដីរបស់ពួកគាត់ត្រូវបានកំណត់ថា ជាដីរដ្ឋ ឬដីសាធារណៈ។
ដំណោះស្រាយ៖
- ស្នើរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពង្រឹង និងលើកកម្ពស់កសិក្សេត្រ បរិស្ថាន/កសិអេកូឡូស៊ី រួមទាំងពង្រឹងដែលការណ៍នេះ នឹងផ្តល់នូវការពង្រឹងនូវភាពជាម្ចាស់ និងការណ៍ ដែលអាចអនុវត្តទៅបានរបស់កសិករខ្នាតតូច ជាពិសេសកសិករស្ត្រី ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ សុវត្ថិភាពនិងសន្តិសុខស្បៀងអាហារ និងកាត់បន្ថយការធ្វើចំណាកស្រុកនៅមូលដ្ឋាន និងទូទាំងប្រទេស។
- ជម្រុញការគាំទ្រដល់កសិករស្ត្រីជាមួយនឹងការចូលប្រើប្រាស់ដីធ្លី ដើមទុន ការបណ្តុះបណ្តាល និងការទទួលស្គាល់ភាពជាអ្នកដឹកនាំរបស់ពួកគេ គឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងភាពធន់របស់គ្រួសារ អធិបតេយ្យភាពស្បៀងសហគមន៍ និងប្រព័ន្ធកសិកម្មប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។
- ស្នើរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាប្រឈមធំៗរួមមាន កសិករខ្នាតតូច ជាពិសេសកសិករស្ត្រី និងស្ត្រី ជនជាតិដើមភាគតិចចូលប្រើប្រាស់ដីកសិកម្ម គ្រប់គ្រងលើធនធានធម្មជាតិ និងចូលរួមផ្នែកនយោបាយ និងតំណាងនៅក្នុងដំណើរការធ្វើការសម្រេចចិត្តលើគោលនយោបាយកសិកម្ម។
- ស្តារឡើងវិញ និងសាងសង់ប្រព័ន្ធធារាសាស្ត្រខ្នាតតូច និងមធ្យមសមស្របដែលមិនប៉ះពាល់ដល់បរិស្ថានធម្មជាតិ។ កត្តានេះចាំបាច់ និងបន្ទាន់ដើម្បីដោះស្រាយកង្វះខាតទឹកនៅក្នុងសហគមន៍មូលដ្ឋាន ដើម្បីឱ្យកសិករអាចដាំដុះ ផលិតអាហារ និងអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។
- ទោះបីជាប្រទេសកម្ពុជាបានបើកទ្វារសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈយន្តការសេរីភាវូបនីយកម្មក៏ដោយ ក៏គួរតែត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងមានតម្លាភាព ដើម្បីការពារការនាំចូលផលិតផលអាហារដែលមានគុណភាពអន់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព និងផលិតផលអាហារដែលមិនមានជីវជាតិស្រាប់នៅក្នុងស្រុក។
- ពង្រឹងសមត្ថភាព និងផ្តល់បរិយាកាសអំណោយផលសម្រាប់កសិករក្នុងការផលិត និងទទួលបានអាហារដែលមានគុណភាពខ្ពស់ និងមានជីវជាតិ ដោយចូលរួមក្នុងការគាំទ្រដល់ការពង្រឹងផលិតផលកសិកម្មក្នុងស្រុក និងទីផ្សារ ដើម្បីបំពេញតម្រូវការរបស់សហគមន៍មូលដ្ឋានជាមុន។
- ស្នើឱ្យពង្រឹង និងពង្រីកគុណភាពគោលនយោបាយ និងប្រព័ន្ធកិច្ចគាំពារសង្គមមិនទាន់បានដាក់បញ្ចូល និងគិតគូរបានគ្រប់ជ្រុងជ្រោយ សម្រាប់កសិករខ្នាតតូច និងប្រជាជនជនបទ ជាពិសេសកសិករស្ត្រី និងជនជាតិដើមភាគតិច ពីការទទួលបានអត្ថប្រយោជន៍អំពីកម្មវិធីកិច្ចគាំពារសង្គមជាសកល ជាពិពេសសេវាសុខភាពសាធារណៈ និងការអប់រំ។
- កាត់បន្ថយការគាំទ្រដល់សាជីវកម្មកសិ-ឧស្សាហកម្មធំៗ ដែលបង្កើតវប្បធម៌នៃកសិ-ឧស្សាហកម្ម ហើយមិនអាចបម្រើវិស័យអាហារ និងអាហារូបត្ថម្ភគ្រប់គ្រានសម្រាប់ប្រជាជន ជាពិសេសកុមារ និងមនុស្សចាស់ ក៏ដូចជាបំផ្លាញបរិស្ថានធម្មជាតិ ធនធានទឹក និងកាត់បន្ថយគម្របព្រៃឈើធម្មជាតិនាពេលបច្ចុប្បន្ន។ ជំនួសវិញដោយការពង្រីកការផ្សព្វផ្សាយការអភិរក្សគ្រាប់ពូជប្រពៃណី និងការលើកកម្ពស់ការចែករំលែកគ្រាប់ពូជប្រពៃណី និងចំណេះដឹងរវាងសហគមន៍។
- ស្នើឱ្យរកដំណោះស្រាយដោយយុត្តិធម៌សម្រាប់ជនរងគ្រោះដីធ្លី ជាជាងគំរាមកំហែង ឬធ្វើទុក្ខបុកម្និញគ្រប់រូបភាព និងទម្លាក់បទចោទ និងពាក្យបណ្តឹងគ្រប់រូបភាព និងអភិវឌ្ឍន៍នៅនឹងកន្លែង។
តម្រូវការទី១១៖ ត្រូវរៀបចំផ្តល់ទីកន្លែងសម្រាប់អ្នកលក់ដូរតូចតាចតាមចិញ្ចើមផ្លូវ និងធានាថាកន្លែងទាំងនោះមានតម្លៃសមរម្យសម្រាប់អ្នកលក់រួមមាន តាមផ្សារ ឆ្នេរ និងតំបន់ទេសចរណ៍ ហើយព្រមទាំងធ្វើឱ្យមានភាពប្រសើរឡើងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៃសហគមន៍ ដោយផ្តល់អគ្គិសនីសម្រាប់បំភ្លឺផ្លូវដើម្បីការពារស្រ្តី និងក្មេងស្រីពីការបៀតបៀន ផ្សេង ៗ។
បញ្ហាដែលកើតមានឡើង៖
- អាជីវករលក់ដូរត្រូវបង់ថ្លៃមុខផ្ទះលក់ដូរមួយ ហើយនៅត្រូវបង់ភាស៊ីឱ្យសន្តិសុខច្រើននាក់ដែលមកយកថ្លៃភាស៊ីបន្តបន្ទាប់ និងមានករណីការដកហូតនូវទំនិញដែលត្រូវប្រកបរបរចិញ្ចឹមជីវិតដូចជា បន្លែ និងផ្លែឈើរបស់ពួកគាត់បន្ថែម ពីលើភាស៊ីទៀតផង។
- សន្តិសុខផ្សារបានរឹបអូស ប្រើប្រាស់ហិង្សា ដោយគ្រវែង ដកហូតបន្លែផ្លែឈើអាជីករទៅទុករយៈពេលយូរ បណ្ដាលឱ្យទំនិញរលួយ និងខូចខាតថវិកាក្នុងការប្រកបមុខរបរប្រចាំថ្ងៃ និងប៉ះពាល់ដល់ជីវភាពរបស់ ពួកគាត់។
- ការបណ្តេញអាជីវករពីទីតាំងលក់ដូរប្រចាំថ្ងៃ ដោយមិនមានផែនការក្នុងការផ្តល់ទីតាំងឱ្យគាត់លក់បណ្តោះអាសន្ន បណ្តាលឱ្យបាត់បង់មុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងប៉ះពាល់ដល់ជីវភាព និងការសិក្សាកូនៗនៅក្នុងបន្ទុក។
- តាមដងផ្លូវ និងកន្លែងលក់ដូរ អគ្គីសនីបំភ្លឺមិនគ្រប់គ្រាន់
ដំណោះស្រាយ៖
- ពន្លឿនការចុះបញ្ជីអាជីវករខ្នាតតូចក្នុងការទទួលបានការគាំពារសង្គមពីរដ្ឋ។
- រៀបចំកន្លែងលក់ដូរសម្រាប់អាជីវករតូចតាច មានតម្លៃសមរម្យដែលអាចឱ្យពួកគាត់ប្រកបរបចិញ្ចឹមជីវិត និងគាំទ្រដល់សមាជិកគ្រួសារ ជាពិសេសកូនៗរបស់ពួកគាត់។
- ចាត់វិធានការយ៉ាងតឹងរឹងចំពោះសន្តិសុខផ្សារ និងអាជ្ញាធរដែលប្រើប្រាស់អំពើហិង្សាលើអាជីវករលក់ដូរតាមផ្សារ និងតាមដងផ្លូវ។
- កំណត់ទីតាំងឱ្យអាជីវករដែលលក់ដូរតាមតំបន់ទេសចរណ៍ក្នុងតម្លៃសមរម្យ ដែលអាចឱ្យពួកគាត់មានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និងបញ្ជូនកូនៗបានរៀនសូត្រ។
- បញ្ឈប់ការដកហូតបន្លែ ផ្លែឈើ ដោយទុកនៅប៉ុស្តិ៍ ឬទីស្នាក់ការដែលទង្វើនេះបានធ្វើឱ្យអ្នកលក់ដូរតូចតាចបាត់បង់ទុនបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត។
តម្រូវការទី១២៖ ពង្រឹងគុណភាពនៃការបង្រៀនក្នុងម៉ោងរដ្ឋ បង្កើនចំនួនអាហារូបករណ៍ សម្រាប់ជំនាញសិក្សាថ្នាក់ឧត្តមសិក្សា និងកន្លែងស្នាក់នៅដោយឥតគិតថ្លៃជាពិសេសសិស្សស្រ្តីមកពីជនបទ។
បញ្ហាដែលកើតមានឡើង៖
- សាលារដ្ឋគ្រូបង្កើតម៉ោងបង្រៀនគួរ ដោយមិនផ្តោតលើគុណភាពនៃការអប់រំក្នុងម៉ោងសិក្សា ជាហេតុផលនាំឱ្យការអប់រំមិនមានគុណភាពសិស្សដែលមានជីវភាពក្រីក្រ មិនមានលទ្ធភាពបង់ប្រាក់រៀនគួរ ហើយបាត់បង់ឱកាសក្នុងការបន្តការសិក្សា។
- សិស្សនៅតាមបណ្តាខេត្តមួយចំនួន ជាពិសេសស្ត្រីសម្រេចចិត្តមិនបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដោយសារតែមិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការជួលកន្លែងស្នាក់នៅ។
- ខ្វះមធ្យោបាយធ្វើដំណើរសម្រាប់សិស្សនៅជនបទដាច់ស្រយាលទទួលបានការសិក្សាបន្តធ្វើឱ្យក្មេងស្រីទម្លាក់ចោលការសិក្សាព្រោះកត្តាសុវត្ថិភាព និងជីវភាព។
ដំណោះស្រាយ៖
- ក្រសួងអប់រំត្រូវពង្រឹងគុណភាពលើការអប់រំ ហើយចុះត្រួតពិនិត្យជាក់លាក់លើការបង្រៀនរបស់គ្រូ កាត់បន្ថយការបង្រៀនគួរ ហើយងាកមកពង្រឹងគុណភាព ឬ បន្ថែមម៉ោងនៃការបង្រៀននៅម៉ោងរដ្ឋ។
- បង្កើនវប្បធម៌អានសៀវភៅ ដោយមានបណ្ណាល័យនៅគ្រប់សាលា ជាពិសេសនៅតាមខេត្ត។
- បង្កើនទីតាំងសិក្សាក្រៅប្រព័ន្ធឱ្យបានកាន់តែទូលំទូលាយ និងនៅជិតកម្មករ កម្មការិនីរោងចក្រ និងសម្របសម្រួលម៉ោង សិក្សាដែលអំណោយផលដល់កម្មការិនីដែលមានបំណងចង់បន្តការសិក្សាបណ្តើរ និងធ្វើការបណ្តើរ។
- បង្កើនកន្លែងស្នាក់នៅឥតគិតថ្លៃ និងបង្កើនចំនួនអាហាររូបករណ៍នៅថ្នាក់ឧត្តមសិក្សា ជាពិសេសក្មេងស្រីនិងផ្តល់ការគាំពារ និងឧបត្ថម្ភដល់សិស្សក្រីក្រ ជាសម្ភារៈសិក្សា អាហាររូបត្ថម្ភ ទាំងទីក្រុង និងជនបទ។
- រាជរដ្ឋាភិបាល និងក្រសួងទទួលបន្ទុក គួរតែបង្កើនកញ្ចប់ថវិកាជាតិក្នុងការបន្ថែមនូវចំនួនអាហារូបករណ៍ តាមជំនាញ ដែលមាននៅក្នុងទីផ្សារការងារឱ្យបានច្រើន រួមទាំងឧបត្ថម្ភទុន ដើម្បីប្រកបអាជីវកម្មបាន។
- រដ្ឋាភិបាលនិងក្រសួងទទួលបន្ទុកគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីឱកាសអាហារូបករណ៍លើមុខជំនាញសិក្សា ថ្នាក់ឧត្តមសិក្សា និងឱកាសអាហារូបករណ៍ លើការស្នាក់នៅប្រកបដោយតម្លាភាព។
- ដាក់ចេញនូវយន្តការបណ្តឹង ក្នុងករណីមានអំពើពុករលួយលើការផ្តល់អាហាររូបករណ៍ ដែលមិនបានដល់ គ្រួសារក្រីក្រ។
តម្រូវការទី១៣៖ ផ្តល់សេវាគាំទ្រដល់ស្រ្តី ជាពិសេសស្រ្តីក្រីក្រ និងមានពិការភាពក្នុងទីក្រុង និងជនបទ ឱ្យទទួលសេវាគាំពារផ្នែកសុខភាពផ្លូវចិត្ត និងផ្លូវច្បាប់។
បញ្ហាដែលកើតមានឡើង៖
- មានការព្រងើយកន្តើយ និងមិនបានបង្កើតយន្តការក្នុងការគាំទ្រដល់ស្ត្រី ជាពិសេសកុមាររីដែលជាជនមានពិការភាពផ្នែកសតិ និងការរីកចម្រើនយឺតលើសតិបញ្ញា។
- ជនរងគ្រោះ និងគ្រួសារដែលជាស្ត្រីនិងក្មេងស្រីក្រីក្រនៅជនបទ គ្មានលទ្ធភាពរកសេវាផ្លូវច្បាប់ រួមទាំងខ្វះព័ត៌មាន និងចំណេះដឹង ព្រោះការផ្សព្វផ្សាយនៅមានកម្រិត។
- គ្មានលទ្ធភាពក្នុងការស្វែងរកសេវាពិគ្រោះផ្លូវចិត្ត និងចំណេះដឹងលើបញ្ហាសុខភាពផ្លូវចិត្តនៅមានកម្រិត នាំឱ្យករណីខ្លះមិនមានការគាំទ្រ មិនទទួលស្គាល់។
- ផ្នត់គំនិតសង្គមក្នុងសហគមន៍នៅមានភាពរើសអើងលើជនរងគ្រោះ ដោយសារតែមិនមានការអប់រំតាមមូលដ្ឋាន ការបន្ទោសលើជនរងគ្រោះនៅពេលមានករណីរំលោភបំពាន។
- អាជ្ញាធរនៅមានឥរិយាបថរើសអើងនៅពេលដែលពួកគាត់ទទួលរងអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
- ករណីមួយចំនួនជនប្រព្រឹត្ត មិនត្រូវបានផ្តន្ទាទោសទៅតាមច្បាប់ នៅតែធ្វើការដោះស្រាយក្រៅប្រព័ន្ធតុលាការ។
- អាជ្ញាធរមិនមានធនធានគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតកំណត់មុខសញ្ញាជនប្រព្រឹត្ត។
- មានការកើនឡើងនូវការបៀតបៀន ការប្រមាថ ការប្រើពាក្យសម្អប់ និន្នាការភេទ ពណ៌សម្បុរ ជាតិសាសន៍ កាត់តរូបភាពអាសអាភាស តាមបណ្តាញសង្គម កើនឡើងគួរឱ្យកត់សម្គាល់។
ដំណោះស្រាយ៖
- អាជ្ញាធរត្រូវធានាឱ្យមានការដោះស្រាយនូវបញ្ហាកើតឡើងដោយមានទាំងជំនាញ មិនមានឥរិយាបថរើសអើង មិនមានកាយវិការ និងភាសាបន្ទោសចំពោះជនរងគ្រោះ ដោះស្រាយបញ្ហាដោយសុចរិតភាព។
- មិនធ្វើការពន្យាពេលលើបណ្តឹងរបស់ជនរងគ្រោះ មិនព្យាយាមដោះស្រាយក្រៅប្រព័ន្ធតុលាការ នៅពេល មានបណ្តឹង ករណីរំលោភផ្លូវភេទ។
- រដ្ឋាភិបាលត្រូវផ្តល់វគ្គបណ្តុះបណ្តាលដល់អាជ្ញាធរនៅមូលដ្ឋានអំពីការបញ្ឈប់វប្បធម៌ស្តីបន្ទោសជនរងគ្រោះ នៅពេលដែលមានករណីរំលោភបំពាន។
- អាជ្ញាធរនៅថ្នាក់មូលដ្ឋានត្រូវមានធនធានមនុស្ស សម្ភារៈ ឧបករណ៍គ្រប់គ្រាន់ ដើម្បីធ្វើអោយប្រាកដថាពួកគាត់មិនត្រូវបានផាត់ចេញដោយសារភាពមានពិការភាពរបស់ពួកគាត់។
- រាជរដ្ឋាភិបាល ត្រូវបង្កើនការអប់រំនិងផ្សព្វផ្សាយ ដល់សាធារណៈជន អំពីការប្រើប្រាស់ភាសា កាត់តរូបភាពដែលធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់បុគ្គល។
- ពង្រីកវិសាលភាពការគាំទ្រសេវាពិគ្រោះផ្លូវចិត្ត និងផ្លូវច្បាប់ដល់ជនរងគ្រោះក្រីក្រឱ្យបានទូលំទូលាយ និងគ្របដណ្តប់ទូទាំងប្រទេស។
- ជនមានពិការភាព ជាពិសេសស្រ្តីទទួលបានសេវាគាំពារសង្គម ការឆ្លើយតបដោយមិនមានការរើសអើង។
- តាមដានពីដំណោះស្រាយនៃពាក្យបណ្តឹងដែលរាយការណ៍ដោយស្ត្រីក្រីក្រនៅក្នុងទីក្រុង និងជនបទ អំពីអំពើហិង្សា និងការបៀតបៀនមកលើស្ត្រី និងក្មេងស្រី និងធានានូវការការពារ សម្រាប់ស្ត្រីដែលងាយរងគ្រោះដោយអំពើហិង្សាផ្អែកលើយេនឌ័រ។
- ធ្វើឱ្យប្រសើរឡើងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៃសហគមន៍ក្នុងទីក្រុង និងជនបទ ពិសេសការផ្តល់អគិ្គសនី សម្រាប់បំភ្លឺផ្លូវ ដើម្បីការពារស្ត្រី និងក្មេងស្រី ពីការបៀតបៀនផ្សេងៗ។
តម្រូវការទី១៤៖ ធ្វើវិសោធនកម្មច្បាប់ និងប្រកាសបេឡាជាតិរបបសន្តិសុខសង្គម ដោយត្រូវធ្វើការកែសម្រួលលក្ខខណ្ឌតម្រូវឱ្យនិយោជកនៃសហគ្រាសនោះបានបង់ប្រាក់ភាគទាន ៩ដង ទើបកម្មករជាស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភ ៧០ភាគរយ នៃប្រាក់ជាប់ភាគទាន និងថ្ងៃឈប់សម្រាក។ ស្នើសុំដាក់បញ្ចូលក្នុងករណីមានផ្ទៃពោះមិនជោគជ័យ (កូនមិននៅក្រោម ៧ខែ) ក៏មានសិទ្ធិទទួលបានថ្ងៃឈប់សម្រាក និងប្រាក់ឧបត្ថម្ភ ៧០ភាគរយ នៃប្រាក់ជាប់ភាគទាន។ ស្នើឱ្យមានការកែសម្រួលប្រការ ៤ នៃសេចក្តីប្រកាសលេខ ២៣៥ ចុះថ្ងៃទី៥ ខែ១១ ឆ្នាំ២០២៤។
បញ្ហាដែលកើតមានឡើង៖
- ស្ថានភាពកូវីត១៩ បានធ្វើឱ្យជីវភាពរបស់អ្នកងាយរងគ្រោះ ត្រូវបានធ្លាក់ក្នុងស្ថានភាពរងគ្រោះជាងមុនបញ្ហាថ្មីកើតឡើងជាបន្ទុកធ្ងន់ដល់ពួកគេ។ តាមរយៈការបាត់បង់ចំណូល ការកើនឡើងបំណុល (អាក្រក់) ការបាត់បង់ការងារ ការប្រែក្លាយពីកម្មករដែលស្ថិតនៅក្នុងប្រព័ន្ធ រួមមានកម្មករក្នុងវិស័យសេវាកម្សាន្ត សំណង់ ឡឥដ្ឋជាដើម ដែលទទួល បានការចុះបញ្ជីពីបេឡាជាតិរបបសន្តិសុខសង្គមទៅជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធលែងទទួលការការពារ និងគាំពារសង្គមពីកម្មវិធីបេឡាជាតិរបបសន្តិសុខសង្គម ដោយសារតែកង្វះខាតនៃការធ្វើអធិការកិច្ចការងារនៅក្នុងគ្រឹះស្ថាន និងកន្លែងការងារទាំងនោះ។ យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរួមមួយ[1] ដែលធ្វើឡើងនៅក្នុងឆ្នាំ ២០២៣ «សម្ពាធក្រោមថ្នេរសាច់ក្រណាត់» បាន រកឃើញថា មានកម្មករចំនួន៩១% ជំពាក់បំណុលគេ ហើយ ៧០% កើនឡើងនៃបំណុល ចាប់តាំងពីមានរាតត្បាតកូវីត១៩។ ស្ថិតក្នុងស្ថានភាពនេះផងដែរ និយោជកមួយចំនួនបានបិទសហគ្រាស ដោយមិនមានការទូទាត់សំណងដល់កម្មករ និងខ្លះទៀតបានរំសាយកម្មករនិងថ្នាក់ដឹកនាំសហជីពដោយយកហេតុផលនៃវិបត្តិកូវីដ១៩ បើទោះបីជាមានកិច្ចអន្តរាគមន៍ពីរាជរដ្ឋាភិបាលតាមរយៈការដាក់ចេញនូវគោលនយោបាយក្តី ក៏នៅមានចំនួនតិចតួចដែលត្រូវគ្របដណ្តប់ និងកម្មករទទួលបានជំនួយឧបត្ថម្ភពី កម្មវិធីរបស់រាជរដ្ឋាភិបាល ពីប្រព័ន្ធជំនួយសង្គមនេះ។
- លុះត្រាសាម៉ីខ្លួនដែលជាកម្មករមានការដឹងជាក់ច្បាស់ភ្លាមនៅពេលខ្លួនមិនមានរដូវ ហើយធ្វើតេស្តទឹកនោមភ្លាមៗឃើញថា មានកូនត្រូវប្រញាប់រត់ទៅប្រាប់រដ្ឋបាលរបស់ក្រុមហ៊ុនដើម្បីចាប់ផ្តើមជូនដំណឹងទៅបេឡាជាតិរបបសន្តិសុខសង្គមក្នុងការបង់ភាគទានបន្ថែមភ្លាមៗ។
- ស្ថានភាពជាក់ស្តែងកម្មករអាចធ្វើការតេស្តទឹកនោមយឺតពេល ២ខែ ឬ ទៅ ៣ខែ ក្រោយពេលបាត់រដូវ ដូច្នេះភាពយឺតយ៉ាវមិនបានទទួលបានការគាំពារពីបេឡាជាតិរបបសន្តិសុខសង្គម លុះត្រាបានបង់ភាគ ទាន ០៩ដង ជាប់លាប់សិន (យោងលក្ខខណ្ឌរបស់ ប.ស.ស)។
- បើទោះជាច្បាប់ស្តីពីបេឡាជាតិរបបសន្តិសុខសង្គមប្តូរពីបង់ភាគទានពី ៩ខែ ជាប់លាប់ មកបង់ជា ០៩ដង ក៏មិនមានការឆ្លើយតបដែរ ព្រោះការបង់ភាគទានទៅបេឡាជាតិ គឺរដ្ឋបាលរបស់ក្រុមហ៊ុនមិនមែនបង់ប្រចាំថ្ងៃ ឬអាទិត្យទេ។
- ការរើសអើងដោយប្រយោលចំពោះស្ត្រីមានផ្ទៃពោះពីនិយោជក ក្នុងអំឡុងពេលអនុវត្តកិច្ចសន្យាការងារ បានធ្វើឱ្យនិយោជកគេចវេសការទទួលខុសត្រូវក្នុងការបង់ភាគទាន ០៩ខែ ជាប់លាប់ឱ្យបេឡាជាតិរបបសន្តិសុខសង្គម។
- ការប្រើប្រាស់កិច្ចសន្យាខ្លីដែលជាឬសគល់នៃចំណោទបញ្ហា ដែលបណ្តាលឱ្យស្ត្រីងាយរងនូវការរើសអើង ដោយប្រយោលនៅកន្លែងការងារនៅពេលដែលមានផ្ទៃពោះការបញ្ចប់កិច្ចសន្យាដែលធ្វើឱ្យស្ត្រីត្រូវមាន ជម្រើសយកកូន ឬ បន្តធ្វើការងារ ។
ដំណោះស្រាយ៖
- លុបចេញនូវលក្ខខណ្ឌដែលតម្រូវឱ្យមានការបង់ភាគទានរហូតដល់ទៅ ០៩ដង នៃរបបថែទាំសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ទើបទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧០ភាគរយ នៃប្រាក់ជាប់ភាគទាន ព្រោះលក្ខខណ្ឌនេះ មិនមែនជាលក្ខខណ្ឌការពារកម្មករពិតប្រាកដ ឬ អ្នកងាយរងគ្រោះនោះទេ។
- ផ្តល់ការការពារបិតុភាព (ការឈប់សម្រាកសម្រាកឪពុក) ដូចលក្ខខណ្ឌម្តាយដែរ ទើបនិយោជកជួលស្ត្រី និងបុរស មានកាតព្វកិច្ចដូចគ្នា ដែលកាត់បន្ថយការរើសអើង និងកាត់បន្ថយហានិភ័យចំពោះកម្មករស្ត្រី លើសពីនេះស្ត្រី និងបុរស នៅតែបន្តការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងសង្គមជាតិ។
- របបថែទាំសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះគួរទទួលបានការគាំពារជាពិសេស ហើយមានប្រសិទ្ធភាពភ្លាមៗគឺទទួលបាន ៧០ភាគរយ នៃប្រាក់ជាប់ភាគទាន នៅពេលដែលចាប់ផ្តើមចូលបំពេញការងារ ដោយមិនត្រូវរង់ចាំរហូតដល់បានបង់ ភាគទាន ០៩ដង នោះឡើយ។ ហើយលក្ខខណ្ឌនេះក៏ត្រូវដាក់បញ្ចូលផង ដែរចំពោះបុរសដែលមានប្រពន្ធ ចុះសំបុត្រអាពាហ៍ពិពាហ៍។
- ដាក់ទោសទណ្ឌទាំងពិន័យជាសាច់ប្រាក់ រួមទាំងទោសព្រហ្មទណ្ឌដោយមិនមានការលើកលែង ចំពោះ ការរើសអើងទាំងឡាយណាដោយប្រយោល ឬ ផ្ទាល់ ពីសំណាក់និយោជកមកលើស្ត្រីមានផ្ទៃពោះមកចំពោះកម្មករនិយោជិត។
- ទោះក្នុងករណីមានការអនុញ្ញាតអោយព្យួរការងារក៏ដោយ មិនគួរឱ្យនិយោជករួចផុតកាតព្វកិច្ចដែលបង់ប្រាក់ភាគទានទៅ ប.ស.ស នោះឡើយ ដូច្នេះដើម្បីធានាលើការការពារស្ត្រីពេលមានផ្ទៃពោះ ដោយមិនមានការរើសអើង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត ដើម្បីឱ្យកម្មករ និយោជិតទទួលបានសេវាថែទាំសុខភាព និងប្រាក់ឧបត្ថម្ភ ៧០ភាគរយ ដែលជាប្រាក់ជាប់ភាគទានពី ប.ស.ស រួមទាំងកម្មវិធីរបស់បេឡាជាតិសន្តិសុខសង្គម ។
តម្រូវការទី១៥៖ ពង្រីកទីផ្សារការងារក្នុងស្រុក បង្កើនជំនាញថ្មី រួមទាំងពន្លឿនការអនុវត្តគោលនយោបាយ ផ្តល់ប្រាក់ឧបត្ថម្ភ អំឡុងពេលបាត់បង់ប្រាក់ចំណូល ឬ អត់ការងារធ្វើ ជាពិសេសសម្រាប់ស្ត្រី យុវជន និងកម្មករចំណាកស្រុក។
បញ្ហាប្រឈមដែលកើតមាន៖
- វិស័យឯកជនមិនមានទំនួលខុសត្រូវតាំងតែពីពេលមានវិបត្តិកូវីដ១៩ និយោជកបានយកឱកាសរំសាយ និងបញ្ឈប់ការងាររួម បើទោះបីសហគ្រាស គ្រឹះស្ថានទាំងនោះមិនក្ស័យធនក៏ដោយ មិនតែប៉ុណ្ណោះក្រុមហ៊ុនខ្វះកម្លាំងកម្មករ ហើយថែមទាំងត្រូវការកម្លាំងកម្មករធ្វើការងារបន្តមកទៀត។
- ស្ថានភាពនេះកម្មករដែលធ្វើការទទួលបានការគាំពារក្នុងប្រព័ន្ធបានធ្លាក់ក្នុងស្ថានភាពក្រៅប្រព័ន្ធ ដោយមិនទទួល បានចុះបញ្ជីក្នុងបេឡាជាតិ និងការងារមានគ្រោះថ្នាក់មិនមានប្រាក់ចំណូលទៀងទាត់។
- ប្រជាពលរដ្ឋអត់ការងារធ្វើច្រើនត្រូវបានវិស័យឯកជនឆក់ឱកាស ហើយកម្មករទទួលបានប្រាក់ឈ្នួលទាប ដោយសារទីផ្សារការងារចង្អៀត។
- បំណុល រួមទាំងការប្រាក់មានការកើនឡើង។
- ការផ្តល់នូវជំនាញ តែប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលចូលវគ្គបណ្តុះបណ្តាលបង្កើននូវជំនាញ គឺយុវកម្មករត្រូវការប្រាក់សម្រាប់ជួយគាំទ្រដល់ជីវភាពចាំបាច់ប្រចាំថ្ងៃដែលជាកត្តាឧបសគ្គមួយធ្វើឱ្យយុវកម្មករមួយចំនួនបោះបង់ការអភិវឌ្ឍជំនាញ។
- នៅក្នុងវិបត្តិជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កម្មករជាច្រើនត្រូវបានត្រឡប់មកស្រុកកំណើតវិញ ក្រសួងបានខិតខំដោះស្រាយផ្តល់ឪកាសការងារជូនពលករទាំងនោះ តែក៏នៅតែមិនទាន់ធ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ ពួកគាត់ប្រឈមនឹងការបាត់បង់ប្រាក់ចំណូល ជាប់បំណុល និងតម្រូវការបន្ទាន់ការជួយជ្រោមជ្រែងពីរដ្ឋាភិបាល។
- មានការកាត់បន្ថយកម្លាំងពលកម្ម ដោយប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិជំនួសកម្លាំងពលកម្ម ដែលជាហេតុកម្មករដែលមានវ័យកណ្តាល ត្រូវបានជម្រុះ ហើយពិបាករកការងារថ្មី។
- ការកំណត់ផែនការខ្ពស់ ដោយសារកាត់បន្ថយកម្លាំងពលកម្មជាពិសេសស្ត្រី កម្មករត្រូវធ្វើការប្រណាំងជាមួយម៉ាស៊ីនមិនមានសម្រាក និងប្រើប្រាស់បន្ទប់ទឹកញឹកញ៉ាប់ត្រូវបានចោទប្រកាន់ថា លួចខ្ជិល។
- ការកើនឡើងនៃការរំលោភបំពានសិទ្ធិ ប្រាក់ឈ្នួលថយចុះ និងលក្ខខណ្ឌការងារកាន់តែអាក្រក់។
ដំណោះស្រាយ៖
- បង្កើនការទាញវិស័យឯកជនឱ្យមានទំនួលខុសត្រូវក្នុងសង្គម រដ្ឋាភិបាលត្រូវពិនិត្យមើលស្ថានភាពរបស់ក្រុមហ៊ុនទាំងនោះ មិនអនុញ្ញាតឱ្យក្រុមហ៊ុន ឬ វិស័យឯកជនបកស្រាយ ឬ ឆក់ឱកាសលើស្ថានភាពអ្នករងគ្រោះដែលកំពុងរងគ្រោះខ្លាំងក្នុងស្ថានភាពវិបត្តិការរីករាលដាលនៃមេរោគផ្សេងៗ និងវិបត្តិសេដ្ឋកិច្ចនោះទេ
- ស្នើរដ្ឋាភិបាលពន្លឿនការអនុវត្តន៍កម្មវិធីរបបនិកម្មភាពការងារដោយការគាំទ្រជាសាច់ប្រាក់ក្នុងអំឡុងពេលដែលកម្មករបាត់បង់ការងារជាបណ្តោះអាសន្ន ដែលរដ្ឋាភិបាលបានខកខានមិនបានអនុវត្តតាមច្បាប់ បេឡាជាតិរបបសន្តិសុខសង្គម ដើម្បីធានាដល់ការរស់នៅរបស់ពលរដ្ឋប្រកបដោយជីវិតថ្លៃថ្នូរក្នុងនាមជាមនុស្ស។
- ក្នុងអំឡុងពេលយុវកម្មករចូលរួមវគ្គបណ្តុះបណ្តាលសមត្ថភាពលើជំនាញ រាជរដ្ឋាភិបាលគួរបង្កើននូវសាច់ប្រាក់ឧបត្ថម្ភដើម្បីឱ្យពួកគេចូលរួមវគ្គបណ្តុះបណ្តាលជំនាញដោយពេញលេញ និងយកចិត្តទុកដាក់។
- ដើម្បីឆ្លើយតបទីផ្សារការងារថ្មី ផ្តល់ជំនាញបន្ថែមក្នុងអំឡុងពេលទទួលបានកម្មវិធី «ការឧបត្ថម្ភសាច់ប្រាក់អត់ការងារធ្វើ» ទឹកប្រាក់នេះ គឺជាទឹកប្រាក់ដែលអាចឱ្យកម្មករចាត់ចែង និងដោះស្រាយជីវភាពប្រចាំថ្ងៃបាន។
- ដំណោះស្រាយនេះរដ្ឋត្រូវធានាដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដោយមិនអនុញ្ញាតឱ្យវិស័យឯកជនរួមមាន សហគ្រាស គ្រឹះស្ថាន បញ្ឈប់ ឬរំសាយកម្មករ ដោយសេរីក្នុងរូបភាពឆក់ឱកាសក្នុងស្ថានភាពណាមួយបានឡើយ។
- ស្នើរដ្ឋាភិបាលឧបត្ថម្ភជាសាច់ប្រាក់ ជំនួយសង្គមដល់គ្រួសារពលករចំណាកស្រុក រួមទាំង ជួយរកការងារសមស្រប និងផ្តល់ទុនសម្រាប់បង្កើតមុខរបបជូនពលករចំណាកស្រុកដែលត្រឡប់មកវិញ។
- គាំទ្រកម្មករដែលរងផលប៉ះពាល់ដោយសារបម្រែបម្រួលការងារ ក្នុងអន្តរកាលយុត្តិធម៌ ដើម្បីធានាថា កម្មករមិនត្រូវបានបោះបង់ចោល ឬបាត់បង់ការងារ បាត់បង់ចំណូល ព្រោះការប្រើប្រាស់បច្ចេកវិទ្យា ម៉ាស៊ីនស្វ័យប្រវត្តិនោះឡើយ។
តម្រូវការទី១៦៖ បន្ថែមការផ្សព្វផ្សាយក្នុងការចុះបញ្ជីថ្នាលឌីជីថលសម្រាប់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការពន្លឿននិតិវិធីក្នុងការចុះបញ្ជីក្នុងបេឡាជាតិរបបសន្តិសុខសង្គម សម្រាប់កម្មករទាំងនេះនិងសុំស្នើឱ្យមានការលើកលែងចំណុចទី៣ នៃសេចក្តីជូនដំណឹងលេខ ០០៥/២៥ ប.ស.ស ចុះថ្ងៃទី១៥ខែមករា ឆ្នាំ២០២៥ ជូនដល់អាជីវករលក់ដូរតាម ដងផ្លូវ តាមរទេះចល័ត និងកម្មករអ្នករើសអេតចាយដែល ខ្វះលទ្ធភាពប្រើប្រាស់ ទូរស័ព្ទទំនើបដើម្បីផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី (ប ស ស) និងសូមរដ្ឋាភិបាល ពិចារណាក្នុងចុះតម្លៃបង់បេឡាជាតិសន្តិសុខសង្គមសម្រាប់កញ្ចប់គ្រួសាជូនដល់អ្នក ដែលមានកូនចាប់ពីពីរនាក់ឡើងទៅក្នុងបន្ទុកគ្រួសារ។
បញ្ហាដែលកើតមានឡើង៖
- ការកំណត់និយមន័យដែលមាននៅក្នុងប្រកាសដែលចេញដោយអន្តរក្រសួង មិនមានភាពស៊ីសង្វាក់គ្នាជាមួយច្បាប់ស្តី ពីបេឡាជាតិរបបសន្តិសុខសង្គមដែលចេញកាលពីឆ្នាំថ្ងៃទី២ វិច្ឆិកា ២០១៩។
- ប្រកាសអន្តរក្រសួង ៤០៤ បានចែងថា «កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្មករដែលធ្វើការតិចជាង ៨ម៉ោង ក្នុងមួយសប្តាហ៍»។ និយមន័យនេះ មិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋខ្មែរ ដែលធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្បិតពលរដ្ឋខ្មែរភាគច្រើនធ្វើការងារច្រើនជាង ៨ម៉ោង ក្នុងមួយសប្តាហ៍។ ប្រកាសនេះ បានរារាំងឱ្យពលរដ្ឋធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរ៉ាប់ម៉ឺននាក់ ជាពិសេសស្ត្រីលក់ដូរតាមដងផ្លូវ អ្នករត់កង់បី និងបុគ្គលិកផ្នែកកម្សាន្ត មិនអាចទទួលបានអត្ថប្រយោជន៍ និងការគាំពារពីគោលនយោបាយ កិច្ចគាំពារសង្គមមានដូចជា កម្មវិធីផ្ទេរសាច់ប្រាក់សម្រាប់ម្តាយ និងទារកប័ណ្ណសមាជិក ប.ស.ស និង កម្មវិធីសន្តិសុខប្រាក់ចំណូលពេលបាត់បង់ការងារ និងគ្មានការងារធ្វើកំឡុងពេលកូវីដ-១៩ ជាដើម។
- កម្មករផ្នែកដឹកជញ្ជូនភ្ញៀវ (PassApp, Grab) និងដឹកជញ្ជូនអាហារតាមផ្ទះ (Food Panda…) មានការចំណាយទុនច្រើនក្នុងការភ្ជាប់សេវាកម្មនេះរួមមាន ការទិញទូរស័ព្ទខ្លួនឯង និងទិញកង់បីបង់រំលោះ ធ្វើការច្រើនម៉ោង ដើម្បីទទួលបានប្រាក់កម្រៃជើងសារពីក្រុមហ៊ុន។
- ក្រុមហ៊ុនផ្នែកដឹកជញ្ជូនភ្ញៀវ (PassApp, Grab..) និងដឹកជញ្ជូនអាហារតាមផ្ទះ (Food Panda…) ដែលភ្ជាប់ជាមួយកម្មវិធី (App) មានបុគ្គលិករាប់ពាន់នាក់ទូទាំងប្រទេស ប៉ុន្តែក្រុមហ៊ុនមិនទាន់បានចុះបញ្ជី និងបង់វិភាគទាន ប.ស.ស ជូនដល់បុគ្គលិកខ្លួនឡើយ។
ដំណោះស្រាយ៖
- សូមទុកពេល១ឆ្នាំក្នុងការចុះផ្សព្វផ្សាយអំពីការចុះថ្នាលឌីជីថល។ ក្នុងរយៈពេលនៃការផ្សព្វ ផ្សាយនេះគួរតែអនុគ្រោះចំពោះអាជីវករ និងអ្នករើសអេតចាយ ក្នុងការទទួលប័ណ្ណចុះបញ្ជីថ្នាល ឌីជីថល ក្នុងការមិនពេញលក្ខខណ្ឌក្នុងការទទួលបានការចុះ បញ្ជីទៅក្នុង បេឡាសន្ដិសុខ សង្គម (ប.ស.ស)។
- ចុះសិក្សាស្រាវជ្រាវឡើងវិញ អំពីលទ្ធភាពនៃគ្រួសារកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានកូនច្រើនក្នុងបន្ទុកគ្រួសារ ដើម្បីពិនិត្យលទ្ធភាពទទួលបានក្នុងការចុះបញ្ជី «ប.ស.ស» ជាកញ្ចប់ គ្រួសារ។
- បង្កើតការរិយាល័យចុះឈ្មោះ ថ្នាលឌីជីថល និង «ប.ស.ស» នៅទីប្រជុំជន តាមបណ្ដាខេត្តដែលមានកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលប្រកបអាជីវកម្ម និងនៅទីនោះ។
- ផ្ដល់កូតាតំណាងកម្មករ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្រុមប្រឹក្សាភិបាល សន្ដិសុខសង្គម ឬ ឱកាសដាក់ធាតុចូល និងទទួលយកនូវសំណើររបស់តំណាងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងការបង្កើត ឬ តាក់តែងគោលនយោបាយដែលទាក់ទងទៅនឹងស្ថានភាពរបស់ពួកគេ។
- រាជរដ្ឋាភិបាលត្រូវជម្រុញឱ្យក្រុមហ៊ុន (App) ធ្វើការចុះបញ្ជីបេឡាជាតិសន្តិសុខសង្គម សម្រាប់កម្មកររបស់ខ្លួន ដើម្បីទទួលបានកម្មវិធី គ្រោះថ្នាក់ការងារ ថែទាំសុខភាព និងសោធននិវត្តិន៍។
- ស្នើឱ្យនិរាករណ៍ប្រកាសអន្តរក្រសួងលេខ៤០៤ ដែលចែងថា «កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាកម្មករដែលធ្វើការតិចជាង ៨ម៉ោង ក្នុងមួយសប្តាហ៍»។
សមាគម សហព័ន្ធសហជីព បណ្តាញយុវជន អង្គការសង្គមស៊ីវិល និងសហគមន៍គាំទ្រសេចក្តីថ្លែងការណ៍នេះរួមមាន៖
- សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
- សហព័ន្ធសហជីពកម្ពុជា (CATU)
- អង្គការសមាគមធាងត្នោត (STT)
- អង្គការសមធម៌កម្ពុជា (EC)
- សមាគមបណ្តាញយុវជនកម្ពុជា (CYN)
- អង្គការក្លាហាន (Klahaan)
- មជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
- អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)
- សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៃកម្ពុជា (ADHOC)
- គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- សមាគមស្រី្តជនបទដើម្បីក្សេត្យបរិស្ថាន (RWAA)
- អង្គការអ៊ុកហ្វាម (OXFAM)
- អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- អង្គការអាក់សិនអេតកម្ពុជា (AAC)
- សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU)
- សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
- សហព័ន្ធសហជីពសំណង់ និងព្រៃឈើ (BWTUC)
- សហព័ន្ធសហជីពឯករាជ្យ(INTUFE)
- សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
- សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC)
- សហព័ន្ធសហជីពកម្ពុជាឯករាជ្យ (CITUFED)
- សហព័ន្ធសហជីពឥទ្ធិពលការងារ (FULY)
ទាញយកសេចក្តីថ្លែងការណ៍អំពីតម្រូវការចាំបាច់_និងបន្ទាន់របស់ស្រ្តី២០២៦
